មានករណីដ៏ភ្ញាក់ផ្អើលមួយដែលមិនធ្លាប់ជួបនៅក្នុងប្រទេសថៃត្រូវបានព្រះធរណីស្រូបចំកណ្ដាលបឹង បណ្ដាលឲ្យរីងស្ងួតត្រឹមរយៈពេលប៉ុន្មានម៉ោង និងត្រីរាប់ម៉ឺនក្បាល គ្មានសល់សូម្បីមួយក្បាល។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ ភូមិសាស្ត្រឃុំហាង៉ាម ស្រុកវៀងឆៃ ខេត្តឈៀងរ៉ាយ ប្រទេសថៃ ដែលបឹងដ៏ធំនេះ គឺជាបឹងរួមសម្រាប់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន ៣ ប្រើប្រាស់ មានទំហំប្រមាណ ៥ រ៉ៃ និងជម្រៅជិត ៥ ម៉ែត្រ ព្រមទាំងមានការដាក់ចិញ្ចឹមត្រីរាប់ម៉ឺនក្បាលផងដែរ។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើបានលើកឡើងថា កាលពី ៣ ថ្ងៃមុន ទឹកបឹង នៅពេញព្រៀប និងមានពណ៌ខៀវថ្លា។ ស្រាប់តែ ២ ថ្ងៃនេះ ទឹកចាប់ផ្ដើមស្រករហូតទាល់តែអស់ពីបាតបឹងតែម្ដង ព្រមទាំងលេចចេញនូវរណ្ដៅមួយយ៉ាងធំ ទំនងជាព្រះធរណីស្រូប ហើយត្រីរាប់ម៉ឺនក្បាលបាត់អស់គ្មានសល់ ធ្វើឲ្យប្រភពជាច្រើនមានការងឿងឆ្ងល់ថា តើត្រីជ្រៀតចូលទៅក្នុងដីដោយរបៀបណា? បានជាគ្មានសល់មួយក្បាលសោះអញ្ចឹង? នៅពេលនោះដែរ អ្នកជឿទៅលើជំនឿ បានអុចធូប ទៀន ដើម្បីបែរបន់សុំខមាទោសពីម្ចាស់ទឹក ម្ចាស់ដី ក្រែងមានការខុសឆ្គងពាក្យសម្ដីអ្វីមួយ សុំឲ្យមានការលើកលែង កុំប្រកាន់។ តែសម្រាប់ប្រភពមួយចំនួនទៀត គេគិតតាមបែបវិទ្យាសាស្ត្រ ថា វាជាការស្រុតដី ឬ ធរណីស្រូបតែប៉ុណ្ណោះ៕ សម្រយលដោយ ទៀង បុណ្ណរី