ស្ត្រីជនជាតិ ម៉ាឡេស៊ី ត្រូវផាកពិន័យ ១១ ដុល្លារ ព្រោះស្លៀកខ្លី
ស្ត្រីម្នាក់នៅទីក្រុង Kota Bharu នៃប្រទេសម៉ាឡេស៊ី ត្រូវបានផាកពិន័យជាប្រាក់ប្រហែល ១១ ដុល្លារ បន្ទាប់ពីមន្ត្រីអនុវត្តច្បាប់ក្នុងតំបន់ឃើញនាងស្លៀកខោខ្លី ។ បើតាមកាសែត The Strait Times បានឲ្យដឹងថា ម្ចាស់ហាងសំលៀកបំពាក់ម្នាក់បានបំពានច្បាប់ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ក្រុមប្រឹក្សាក្រុង Kota Bharu ដែលដាក់កំហិតឲ្យម្ចាស់ហាង និងបុគ្គលិកទាំងអស់ស្លៀកពាក់សមរម្យ ទោះមិនកាន់សាសនាឥស្លាមក៏ដោយ ។ រឿងនេះជំរុញឲ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេស មានកំហឹងយ៉ាងខ្លាំង ដោយពួកគេបារម្ភថា អ្នកមិនមែនជាជន មូស្លីម ក៏អាចរងគ្រោះដោយគោលនយោបាយរបស់រដ្ឋាភិបាលម៉ាឡេស៊ីដែរ ។ ឆ្លើយតបនឹងឧបទ្ទវហេតុខាងលើ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍រដ្ឋាភិបាលក្នុងតំបន់ លោក Nga Kor Ming បានឲ្យអាជ្ញាធរក្រុង Kota Bharu សងប្រាក់ត្រឡប់ទៅនាងវិញ ដោយសារតែម្ចាស់ហាងមិនមែនជាជនមូស្លីមឡើយ ម្យ៉ាងនាងមិនបានចេញទៅណាក្រៅពីបរិវេណហាងរបស់នាងផង ដូច្នេះនាងចង់ស្លៀកអ្វីក៏បាន ។ ប៉ុន្តែទោះជាយ៉ាងណា លោក Sunny See Yeap Seng ដែលត្រូវជាឪពុកចិញ្ចឹមរបស់ស្ត្រីរងគ្រោះរូបនេះ បានបង់ប្រាក់ពិន័យជំនួសនាងរួចទៅហើយ ព្រោះលោកមិនចង់ឲ្យមានជម្លោះវែងឆ្ងាយតទៅទៀត ៕ណ សម្រួលដោយ ទៀង បុណ្ណរី