ប្រទេសកំពុងផ្ទុះបាតុកម្មធ្ងន់ធ្ងរ តែលោក Macron បែរជារាំធ្វើព្រងើយ
ប្រធានាធិបតីបារាំង Emmanuel Macron កំពុងប្រឈមមុខនឹងកំហឹងជាសាធារណៈ បន្ទាប់ពីរូបលោកត្រូវបានគេថតជាប់ រាំនៅឯការប្រគំតន្ត្រី Elton John ក្នុងទីក្រុងប៉ារីស ចំពេលបាតុកម្មហិង្សា បានរីករាលដាលពាសពេញប្រទេស។ បាតុកម្មគឺបង្កឡើងដោយការបាញ់ប្រហារ ទៅលើយុវជនអាយុ១៧ឆ្នាំម្នាក់ឈ្មោះ Nahel M ដោយសារមិនគោរពច្បាប់ចរាចរណ៍ នៅតំបន់ Nanterre ជាយក្រុងប៉ារីស។ វីដេអូឃ្លីប បានបង្ហាញពីលោក Macron និងភរិយាឈ្មោះ Brigitte កំពុងរាំបទ Saturday Night’s Alright for Fighting របស់ Elton John កាលពីយប់ថ្ងៃពុធទី២៨ខែមិថុនា ដែលត្រូវជាយប់ទីពីរ នៃបាតុកម្មទ្រង់ទ្រាយធំ។ ការចូលរួមរបស់លោកប្រធានាធិបតីក្នុងការប្រគំតន្ត្រី បានកើតឡើង ខណៈលោករៀបចំធ្វើកិច្ចចរចាជាបន្ទាន់ ដើម្បីដោះស្រាយការបះបោរដែលកាន់តែកញ្ជ្រោលខ្លាំង ឈានដល់ការចាប់ខ្លួនមនុស្សរហូតដល់៨៧៥នាក់ និងរបួសប៉ូលិស២០០នាក់ទូទាំងប្រទេស។ ស្របពេលជាមួយគ្នានោះ មន្រ្តីប្រហែល៤ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសបារាំង។ មិនត្រឹមប៉ុណ្ណឹង ការតវ៉ា បានរាលដាលហួសព្រំដែនរបស់បារាំងទៅទៀត ពោលគឺការប៉ះទង្គិចគ្នា និងការឃុំខ្លួនមនុស្ស ក៏បានកើតឡើងផងដែរនៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្សិក៕ សម្រួលដោយ ទៀង បុណ្ណរី