នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បំបែកសំណុំរឿងលួចគណនីធនាគារដកលុយជាង១០ម៉ឺនដុល្លារអាម៉េរិក

រាជធានីភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា(ន.ប.ប)បានធ្វើការស្រាវជ្រាវនឹងបំបែកសំណុំរឿងករណីលួចក្លែងបន្លំបើកយកលេខទូរសព្ទហើយចូលទៅកាន់កាប់យកគណនីធនាគារជនរងគ្រោះ រួចផ្ទេរប្រាក់អស់ចំនួន១០០៤០០ដុល្លារសហរដ្ឋអាម៉េរិក ដោយឃាត់ខ្លួនបានមនុស្សប្រុស-ស្រី៣នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ។យោងតាម ន.ប.ប បានឱ្យដឹងនារសៀលថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៣ថា បន្ទាប់ពីកាលពីពេលថ្មីនេះៗមានជនរងគ្រោះបានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកថាត្រូវបានក្លែងបន្លំលួចចូលគណនីធនាគារដកលុយជាង១០ម៉ឺដុល្លារអាម៉េរិករួចមក។ លោកឧត្តមសេនីយ៍ទោ សុខ នីត្យាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការបញ្ជាដោយផ្ទាល់ឱ្យមានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានមនុស្សប្រុស-ស្រី ៣នាក់រួមមាន៖ ទី១- ឈ្មោះ ហ៊ុន ច័ន្ទសុភ័ក្រ្ក ភេទប្រុស អាយុ២៨ឆ្នាំ ជាមុខសញ្ញាសកម្ម ពាក់ព័ន្ធករណីឆបោកនិងក្លែងអត្តសញ្ញាណ(បច្ចុប្បន្នឃុំខ្លួនបណ្ដោះសន្នពាក់ព័ន្ធនឹងបទល្មើសលួចចូលទៅដល់ឬស្ថិតនៅ នឹងប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តិនៃទិន្នន័យក្លែងបន្លំនិងប្រើប្រាស់លិខិតក្លែង)។   ទី២- ឈ្មោះ លឿង សុគន្ធា អាយុ៤៥ឆ្នាំ ជាម្ដាយរបស់ឈ្មោះ ហ៊ុនច័ន្ទសុភ័ក្រ្ក គឺជាអ្នកទទួលប្រាក់ និងបានយកប្រាក់ទាំងនោះទៅដើរទិញមាសពីហាងលក់មាសចំនួន៣កន្លែង ក្នុងរាជធានីភ្នំពេញ រួចយកមាសទាំងនោះទៅឱ្យកូនវិញ។ ទី៣- ឈ្មោះ ស៊ីណាត ស៊ីណា អាយុ៣២ឆ្នាំ ជាមុខសញ្ញាចាស់ពាក់ព័ន្ធនឹងករណីឆបោក និងក្លែងអត្តសញ្ញាណព្រមទាំងបទល្មើសគ្រឿងញៀនផងដែរ។បច្ចុប្បន្នមន្រ្តីជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់។  គួរបញ្ជាក់ដែរថា ប្រតិបត្តិការនេះធ្វើឡើងក្រោយការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងទទួលផែន៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង