គ្រួសារសពកំពុងកើតទុក្ខ បែរជាជនសង្ស័យ ២ នាក់ មកលួចទ្រព្យសម្បត្តិក្នុងរោងបុណ្យ ត្រូវឃាត់ខ្លួន

នគរបាល​ស្រុក​បាណន់ ឃាត់ខ្លួន​ជនសង្ស័យ ០២ នាក់ ខណៈ​ធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ​អ្នកដទៃ ក្នុង​ពិធី​បុណ្យ​សព​មួយ នៅ​មូលដ្ឋាន​ភូមិ​បុះខ្នុរ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង។  កាលពី​ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ ស្រប​តាម​យោបល់​បញ្ជា​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍​ទោ សាត គឹមសាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​លោក​ឧត្ដមសេនីយ៍​ត្រី លឹម ពុទ្ធីឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ទោ សំ វីរៈ អធិការ​នគរបាល​ស្រុក​បាណន់ បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ក្នុង​បទល្មើស​ជាក់ស្ដែង ខណៈ​ពួកគេ​ធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ​អ្នកដទៃ​ក្នុង​ពិធី​បុណ្យ​សព​មួយ នៅ​មូលដ្ឋាន​ភូមិ​បុះខ្នុរ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ ជនសង្ស័យ​ទាំង ០២ នាក់ ដែល​នគរបាល​ឃាត់ខ្លួន​ក្នុង​បទល្មើស​ខាងលើ​​រួមមាន ៖  ១-ឈ្មោះ ឆាយ ឈួ ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​រាមគន់ ឃុំ​គារ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។​ ២-ឈ្មោះ ផល សុភ័ក្រ ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅ​ភូមិ​រាម​គន់ ឃុំ​គារ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។   ចំពោះ​វត្ថុតាង​ដកហូត​បាន​រួមមាន ៖ ទូរស័ព្ទ​ដៃ​ចំនួន ០៣ គ្រឿង ,នាឡិកាដៃ​ខូច ០១ ខ្សែ ,ចិញ្ចៀន​ប្លាទីន ០២ វង់ ,ក្រវិល​ប្លាទីន ០១ គូ និង​ម៉ូតូ​ម៉ាក HONDA CLICK ក្រហម ០១ គ្រឿង។   សូម​ជម្រាប​ថា កាលពី​វេលា​ម៉ោង ០៣ និង ៣០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ២០២៣ ជនសង្ស័យ​ខាង​លើ បាន​ធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ចំនួន ០៣ នាក់ ខណៈ​ជនរងគ្រោះ​កំពុង​កើត​ទុក្ខ នៅ​ពិធី​បុណ្យ​សព​មួយ ក្នុង​ភូមិ​បុះខ្នុរ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ ជនរងគ្រោះ​ទាំង ៣ នាក់ រួមមាន ៖ ១-ឈ្មោះ ហួន ជឿម ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ​បុះខ្នុរ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ បាន​បាត់​ទូរស័ព្ទ ០១ គ្រឿង ម៉ាក VIVO Y02S ពណ៌​ត្នោត (ម្ចាស់ផ្ទះ​កើត​ហេតុ​)។ ២-ឈ្មោះ ហួន វណ្ណា ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ​បុះ​ខ្នុរ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ បាន​បាត់​ទូរស័ព្ទ ០១ គ្រឿង ម៉ាក VIVO V20 ពណ៌ទឹកប៊ិច។  ៣-ឈ្មោះ មឿន សាវ៉ៃ ភេទ​ស្រី អាយុ ៣៩ ឆ្នាំ រស់នៅ​ភូមិ​បេង​វៀន ឃុំ​តា​យ៉ែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប បាន​បាត់​ទូរស័ព្ទ ០១ គ្រឿង ម៉ាក HUAWEI ពណ៌​ត្នោត និង​កូន​កាបូប​ស្ពាយ ពណ៌​ឈាម​ជ្រូក ចំនួន ០១ ដោយ​ក្នុង​កាបូប​មាន​ប្រាក់​រៀល​ចំនួន ១៥ ម៉ឺន​រៀល ,ប្រាក់​ដុល្លារ ២៧ ដុល្លារ ,នាឡិកាដៃ ០១ ខ្សែ (​ខូច​) ,ចិញ្ចៀន​ប្លាទីន ០២ វង់ ,ក្រវិល​ប្លាទីន ០១ គូ ,អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ០១ សន្លឹក។ ក្នុង​នោះ​ដែរ ភ្លាមៗ ជនរងគ្រោះ បាន​ផ្ដល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ហើយ​ផ្ដើម​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែម្ដង។បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០២ នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ និង​កំពុង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូន​មក​ផែន​ជំនាញ​អនុវត្ត​តាម​នីតិវិធី​ច្បាប់។ ចំណែក​ទ្រព្យសម្បត្តិ ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង