ដឹកសពពីប៉ោយប៉ែតមកភ្នំពេញក្រឡាប់រថយន្ដរបួសធ្ងន់ស្រាល៣នាក់

មនុស្ស៣នាក់បានរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍ក្រឡាប់រថយន្ដ ខណៈកំពុងបើកបរដឹកសពពីក្រុងប៉ោយប៉ែតទៅកាន់ក្រុងភ្នំពេញ។  ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៦និង៤០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចន្លោះគីឡូម៉ែត្រលេខ១២០ និង១២១ ក្នុងភូមិកណ្ដាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។  សមត្ថកិច្ចនគរបាលស្រុកបរិបូណ៌នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះបានឱ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងខាង​លើនេះម៉ាកស្តារិច ពណ៌ទឹកប្រាក់ បានដឹកសពបុរសម្នាក់ដែលបានទៅព្យាបាលជំងឺនៅប្រទេសថៃ ហើយបានស្លាប់ត្រូវបានក្រុមគ្រួសារដឹកសពពីប្រទេសថៃ មកស្រុកខ្មែរវិញដោយត្រូវដឹកបន្តពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅទីក្រុងភ្នំពេញ ដែលមានអ្នកធ្វើដំណើរសរុបចំនួន៥នាក់ បូកនឹងសព៦នាក់។  ប្រភពដដែលបានបន្តថា លុះធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែកងរថយន្តខាងមុខ និងខាងក្រោយផ្នែកខាងស្ដាំបានផ្ទុះព្រមគ្នាបណ្ដាលឱ្យរេចង្កូតធ្លាក់ពីលើផ្លូវចូលទឹកប្រឡាយ និងបង្កឲ្យអ្នកជិះលើរថយន្ត៣នាក់រងរបួសក្នុងនោះមួយនាក់របួសធ្ងន់។  ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានឲ្យម្ចាស់រថយន្តជួលរថយន្តស្ទូចមកស្ទូចរថយន្តឡើងគោកវិញ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្រុកបរិបូរណ៍។ ករណីគ្រោះថ្នាក់ខាងលើនេះតាមអបិយជំនឿគេជឿថា ប្រហែលជាការដឹកសពនេះគ្មានអាចារ្យ ឬមិនបានដុតធូបហៅព្រលឹងសពឱ្យធ្វើដំណើរជាមួយទៅលំនៅឋានវិញ ទើបមានហេតុការណ៍មិនល្អដូចនេះ ដែលនេះគ្រាន់តែជាអបិយជំនឿក្រៅផ្លូវការតែប៉ុណ្ណោះ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង