ត្រឹមខែវិច្ឆិកានេះស្ពានភ្ជាប់ពីកោះពេជ្រមកកោះនរាអាចប្រើប្រាស់បានហើយ

គិតត្រឹមដើមខែកក្កដានេះ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន៨៥%នៃគម្រោងហើយ ដែលបើតាមផែនការ គម្រោងនេះនឹងបញ្ចប់ការសាងសង់ទាំងស្រុងត្រឹមខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការឱ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។  ការសាងសង់ស្ពានតភ្ជាប់ទីក្រុងរណបកោះពេជ្រ រាជធានីភ្នំពេញ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរាក្នុងខណ្ឌច្បារអំពៅ ​បាន​ចាប់​ផ្តើម​​សាង​សង់តាំងតែពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២០ ដោយ​ចំណាយ​ថវិកា​ប្រមាណ​៣៨​លាន​ដុល្លារ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន OCIC ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤,៥០ម៉ែត្រ កម្ពស់ ៧០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើរជើង។  ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ និងផ្លូវជាតិលេខ១ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។ សូមជម្រាបថា បច្ចុប្បន្នកំពុងពេញ​កកស្ទះចរាចរណ៍ខ្លាំងជារៀងរាល់ថ្ងៃនៅលើផ្លូវជាតិលេខ១មកដល់ស្ពានព្រះមុនីវង្ស និងច្រមុះជ្រូកក្បាលថ្នល់ ដោយសារតែការរដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីថ្មី កំពុងសាងសង់ដូចគ្នា និងបើទោះជាសាលារាជធានីភ្នំពេញបានដាក់សាឡាងសម្រាប់ចម្លងអ្នកដំណើរ​ជាប់ការដ្ឋានស្ពានកោះនរាឆ្ពោះទៅកោះពេជ្ររហូតដល់ទៅ៦គ្រឿងយ៉ាងណាក្ដី៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង