ពលរដ្ឋខ្មែរនៅប្រទេសថៃ ថាផ្សិតប៉ក់ដែលក្រុមឈ្មួញថៃទិញពីកម្ពុជាយកទៅលក់បន្ត ១គីឡូតម្លៃ៧០០បាត

ខេត្តព្រះវិហារ៖ បន្ទាប់ពីអង្គភាពសារព័ត៌មាន បានចុះទៅធ្វើបទសម្ភាសប្រជាពលរដ្ឋខ្មែរនៅខេត្តព្រះវិហារ ដែលបាននាំគ្នាចូលព្រៃដកផ្សិតប៉ក់ដូចហែរកឋិន ខណៈតម្លៃធ្លាក់ចុះយ៉ាងគំហុគនោះ ប្រជាពលករខ្មែររស់នៅប្រទេសថៃ បានផ្តល់ដំណឹងមកថា តម្លៃទីផ្សារផ្សិតប៉ក់ដែលទិញពីកម្ពុជាយកទៅលក់នៅក្នុងប្រទេសថៃ គឺមានតម្លៃខ្ពស់ដូចរាល់ឆ្នាំដដែល មិនចុះថោកដូចការលើកឡើងរបស់ក្រុមឈ្មួញខ្មែរនោះទេ…។​  គណនីហ្វេសប៊ុកមួយឈ្មោះ អាសា(Ah sa) បានថ្លែងប្រាប់  នៅថ្ងៃទី២៣មិថុនានេះ តាមប្រអប់សារអេឡិកត្រូនិក(ខម្មិន)ថា ផ្សិតប៉ក់ដែលក្រុមឈ្មួញថៃទៅប្រមូលទិញពីព្រំដែនកម្ពុជា យកមកលក់ក្នុងទីផ្សារប្រទេសថៃ គឺមានតម្លៃថ្លៃណាស់ ដោយក្នុងមួយគីឡូក្រាមមានតម្លៃចន្លោះពី៦០០បាតទៅ៧០០បាត ឬគិតជាប្រាក់ខ្មែរ ប្រមាណជា៨៥០០០រៀល ទៅជាង៩ម៉ឺនរៀលឯណោះក្នុងមួយគីឡូក្រាម ពោលគឺតម្លៃដូចបណ្តាឆ្នាំមុនៗដដែល មិនធ្លាក់ថ្លៃដូចក្រុមឈ្មួញខ្មែរដើរទិញពីប្រជាពលរដ្ឋនោះទេ។ «នៅប្រទេសថៃគេលក់មួយគីឡូ 600បាតដល់700 » នេះជាការបញ្ជាក់របស់ម្ចាស់អាខោន អាសា(Ah sa)។  ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋខ្មែរនៅតាមបណ្តាខេត្តផ្សេងៗ ក៏បានប្រាប់ពីតម្លៃដែលក្រុមឈ្មួញខ្មែរដើរទិញ គឺមានតម្លៃផ្សេងៗពីគ្នាផងដែរ ដូចជា ម្ចាស់គណនីមួយឈ្មោះ យុន គីមយាង បានបញ្ជាក់ថា «នៅបាត់ដំបងខាងស្នឹងមានដុះ ១គីឡូ៤0000៛(រៀល)» និងម្ចាស់គណនីខ្លះទៀតថា នៅស្រុករបស់ពួកគេ ក្រុមឈ្មួញដើរទិញ ខ្លះ១គីឡូក្រាម១៥០០០រៀល ខ្លះថា ២០០០០រៀល ខ្លះទៀតថាគេទិញតែ១០០០០រឿលទេ អ្នកដើរដកឈប់អស់ហើយ ព្រោះមិនសមនឹងកម្លាំង ដែលតម្លៃខាងលើនេះ រកប្រាកដប្រជាមិនឃើញឡើយ ប៉ុន្តែតម្លៃផ្សិតប៉ក់លក់លើទីផ្សារប្រទេសថៃ ដែលមានតម្លៃ៧០០បាត គឺជារឿងជាក់ច្បាស់។  សូមបញ្ជាក់ថា ផ្សិតប៉ក់ ជាប្រភេទភូតគ្រាម(ផ្សិតព្រៃម្យ៉ាង) ដែលមានរាងសណ្ឋានមូលដូចពងក្រួច ឬពងលលក និងមានពីរប្រភេទ គឺផ្សិតប៉ក់បាយ និងផ្សិតប៉ក់ស្បែក។ ផ្សិតប៉ក់បាយមានពណ៌-ស មានភាពផុយស្រួយងាយនឹងបែក ប្រសិនបើយើងចាប់ច្របាច់ដោយដៃរាងធ្ងន់បន្តិច ចំណែកឯផ្សិតប៉ក់ស្បែកមានពណ៌ស្រគាំ ឬខ្មៅ និងមានសភាពធន់ស្វិតច្របាច់មិនងាយនឹងបែកទេ និងមានតម្លៃថ្លៃខ្ពស់ខុសពីផ្សិតព្រៃឯទៀត។ នៅពេលរដូវធ្លាក់ភ្លៀងដើមឆ្នាំម្ដងៗ ផ្សិតព្រៃមួយប្រភេទនេះ តែងដុះតាមតំបន់ភ្នំ និងតំបន់ព្រៃស្រោងមួយចំនួននៅតាមបណ្តាខេត្តភាគឦសាន្តដូចជា៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ និងមាននៅតំបន់ភ្នំមួយចំនួនទៀតក្នុងខេត្តកោះកុង និងពោធិ៍សាត់ តំបន់ជួរភ្នំក្រវាញ់ និងតំបន់វាលវែង ជាដើម។ល។  យ៉ាងណា សកម្មភាពរបស់ក្រុមឈ្មួញខ្មែរ ដែលដើរទិញមានតម្លៃផ្សេងគ្នានេះ បើតាមការឱ្យដឹងពីអាជ្ញាធរមូលដ្ឋានខេត្ត បញ្ជាក់ថា គឺជាទីផ្សារសេរី ដូច្នេះ យើងមិនអាចកំណត់តម្លៃឱ្យក្រុមឈ្មួញបានទេ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋទៅវិញទេ ដែលជាអ្នកកំណត់លើក្រុមឈ្មួញទាំងអស់នោះ បើដឹងថាឈ្មួញនោះខិលខូច ទិញទម្លាក់តម្លៃ និងមានចរិតលួចកេងស៊ីភ្នែកជញ្ជីង អ៊ីចឹង[..]ប្រជាពលរដ្ឋកុំលក់ឱ្យឈ្មួញខិលខូចនោះទៅ វាចប់ហើយ។ ទោះយ៉ាងណា សម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្តាខេត្តខាងលើ បើទោះបីតម្លៃផ្សិតប៉ក់ធ្លាក់ថ្លៃខ្លាំងបែបនេះក៏ដោយ ពួកគេនៅតែអាចប្រមូលផលអនុផលព្រៃឈើ ពីតាមបណ្តាសហគមន៍របស់ខ្លួន បានចំណូលរាប់សិបលានរៀលក្នុងមួយឆ្នាំៗ ដែលជាការជួយសម្រាលជីវិភាពប្រចាំថ្ងៃបានមួយកម្រិត ឯអ្នកខ្លះទៀត ក៏អាចស្រូបយកប្រភពចំណូលពីផលអនុផលព្រៃធម្មជាតិនេះ កែច្នៃជីវភាពគ្រួសារឱ្យរួចផុតពីភាពក្រីក្រផងដែរ…៕  ​ សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង