ចំណូលពី GDP Per Capita នៅកម្ពុជា រំពឹងងកើនឡើងដល់ជិត២ ០០០ ដុល្លារ ក្នុងឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា ចំណូលសម្រាប់មនុស្សម្នាក់ ឬ GDP Per Capita នៅកម្ពុជា រំពឹងនឹងកើនដល់ ១ ៩៣២ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ នេះ កើនឡើងពី ១ ៧៨៤ ដុល្លារ ក្នុងឆ្នាំ២០២២ ដោយគាំទ្រដោយសេដ្ឋកិច្ចកម្ពុជា ស្ថិតនៅលើកំណើនល្អប្រសើរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងពីបច្ចុប្បន្នភាពនៃម៉ាក្រូសេដ្ឋកិច្ចចុងក្រោយរបស់ប្រទេសកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ២៣ ប្រវែង ១៩.៨៣ គីឡូម៉ែត្រ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ការអភិវឌ្ឍសម្រេចបានលើគ្រប់វិស័យប្រកបដោយនិរន្តរភាព និងសមធម៌ ទាំងក្នុងទីក្រុង និងជនបទ ខណៈប្រជាជនទទួលបានការអប់រំខ្ពស់ និងកម្រិតជីវភាពសមរម្យ ស្របពេលដែលអតិផរណាបានស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើកឡើងថា កម្ពុជា បានងើបចេញពីវិបត្តិកូវិដ១៩ បានលឿនជាងប្រទេសផ្សេងទៀតជុំវិញពិភពលោក ដែលជាកត្តាជំរុញសេដ្ឋកិច្ចកម្ពុជាមានកំណើនល្អប្រសើរ។ កម្ពុជា ត្រូវបានគេរំពឹងថានឹងសម្រេចបាននូវកំណើន GDP ក្នុងរង្វង់ ៥,៦ភាគរយ នៅឆ្នាំ ២០២៣ កើនឡើងពី៥,២ភាគរយនៅឆ្នាំ ២០២៣ និង ៣ ភាគរយនៅឆ្នាំ២០២១ បន្ទាប់ពីធ្លាក់ចុះដល់ដក ៣,១ ភាគរយនៅឆ្នាំ២០២២។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា៖ រាជរដ្ឋាភិបាល នៅតែកំណត់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ស្ពានជាអាទិភាពខ្ពស់ ព្រោះថាវាដូចជាក្បាលរថភ្លើងដែលជំរុញកំណើនសេដ្ឋកិច្ច និងជាមធ្យោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ព្រោះផ្លូវថ្នល់ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ច ៕ សម្រួលដោយ ទៀង បុណ្ណរី