អ្នកជំនាញUN ថាទង្វើរបស់អាម៉េរិកនៅពន្ធនាគារ Guantanamo Bay ជាអំពើឃោរឃៅ អមនុស្សធម៌ និងអសីលធម៌ក្រោមច្បាប់អន្តរជាតិ

អ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) បានលើកឡើងកាលពីថ្ងៃចន្ទទី ២៦ ខែមិថុនាថា ទង្វើរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកទៅលើអ្នកទោសនៅក្នុងពន្ធនាគារ Guantanamo Bay គឺជាអំពើឃោរឃៅ អមនុស្សធម៌ និងអសីលធម៌ក្រោមច្បាប់អន្តរជាតិ ហើយបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនធ្វើការសុំទោស និងផ្តល់សំណងដល់អ្នកទោសទាំងនោះ។  លោកស្រី ហ្វីនណូឡា នី អាឡិន (Fionnuala Ni Aolain) បាននិយាយនៅឯអង្គការសហប្រជាជាតិ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងទៅកាន់កន្លែងឃុំឃាំងនៅប្រទេសគុយបាថា៖ «ខ្ញុំបានសង្កេតឃើញថា បន្ទាប់ពីត្រូវបានឃុំឃាំងអស់រយៈពេលពីរទសវត្សរ៍មក អ្នកទោសជួបនឹងភាពឈឺចាប់យ៉ាងជ្រាលជ្រៅ ហើយវាកំពុងបន្ត។ រាល់អ្នកជាប់ឃុំដែលខ្ញុំបានជួប… ទទួលរងការធ្វើទារុណកម្ម និងការឃុំខ្លួនតាមអំពើចិត្ត»។ លោកស្រីបានបន្ថែមថា៖ «រដ្ឋាភិបាលសហរដ្ឋអាម៉េរិកត្រូវតែផ្តល់ដំណោះស្រាយជាបន្ទាន់តាមប្រព័ន្ធតុលាការ ការសុំទោស និងការធានាថានឹងមិនប្រព្រឹត្តទង្វើបែបនេះម្ដងទៀត»។    ពន្ធនាគារនេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០២ ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក George W Bush ដើម្បី​ឃុំខ្លួន​ជន​សកម្ម​ប្រយុទ្ធ​បរទេស ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​នៅថ្ងៃ​ទី ១១ ខែកញ្ញាមក​លើ​សហរដ្ឋ​អាម៉េរិក។ ចំនួនអ្នកជាប់ឃុំនៅទីនោះ បានកើនឡើងដល់ប្រហែល៨០០នាក់ មុនពេលវាចាប់ផ្តើមធ្លាក់ចុះ។ ប្រធានាធិបតី ចូ បៃឌិន បានអះអាងថា លោកចង់បិទពន្ធនាគារនេះ ប៉ុន្តែមិនទាន់បង្ហាញផែនការច្បាស់លាស់នោះទេ ខណៈបច្ចុប្បន្ននៅមានអ្នកទោសប្រហែល៣០នាក់៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង