ក្រសួងវប្បធម៌ណែនាំអ្នកផលិតវីដេអូ បញ្ឈប់ការផលិតគ្រប់ទម្រង់ដែលប៉ះពាល់វប្បធម៌ តម្លៃស្ត្រីខ្មែរ និងកុមារ

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការណែនាំ និងជូនដំណឹងដល់អ្នកផលិតផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត និងអ្នកសម្ដែងក្រៅប្រព័ន្ធតាមបណ្តាទំនាក់ទំនងសង្គមទាំងអស់ដែលបានផលិតវីដេអូ មានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វប្បធម៌ទំនៀមទម្លាប់ ប្រពៃណីជាតិ ជាពិសេសតម្លៃស្ត្រី និងកុមារសូមធ្វើការបញ្ឈប់ជាបន្ទាន់។   យោងតាមផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ថា ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃសេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិពិសេសការចូលរួមគោរពនិងលើកស្ទួយសិទ្ធិស្ត្រី និងកុមារ ក្រសួងសូមធ្វើការណែនាំដល់អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្តព្រមទាំងអ្នកសម្ដែង តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមទាំងអស់សូមបញ្ឈប់ជាបន្ទាន់នូវការផលិតការផ្សព្វផ្សាយ ឬការចែកចាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តដែលមានចរិតលក្ខណៈអាសអាភាស ស្រើបស្រាល ហិង្សា អសីលធម៌ ចាប់ពីថ្ងៃចេញសេចក្ដីណែនាំនេះតទៅ ។ ក្រសួងក៏បានសង្កត់ធ្ងន់ថា៖ «ក្នុងករណីដែលបុគ្គល ឬក្រុមណាមួយ នៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានដូច ខាងលើក្រសួងនឹងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមបទបញ្ញត្តិ ច្បាប់ដែលមានជាធរមាន» ។   គួរបញ្ជាក់ថា ការចេញសេចក្តីណែនាំរបស់ក្រសួងនេះបានធ្វើឡើងបន្ទាប់ពីសង្កេតឃើញថានាពេលថ្មីៗនេះមានការផលិតវីដេអូសមួយចំនួនបានធ្វើឱ្យប៉ះពាល់ដល់សង្គម។ អាស្រ័យហេតុនេះក្រសួងសង្ឃឹម និងជឿជាក់ថា អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្តព្រមទាំងអ្នកសម្តែងក្រៅប្រព័ន្ធតាមបណ្ដាញទំនាក់ទំនងសង្គមទាំងអស់នឹងចូលរួមអនុវត្តតាមសេចក្ដីណែនាំ នេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕  សម្រួលដោយ  ដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង