ពលរដ្ឋ​ជាង ២០០ គ្រួសារ​​ប្តូរ​ពី​អ្នក​កាប់ឈើ​មកធ្វើ​​កសិកម្ម​ បា​នផលឈ្មួញមកទិញ​ដល់កន្លែង

គ្រួសារ​ក្រីក្រ​ជាង ២០០ គ្រួសារ​ដែល​ធ្លាប់​ពឹងអាស្រ័យ​លើ​កាប់ឈើ​និងធ្វើ​កសិកម្ម​​ពនេចរ បាន​ផ្លាស់​មករស់នៅ​ក្នុង​សហគមន៍សុវណ្ណាបៃតង​ដោយ​ប្រកប​របរកសិកម្ម​ចិញ្ចឹមជីវិត។  ជាង ២០ ឆ្នាំ​មកនេះ ពលរដ្ឋ​ក្រីក្រ​រាប់រយគ្រួសារ​ដែល​បាន​មករស់នៅ​ក្នុង​សហគមន៍សុវណ្ណាបៃតង មានទីតាំង​ស្ថិត​នៅ​ភូមិកណ្តោល ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដោយ​ទទួល​បាន​ការបែងចែក​ដីធ្លី និង​ការ​គាំទ្រ​​​ដល់​ជីវភាព​រស់នៅប្រចាំថ្ងៃ។  លោក អាត់ ណុច ប្រធាន​សហគមន៍​សុវណ្ណា​បៃតងបាន​ឲ្យ​ដឹង​ថា សហគមន៍​សុវណ្ណា​បៃតង​ដំណើរការ​ដោយ​មាន​ជំនួយ​ឧបត្ថម្ភ​​ពី​អង្គការ​ជំនួយ​សត្វព្រៃ WildAid។  ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​គោលដៅ​បង្កើត​​សហគមន៍​សុវណ្ណាបៃតង​ ដើម្បីផ្លាស់ប្តូរ​ទម្លាប់​ពលរដ្ឋ​បោះបង់​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​តាមរយៈ​ការ​ធ្វើកសិកម្មពនេរចរ​​ ងាកមកធ្វើ​កសិកម្មអចិន្រ្តៃ​ដើម្បីការពារ​​ការ​បម្រែបម្រួល​អាកាសធាតុ។​  លោក អាត់ ណុច ​បន្ត​ថា បើ​ប្រៀបធៀប​ពី​មុន​មក​ដល់​បច្ចុប្បន្នខុស​គ្នា​ឆ្ងាយ។ ​ពី​មុន​ប្រជាជន​រស់នៅ​ពឹង​ផ្អែក​លើ​ការ​រុករក​ធនធាន​ព្រៃឈើ​រក​មួយ​ថ្ងៃ​ហូប​មួយ​ថ្ងៃ។ ជីវភាពពលរដ្ឋក៏​មិនប្រសើរ ដោយពួកគាត់​​រស់នៅ​តាម​ជ្រលង​ភ្នំ តំបន់​ដាច់​ស្រយាល ខ្វះ​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​រស់នៅ ដូចជា​សាលា​រៀន ផ្លូវ​ថ្នល់ និង​សេវា​សុខភាព។  «ពេលបង្កើត​សហគមន៍​​សុវណ្ណាបៃរង សហគមន៍​​ជ្រើសរើស​ពលរដ្ឋ​​ស្ម័គ្រចិត្ត​មក​រស់នៅ ដោយ​ផ្តល់ដីលំនៅដ្ឋាន និងផ្តល់​ចំណេះដឹង​​​កសិកម្ម។ ​ពីមុនដែលពួកគាត់​ត្រូវចូល​ព្រៃ​កាប់ឈើធ្វើកសិកម្ម ដី​ក៏​គ្មាន​កម្មសិទ្ធិ និងរង​បញ្ហា​ផ្លូ​វច្បាប់ទៀតផង»។  លោកអះអាង​ថា តាមការប៉ាន់ស្មាន​របស់លោក ​មួយ​គ្រួសារ​កាប់​ព្រៃឈើ​មួយ​ឆ្នាំ​ប្រហែល ១ ហិកតា ទៅ ​២ ហិកតា​។ ការ​ធ្វើ​កសិកម្ម​ពនេចរ​នេះ​បាន​បំផ្លាញ​ព្រៃឈើ​ទាំង​ជីវភាព​មិន​ប្រសើរ ព្រៃឈើ​និងសត្វព្រៃ​ក៏​បាត់បង់ តែ​មក​រស់នៅ​ក្នុង​សហគមន៍​​បានផ្លាស់ប្តូរ។  លោកបន្តថា ពួកគាត់​មក​រស់នៅ​ទីនេះ​ទទួល​បាន​ដី​ ១ ហិកតា កន្លះ​ក្នុងមួយគ្រួសារ និង​ទទួល​ការ​បណ្តុះបណ្តាល​បច្ចេកទេសកសិកម្ម​សម្រាប់​ទ្រង់ទ្រង់​ដល់ការរស់នៅ។  ពលរដ្ឋ​នៅ​តំបន់​ក្នុង​ខេត្ត​កោះកុង​ដូចជា​ជីផាត ច្រើន​ជា​អ្នក​ធ្វើ​ចម្ការ​ពនាចរ ឬ​រក​ម្ហូប​ពី​ព្រៃ។ ពេល​យើង​បង្កើត​សហគមន៍ ពួកគាត់​សប្បាយ​ចិត្ត​និង​ចូលរួម​សហការ។  សហគមន៍​សុវណ្ណាបៃតង​ដែលគ្របដណ្តប់​លើ​​ផ្ទៃដី​សរុប​ ៣៣០០ ហិកតា នៅក្នុងសហគមន៍​មាន​​មណ្ឌល​សុខភាព មាន​សាលា​រៀន​ងាយស្រួល​សម្រាប់​ពលរដ្ឋក្នុង​សហគមន៍​បញ្ជូន​កូនចៅ​ទៅ​រៀន។  លោក​ អាត់ ណុច បាន​បន្ត​ថា ការ​រស់នៅក្នុង​​សហគមន៍ ពួកគាត់​ត្រូវ​​ផ្តិត​មេដៃ​ព្រមព្រៀង​ជាមួយ​សហគមន៍​ឈប់​ប​របាញ់​សត្វ ឈប់​ធ្វើ​ចម្ការ​ពនេចរ។ អ្វី​ច្បាប់​ហាមឃាត់​គាត់​ឈប់ គាត់​បង្វិល​ធ្វើ​កសិកម្មអចិន្រ្តៃ។ ក្រៅ​ពី​ធ្វើ​ចម្ការ គាត់​អាច​ប្រកប​របរ​ផ្សេងៗ​ដូចជាំ​សំណង់ នេសាទ ឬ​អ្វី​ដែល​អាច​រក​បាន​ដោយ​ស្រប​ច្បាប់។   ស្រ្តី យី កំណាប់ ក្នុង​វ័យ ៣៥ ឆ្នាំ ខណៈ​កំពុង​ដាំដុះ​ដំណាំ​ម្ទេស ត្រប់ ​ត្រលាច សណ្តែក ​លើ​ផ្ទៃដី​ជាង ១ ហិកតាប្រាប់​ថា មុ​នឆ្នាំ ២០០៣ គាត់​តែងតែ​ចូលកាប់ព្រៃធ្វើចម្ការ​ និង​រកអនុផលព្រៃឈើដើម្បី​ចិញ្ចឹមជីវិត។ ពេល​មករស់នៅក្នុង​​សហគមន៍​ គាត់​​ទទួល​បាន​ដី សហគមន៍​បាន​ជួយសង់ផ្ទះ មានសេវា​សុខាភិបាល និង​សាលា​រៀននៅជិត​ផ្ទះ។  ស្រ្តី​រូបនេះប្រាប់​ថា កាប់​រាន​ព្រៃ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយប្រឈម​បញ្ហា​ផ្សេងៗ។ តែមករស់នៅជាមួយ​សហគមន៍​បាន​ផ្តល់ការ​គាំទ្រ​ដល់ជីវភាពឲ្យប្រសើរជាងមុន។  អ្នកស្រី ខាន់ គុនណាវ ដែលទទួល​បាន​ដីជាង ១ ហិកតា សម្រាប់​សង់​ផ្ទះ និង​ដាំដំណាំផ្សេងៗ។ ស្រ្តី​រូប​នេះពីមុនក៏​អ្នក​កាប់​ឈើ​ធ្វើ​ចម្ការពនេចរ ​ចំណូល​ស្ថិតស្ថេរ ជីវភាព​នៅ​តែ​ខ្វះខាត និងប្រឈមមុខ​អាជ្ញាធរ​ថែមទៀត។   ស្រ្តី​រូបនេះ​មករស់នៅ​តាម​ឪពុកម្តាយ និង​បាន​បំបែក​គ្រួសារ​ថ្មី ទទួលបាន​ការ​​ចែក​ដី និង​ជួយ​បច្ចេកទេស​ដាំដុះ​បន្លែ។ ស្រ្តីកូន ៣ រូបនេះបន្ត​ថា ដោយសារ​មានការ​​ជួយ​គាំទ្រ​គ្រប់​បែប​យ៉ាង ​អ្នកស្រីនឹង​​បន្ត​រស់នៅ​តកូន​តចៅ​បន្ត​ទៀត។   ពី​មុន​ការ​ដាំដំណាំផ្សេងៗ​របស់ពលរដ្ឋអនុវត្ត​តាម​គោលការណ៍​សហគមន៍។ ឥលូវ​នេះ ពួកគាត់​អាច​​ដាំ​​​ឯករាជ្យ អាច​ដាំ​ដំណាំ​ណា​ក៏​បាន តាម​តែ​​ទីផ្សារ​ត្រូវការ​ងាយស្រួល​លក់។ បន្ថែមពីនេះ​​បច្ចុប្បន្ន​ក៏​មាន​​ឈ្មួយ​កណ្តាល​មក​ទិញ​ដល់​ទីតាំង​ផង​ដែរ។  ប្រធានសហគមន៍​សុវណ្ណាបៃបង លោក អាត់ ណុច បាន​បន្ត​ថា គម្រោង​បាន​ជំនួយ​ពី WildAid បាន​បញ្ចប់ តែ​អង្គការ​នៅគាំទ្រ​លើកិច្ចការ​មួយ​ចំនួន។   ទាក់ទង​ពលរដ្ឋ​នៅក្នុង​សហគមន៍​នេះ លោក អាត់ ណុច​ ក៏​មើលឃើញ​ការ​ប្រឈម​ ដោយសារ​កំណើន​ពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍ កើន​កូន​កើន​ចៅ​កាន់​តែច្រើន ត្រូវ​ស្នើ​រដ្ឋាភិបាល​ដី​លំនៅឋាន​បន្ថែម​សម្រាប់​ការ​រស់នៅ។ ជាមួយគ្នានេះ​ក្នុង​សហគមន៍​មិន​មាន​តំបន់​ទេសចរណ៍​ តែ​ដើម្បី​សហគមន៍​មាន​និរន្តភាព​យូរ​អង្វែង​បាន​បង្កើត​ចម្ការ​ហូប​ផ្លែ​មាន​ដាំ​ទូរេន សាវម៉ាវ លើ​ផ្ទៃដី​សរុប​ជាង ២០ ហិកតា។ ចំណូល​មួយ​ផ្នែក​សម្រាប់​បុគ្គលិក​បម្រើ​ការងារ និង​ប្រើប្រាស់​ក្នុង​សហគមន៍។   ទាក់ទងដំណើការ​របស់​សហគមន៍​ ក៏​ទទួល​បាន​ការ​គាំទ្រ​ពីរដ្ឋាភិបាល​ដូចជា​ការសាងសង់​​​ផ្លូវ ​និង​អណ្ដូងទឹក​ជា​ដើម។   ​សហគមន៍​សុវណ្ណាបៃតង​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៣ បច្ចុប្បន្ន​បាន​រៀបចំ​ជាភូមិ​រដ្ឋបាល​ ដែល​ទទួល​ស្គាល់​ពី​អាជ្ញាធរនៅ​ឆ្នាំ ២០១៣៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង