វិស័យកសិកម្មជាសក្ដានុពលចម្បងនៅស្រុកកោះសូទិន​

ស្រុកកោះសូទិនមានចម្ងាយ ១០ គីឡូម៉ែត្រ ស្ថិតនៅប៉ែកខាងត្បូង នៃក្រុងកំពង់ចាម ខេត្តកំពង់​ចាម​។ ស្រុកកោះសូទិន មានលក្ខណៈខុសប្លែកពីស្រុកផ្សេងទៀតគឺខាងលិចជាប់ទន្លេ​មេគង្គ ខាង​កើតជាប់ទន្លេតូច ចំណែកខាងត្បូងមានផ្ទៃដីបឹង និងចម្ការដែលធ្វើឱ្យភូមិសាស្ត្រនៅទីនោះមាន​អំណោយ​ផលល្អលើសក្ដានុពលកសិកម្ម។​  លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានប្រាប់ឱ្យដឹងថា ​ស្រុកកោះសូទិនមានសក្ដានុពល​លើវិស័យ​កសិកម្ម​ ដែលមានដំណាំពោត ស្រូវ សណ្ដែក និងថ្នាំជក់។  លោកអភិបាលស្រុកបញ្ជាក់ឱ្យដឹងថា ប៉ុន្មានឆ្នាំកន្លងមកនេះ ​ការអភិវឌ្ឍក្នុងស្រុក​មានការរីក​ចម្រើនដោយសារមានការគិតគូពីថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង និងសំណង់អាគារជាដើម។   ជាក់ស្ដែង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់ផ្លូវបេតុង ២ ខ្សែ នៅស្រុក កោះសូទិន ពីភូមិផ្សារថ្មីទៅ ព្រំប្រទល់​ស្រុក​ស្រីសន្ធរ ខាងជើងពីភូមិផ្សារថ្មី រហូតដល់ភូមិ ព្រែក ចង្ក្រាន ឃុំល្វេ ដែលសមិទ្ធិផលនេះ​បានជួយសម្រួលដល់ការធ្វើដំណើរ និងជីវភាពរស់នៅ​ដល់ពលរដ្ឋ​។   របាយការណ៍ខេត្តកំពង់ចាម បង្ហាញថា សក្ដានុពលសេដ្ឋកិច្ចក្នុងខេត្តកំពង់ចាមពឹងផ្អែកលើវិស័យចំនួន ៣ គឺវិស័យកសិកម្ម មានចំណែក ៤១ ភាគរយ សេវាកម្ម មានចំណែក ៣៧,៧ ភាគរយ និងឧស្សាហកម្ម ២១ ភាគរយ។ ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម សរុប ១ ៨០៥ លានដុល្លារ ដែលចំណូលមនុស្សម្នាក់មានប្រមាណ ១ ៧០០ ដុល្លារ នៅក្នុងឆ្នាំ ២០២៣៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង