អភិបាលស្រុកបាធាយ អះអាងថាៈការឈូសឆាយដីបឹងគ្រល គឺមានការឯកភាពពីអភិបាលខេត្តកំពង់ចាម!

កំពង់ចាម៖ ឈ្មួញខ្នាតធំកំពុងដាក់គ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកនៃ”បឹងមេទឹកគ្រល”ដែលជាដីសាធារណៈរបស់រដ្ឋ យ៉ាងគគ្រឹកគគ្រេងបំផុត..!។
ដើម្បីយកមកធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយប្រើ S.K ធំៗក្នុងការជីកកកាយដីបឹង និងប្រើរថយន្តបែន សុទ្ធតែប្រភេទកង់១០ សម្រាប់ជាមធ្យោបាយដឹកជញ្ជូនអាចម៍ដី លក់តាមបណ្ដាដីឡូត៍នានា គ្មានស្រាកស្រាន!។  ករណីនេះត្រូវបានលោក ផេន សុផល អភិបាលស្រុកបាធាយ បញ្ជាក់ថាៈមានការអនុញ្ញាត ពីលោកអភិបាល ខេត្តកំពង់ចាម.!។ សូមជម្រាបថាៈ ដីសាធារណៈរបស់រដ្ឋដែលឈ្មួញកំពុងធ្វើអាជីវកម្មនោះឈ្មោះ”បឹងមេទឹកគ្រល”មានទំហំជាង ៦ហិកតា ស្ថិតនៅភូមិធាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ សេចក្ដីរាយការណ៍បានឱ្យដឹងថាៈរាល់ថ្ងៃនេះឈ្មួញប្រើ S.K ធំៗចំនួន៤គ្រឿង ក្នុងការឈូសឆាយដី”បឹងមេទឹកគ្រល”ត្រង់ចំណុចខាងលើ!។  ក្នុងនោះ S.K ខ្លះឈូសឆាយវាតទីរុញព្រៃចោល និងS.K ខ្លះទៀត កាយដីដាក់ បញ្ចូលរថយន្តបែនកង់១០..!។  ដើម្បីធ្វើដឹកជញ្ជូនផ្គត់ផ្គង់ទីផ្សារ តាមដីឡូត៍នានា ជាពិសេស គឺដីឡូត៍ នៅជាប់ផ្លូវជាតិលេខ៦ក្បែរ រណ្ដៅដី”មេទឹកគ្រល”តែម្ដង ដែលកំពុងដឹកជញ្ជូនមកចាក់រាល់ថ្ងៃ..!។  ពលរដ្ឋនៅតំបន់នោះ បានលើកឡើងថាៈ បច្ចុប្បន្នៈថៅគ្រឿងចក្រខាងលើ កំពុងធ្វើផ្លូវ ថ្មី១ខ្សែទៀត តភ្ជាប់ពីរណ្ដៅដី”បឹងមេទឹកគ្រល”ឡើងមកលើផ្លូវជាតិលេខ៦ ដើម្បីជាចរន្ត សម្រាប់រថយន្តខ្លួន ធ្វើការដឹកជញ្ជូនអាចម៍ដី ចេញពីរណ្ដៅ មកចាក់តាមដីឡូត៍ដែលនៅឆ្ងាយៗ..!។  ម្យ៉ាងវិញទៀត ថៅកែគ្រឿងចក្ររូបនោះ តម្រូវឱ្យរថយន្តកង់១០ របស់គាត់ បើកបរតាមផ្លូវថ្មី លែងបើកកាត់ដីឡូត៍របស់គេ ដូចសព្វដង..!។  ជុំវិញៈការយកដីបឹងសាធារណៈរបស់រដ្ឋ មកធ្វើអាជីវកម្មនេះដែរ នៅថ្ងៃទី២០.០៦.២០២៣។  ថៅកែគ្រឿងចក្រខាងលើ បានអះអាងប្រាប់«ដើមរាំង»ថាៈ ខ្លួនមានច្បាប់ទម្លាប់ត្រឹមត្រូវ ក្នុងការឈូសឆាយដីខាងលើ មកធ្វើអាជីវកម្ម!។  ថៅកែគ្រឿងចក្ររូបនេះបន្តថា អាចម៍ដី ១ផ្នែក ដែលខ្លួនដឹកចេញពី”បឹងមេទឹកគ្រល”។
គឺយកមកចាក់បរិច្ចាគ ឱ្យអនុសាខាកាកបាទក្រហមស្រុកបាធាយនិង១ផ្នែកធំទៀត ខ្លួនយកមកចាក់តាមបណ្ដាដីឡូត៍នានា..!។   លោក សំ យ៉េន មេភូមិបាធាយ បាន  លើកឡើងថាៈ ការជីកដីមេទឹកនោះ គឺផ្អែកលើសំណើររបស់សហគមន៍ និងមានស្នាមមេដៃ ពីកសិករជាង១០នាក់!។   លោកមេភូមិបញ្ជាក់ទៀតថាៈ បច្ចុប្បន្នៈ ដី”បឹងមេទឹកគ្រល”មានទំហំតូចជាងមុន..!។
ក្រោយសហគមន៍ សម្រេចកាត់ឆ្វៀលតម្រឹមអស់១ផ្នែក ឱ្យទៅអ្នកមានកន្ទុយដីជាប់ ដើម្បីបានប្រយោជន៍ចែកគ្នា..!។   ចំណែកលោក ឃុត ឃីម មេឃុំបាធាយ បានថ្លែងស្រដៀងគ្នានិងលោកមេភូមិដែរ ដោយថាៈ ការកាយដីមេទឹកខាងលើ គឺតាមសំណើររបស់សហគមន៍!។  លោកមេឃុំអះអាងថាៈ ខ្ញុំដឹងតែរឿងកាយដីបឹងប៉ុណ្ណោះ ត្រង់គេយកទៅចាក់កន្លែងណា ខ្ញុំមិនបានដឹងទេ.!។រីឯលោក ផេន សុផល អភិបាលស្រុកបាធាយ បានថ្លែងថាៈការឈូសឆាយកាយដីបឹងគ្រល គឺមានការឯកភាព ពីលោកអភិបាលខេត្តកំពង់ចាម។   លោក ផេន សុផល បន្ថែមថាៈ គ្រឿងចក្រខាងលើ គឺបានស្នើសុំនិងបង់សួយសារជូនរដ្ឋត្រឹមត្រូវ..!។  ចំពោះលោក លី ចាន់ធី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ចាម បានថ្លែងប្រាប់«ដើមរាំង»ថាៈ ករណីខាងលើប្រសិនជា ឈ្មួញដឹកអាចម៍ដីលក់ចេញ គឺត្រូវបង់សួយសារហើយ!។ ចំពោះសំនួរថាៈ ការជីកដីបឹងខាងលើបានបង់សួយសារ រួចហើយឬក៏នៅ.?
-ត្រង់ចំណុចនេះលោក លី ចាន់ធី បំភ្លឺថាៈ បើគេមានអាជ្ញាប័ណ្ណ គឺគេត្រូវបង់សួយសារហើយ ដោយគិតទៅតាមទំហំរណ្ដៅ និងចាំចុះពិនិត្យជាក់ស្ដែង.!។  ដោយឡែកលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានថ្លែងយ៉ាងខ្លីថា«មិនចាំទេ ទាល់តែមើលឯកសារ ខ្ញុំនៅតាមផ្លូវ រួចក៏ចុចបិទទូរស័ព្ទ»។   មីៗនេះក្រោយ«ដើមរាំង»ចេញផ្សាយរិៈគន់ជាបន្តបន្ទាប់ អំពីក្រុមឈ្មួញធំៗ ប្រើលេសជ្រកក្រោមហេតុផលៈ គម្រោងស្ដារ ឬយកកសិករ សហគមន៍ មកធ្វើជាខែល ដើម្បីបំពេញបែបបទ..!។
ក្នុងការឈូសឆាយវាតទី.ដីជម្រកត្រីពងកូន.អាងស្តុកទឹក.មេទឹក យកមកធ្វើអាជីវកម្ម ដើម្បីបំពេញមហិច្ឆតាខ្លួនដោយមានភ្លើងខៀវ ពីអាជ្ញាធរមូលដ្ឋាន នោះមក….!។  គេសង្កេតឃើញថាៈ គ្រឿងធំៗចំនួន៣កន្លែង បានផ្អាកសកម្មភាព ជាបណ្ដោះអាសន្ន!។
ទី១ៈ គ្រឿងចក្រ រហ្សនាម”ហ៊ា ថៃ”បានផ្អាកឈូសឆាយកាយដី”មេទឹកគន្ធរ”ស្ថិតនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ។

២ៈ គ្រឿងចក្រ រហ្សនាម”ហ៊ា សែន”ផ្អាកឈូសឆាយកាយដី”មេទឹកបឹងរាំងធំ”ស្ថិតនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ។

និងទី៣ៈ គ្រឿងចក្រ រហ្សនាម”ហ៊ា សួន”បានផ្អាកឈូសឆាយកាយដី”អូរសាធារណៈរបស់រដ្ឋ”ស្ថិតនៅភូមិបែកពាង ឃុំជាលា ស្រុកបាធាយ.!។

ដោយឡែកៈ គ្រឿងចក្រប្រភេទកង់១០ ដែលលោក ផេន សុផល អះអាងថាៈ មានការអនុញ្ញាត ពីលោកអភិបាលខេត្ត ឱ្យឈូសឆាយដី”បឹងមេទឹកគ្រល”នោះ។
គឺនៅបន្តសកម្មភាព ឈូសឆាយ កាយដីមេទឹក ដឹកជញ្ជូនមកចាក់តាមបណ្ដាដីឡូត៍នានា រាល់ថ្ងៃដដែល៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង