ឯកឧត្តម លីវ សុផាណារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ចើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើវិស័យឌីជីថល

ភ្នំពេញ ៖នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលជាអធបតីភាពឯកឧត្តម លីវ សុផាណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍, ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជានិងអ្នកសារព័ត៌មានដែលជាសិក្ខាកាមចំនួន៣៤នាក់ មកពី២៦ស្ថាប័ន។
ឯកឧត្តម បណ្ឌិត សេង សុភាព បានថ្លែងថា៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា រីករាយនឹងសហការជាមួយក្លឹបអ្នកកាសែតកម្ពុជា ក្នុងការបណ្តុះបណ្តាលអ្នកសារព័ត៌មានលើវិស័យឌីជីថល ក៏ដូចជាពង្រឹងសមត្ថភាពរបស់អ្នកកាសែតលើអភិបាលកិច្ចឌីជីថល។
ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ជាលើកទី១ហើយដែលធ្វើក្នុងគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាននូវចំណេះដឹងបន្ថែមអំពីការប្រើប្រាស់ កម្មវិធីថត កាត់តវីដេអូតាមទូរស័ព្ទដៃ ការEditរូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( Messenger, Telegram, What’s App ) ជាដើម។
ក្នុងពិធីនេះដែរ លោក ពុយ គា បានមានប្រសាសន៍ថា៖ វគ្គសិក្សានេះ ចង់អោយអ្នកសារព័ត៌មានបានពង្រឹងសមត្ថភាព និងអភិវឌ្ឍខ្លួនអោយទាន់សភាពការណ៍ ហើយវគ្គសិក្សាជំនាញខាងលើនេះគឺជាការចាប់ផ្តើមវគ្គបណ្តុះបណ្តាលថ្មីមួយទៀតក្នុងឆ្នាំ២០២៣ ក្រៅពីវគ្គសិក្សាជាច្រើនត្រូវបានដំណើរការតាំងពីដើមឆ្នាំមក។
ឯកឧត្តម លីវ សុផាណារិទ្ធ រដ្ឋលេខាធិការ បានថ្លែងថា៖ នេះជាការចាប់ផ្តើមថ្មីមួយ ដើម្បីជំរុញការបញ្ជ្រាប នូវការយល់ដឹង ពីការប្រើប្រាស់ និងផលប៉ះពាល់ នៃបច្ចេកវិទ្យាឌីជីថល ជាពិសេសការយល់ដឹង នូវទស្សនាទានសន្តិសុខផ្សាយ ដែលកំពុងមានការគំរាមកំហែង និងហានិភ័យថ្មីៗនៅលើប្រព័ន្ធអ៊ីនធឺណិត ។
ក្នុងកម្មវិធីពិសេសនេះដែរ ដោយមានកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបើកវគ្គបណ្តុះបណ្តាលសារព័ត៌មានស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» រយៈពេល២ថ្ងៃគឺថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញដដែល៕ អត្ថបទ ធី០១

អត្ថបទដែលជាប់ទាក់ទង