កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរនៅពេញមួយសប្ដាហ៍នេះ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ជាមួយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបដែលលាតសន្ធឹងលើអាងទន្លេមេគង្គអាចបង្កឱ្យមានភ្លៀងធ្លាក់។ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបដែលលាតសន្ធឹងលើអាងទន្លេមេគង្គ ផ្នែកប្រទេសថៃ និងឡាវ គួបផ្សំ និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យតាមបណ្តាលតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាមានពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣៣-៣៥អង្សាសេ ដែលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមនឹងច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ រីឯតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ អង្សាសេដែលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ចំណែកឯនៅតំបន់មាត់សមុទ្ទមានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេដែលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕ សម្រួលដោយ ទៀង បុណ្ណរី