ប្រធានសមាគមបាល់ទាត់ថៃ លាលែងតំណែង ព្រោះក្រុមខ្លួនប្រើហិង្សា កាលពីស៊ីហ្គេម នៅកម្ពុជា

លោក Somyot Poompanmoung ប្រធានសមាគមកីឡាបាល់ទាត់ថៃ បាននិយាយកាលពីថ្ងៃសុក្រទី៣០ខែមិថុនាថា លោកទទួលយកការសម្រេចចិត្តរបស់គណៈកម្មាធិការជាតិអូឡាំពិកថៃ ហើយនឹងលាលែងពីតំណែង។  គណៈកម្មាធិការជាតិអូឡាំពិកថៃ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីផុតអាណត្តិ Prawit Wongsuwan បានសម្រេចកាលពីថ្ងៃសុក្រថា លោក Somyot គួរតែលាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះជម្លោះដែលផ្ទុះឡើងរវាងកីឡាករបាល់ទាត់ថៃ និងឥណ្ឌូណេស៊ី ក្នុងការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី១៦ខែឧសភា នៅប្រទេសកម្ពុជា។  ទន្ទឹមនឹងនោះ លោក Somyot ក៏និយាយដែរថា លោកនឹងបញ្ជូនលិខិតបញ្ជាក់ពីមូលហេតុនៃការលាលែងនេះ ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF), សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និង សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (Fifa)។   គួរបញ្ជាក់ថា កាលពីខែឧសភា សមាគមកីឡាបាល់ទាត់ថៃ ក៏​បាន​ប្រកាសពិន័យបុគ្គលិក គ្រូបង្វឹក មន្ត្រីក្រុម និងកីឡាករជម្រើសជាតិផងដែរ តាមសំណើរបស់គណៈកម្មការ​ស៊ើបអង្កេតក្រមសីលធម៌ ក្នុងករណីមានបញ្ហានោះ។  កាលនោះ គណៈកម្មការបានសម្រេចដាក់ពិន័យលោក Prasukchok Chokmoh គ្រូបង្គោលអ្នកចាំទី, លោក Mayed Madada និងលោក Phatrawut Wongsripuek ដែលជាមន្ត្រីក្រុម ដោយផ្អាកពីការបំពេញភារកិច្ចក្នុងនាមក្រុមជម្រើសជាតិថៃ ម្នាក់ៗរយៈ​ពេល១ឆ្នាំ។  ចំណែកកីឡាករក៏មាន ២នាក់ផងដែររួមមាន អ្នកចាំទី Sophonwit Rakyat និងកីឡាករ Teerapak Pruengna ត្រូវព្យួរកាតព្វកិច្ច (ចូលរួមក្នុងការប្រកួត) ក្នុងនាមក្រុមជម្រើសជាតិថៃ គ្រប់ឈុតសម្រាប់រយៈពេល៦ខែ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង