ភ្លៀង​ម្សិលមិញទឹក​លិចចូល​​រោងចក្រ​ បណ្ដាលឱ្យឆ្លង​ចរន្ត​អគ្គិ​សនី​​ឆ.ក់​កម្មករកំពុងធ្វើការ​ស្លាប់ម្នាក់​​ របួសធ្ងន់ស្រាល​៣​នាក់​

ភ្នំពេញ៖ ក្រោយភ្លៀង​មួយ​មេ​ធំ​ទឹក​លិច​ហូរ​ចូល​ក្នុង​រោងចក្រ​ដែល​កម្មករកំពុង​តែ​ធ្វើការ បានបណ្តាល​ឱ្យ​ឆ្លង​ចរន្ត​​អគ្គិសនី​​ឆក់​កម្ម​ករ​​​ម្នាក់​ស្លាប់ ​និង​៣​នាក់​ទៀត​រង​របួសធ្ងន់-​ស្រាល។ ហេតុការណ៍នេះ​​កើតឡើងកាលពី​​វេលា​ម៉ោង​៥​:​២០​នាទី​ល្ងាច ថ្ងៃ​ទី​៣ខែកក្កដាឆ្នាំ​២០២៣ ក្នុង​រោងចក្រ ស៊ី​លីង ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ​រាជធានីភ្នំពេញ។​   ជន​រង​គ្រោះ​​ដែល​បាត់បង់ជីវិត​ឈ្មោះ ត្រុ​ង វណ្ណៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំធ្វើការ​ផ្នែក​អូស​ពុម្ព ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​លូ​ប្រាំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ និងមានស្រុក​កំណើត​នៅ​ភូមិ​បឹង​កំពត ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង។​ ​ដោយឡែក​បុរស​៣​នាក់​ទៀត រង​របួសធ្ងន់​ស្រាល​មិន​បានឱ្យ​ស្គាល់​អត្តសញ្ញាណឡើយ​ និងកំពុង​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​   ​ប្រភព​ពីកន្លែងកើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុកម្មកររងគ្រោះ កំពុង​​បំពេញការងារ​ដូច​សព្វដង  ​ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំងបណ្តាល​ឱ្យ​ទឹក​លិច​ហូរ​ចូល​ក្នុង​រោងចក្រ​ត្រឹម​ កជើង​តែ​ពេល​នោះ​ខាង​រោងចក្រ​ដែល​មាន​ថៅកែ​ជាជនជាតិចិន ​មិន​ឱ្យ​ពួក​គាត់​ចេញ​ទៅ​ផ្ទះ​ឬ​ផ្អាក​ការងារ​ទេ គឺ​នៅ​តែ​បន្ត​ធ្វើការដដែល។​ ​ប្រភព​​បន្ត​ទៀត​ថា កម្មករនៅ​តែ​បន្តការងារធម្មតា ប៉ុន្តែស្រាប់តែមាន​បុរស​ជន​រង​គ្រោះ​ចំនួន៤​នាក់ បានផ្តើម​ដួល​សន្លប់​ជា​បន្តបន្ទាប់​ទៅ​ក្នុង​ទឹក​ ទើប​កម្មករ​ផ្សេង​ទៀត​ដឹង​ថាឆក់​ខ្សែភ្លើង​ ក៏បាន​នាំ​គ្នារ​ត់ទៅ​បិទ​ប៉ា​រែ​ត​ភ្លើងរួចហៅ​រថយន្ត​សង្គ្រោះ​នាំមកទៅ​គ្លីនិក​ឯកជន​មួយ​នៅ​ខណ្ឌដង្កោ។ ពេល​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ដែរ តែ​ជា​អកុសល​ជន​រង​គ្រោះ​ម្នាក់​បាន​ដា.ច់ខ្យល់​ស្លា.ប់​បាត់​ទៅ​ហើយ។  ​ដោយឡែក​បុរស​៣​នាក់​ទៀតរង​របួសធ្ងន់​ស្រាល ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ឱ្យដឹង​ខ្លួន​វិញ​តិច​ៗ នៅ​មាន​សង្ឃឹមក៏​ត្រូវ​ថៅកែរោងចក្រ ​ហៅ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ចិន​ដូច​គ្នា​ឱ្យមក​ដឹក​បន្ត​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​តែ​ម្តង។   ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ពិនិត្យ​ដោយមន្ត្រីជំនាញរួច​ហើយ សពជនរងគ្រោះ​​ត្រូវ​បាន​ប្រគល់​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត។ ចំណែក​ទីតាំង​រោងចក្រ​ដែល​បង្ក​គ្រោះថ្នាក់ អាជ្ញា​ធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​មិន​ទាន់​បាន​ចុះ​ទៅ​ពិនិត្យ​នោះ​ទេ ដោយសារ​តែ​ទីតាំង​នោះ​កំពុង​តែ​លេច​ទឹក​នៅឡើយ​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង