ការទន្រ្ទានដីព្រៃលិចទឹកដែនបឹងទន្លេសាបក្នុងខេត្តបាត់ដំបង ចាប់ផ្តើមកក្រើកឡើងវិញ
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន កន្លងទៅបានដាក់បទបញ្ជាដល់អាជ្ញាធរខេត្តនៅជាប់ដែនបឹងទន្លេសាប ឲ្យអនុវត្តទប់ស្កាត់ជាបន្ទាន់រាល់ការទន្ទ្រានដីនៅតំបន់លិចទឹក ដែលបានវាតទីជាបន្តបន្ទាប់ពីសំណាក់ក្រុមឈ្មួញនិងអ្នកមានតួនាទីមួយចំនួនកន្លងមក។ ការចេញបទបញ្ជាពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនេះ ត្រូវបានអ្នកមានតួនាទីពាក់ព័ន្ធចេញមុខប្រគល់ដីជូនរដ្ឋវិញជាបន្តបន្ទាប់ ក្នុងនោះប្រជាពលរដ្ឋក៏បានបញ្ឈប់សកម្មភាពផងដែរ ក្រោយពីអាជ្ញាធរខេត្តចុះពិនិត្យនិងផ្សព្វផ្សាយ ទើបសកម្មភាពបានស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់រហូតដល់បច្ចុប្បន្ន។ ប្រជាកសិកររស់នៅក្នុងស្រុកចំនួន ៤ គឺ ស្រុកបវេល ស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកមោងឫស្សី បានសាទរនិងចំណាត់ការរបស់រាជរដ្ឋាភិបាលដើម្បីការពារទៅលើធនធានមច្ឆាជាតិ។ បើទោះបីយ៉ាងនេះ ថ្មីៗនេះក៏មានបទល្មើសកម្រើកឡើងវិញ ដោយមានជនឆ្លៀតឱកាសបានរុករានទន្រ្ទានដុតនិងឈួស ឆាយកាយប្រឡាយហ៊ុំព័ទ្ធយកដីជាបន្តទៀតក្នុងនោះមានដូចជា ក្នុងស្រុកឯកភ្នំ និង ស្រុកសង្កែ ដែលប្រជាពលរដ្ឋថា អាជ្ញាធរគួរទប់ស្កាត់ជាបន្ទាន់ ខណះពួកគាត់មួយចំនួនមិនទាន់ហ៊ានធ្វើកសិកម្មនៅឡើយ។ លោក មុិល សុផល អភិបាលស្រុកឯកភ្នំទទួលស្គាល់ថា ពិតជាមានការបន្តការលួចឈួសឆាយពិតប្រាកដមែន។ លោកថា ការដុតឈួសឆាយនេះក្រោយពីពួកគេបានខកខានធ្វើលើដីនោះ ២ ឆ្នាំកន្លងមកនេះស្របពេលទីតាំងផ្សេងបានរកឃើញដោយក្រុមជលផលថាបានឈួសឆាយទន្ទ្រានអស់ប្រមាណ ១០០ ហិកតាបន្ថែមទៀតផងដែរ។ សកម្មភាពខាងលើក៏បានរីករាលដាលមកដល់ស្រុកសង្កែបន្តទៀត ក្រោយពីមានប្រភពពីប្រជាពលរដ្ឋបានផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានចុះអង្កេតដល់ទីតាំងកាលពីថ្ងៃទី ១៧ ខែមិថុនា ថា មានបុគ្គលមានតួនាទីជាសមត្ថកិច្ចម្នាក់បានបន្តសកម្មភាពកាយប្រឡាយហ៊ំព័ទ្ធយកដីជាកម្មសិទ្ធិ ដែលធ្វើឲ្យប្រជាពលរដ្ឋសម្តែងការមិនសប្បាយចិត្តហើយសុំកិច្ចអន្តរាគមន៍ពីលោអភិបាលខេត្តនិងមន្ត្រីពាក់ព័ន្ ធខណ:ដែលពួកគាត់ខ្លះបានធ្វើលើដីរបស់ពួកគាត់នៅចំណុចក្បែរតែពួកគាត់ត្រូវបានបញ្ឈប់ដើម្បីរង់ចាំសេចក្តីសម្រេចណាមួយពីថ្នាក់ដឹកនាំ ទើបពួកគាត់បន្តប្រកបរបរកសិកម្មដោយស្របច្បាប់ដែលស្ថិតនៅក្នុងតំបន់ ២ ឬតំបន់ ៣។ ប្រភពពីប្រជាពលរដ្ឋបានបន្តឲ្យដឹងថា មន្ត្រីសមត្ថកិច្ចម្នាក់ដែលបានទន្រ្ទានកាយប្រឡាយ ត្រូវបានពួកគាត់ទម្លាយថា ឈ្មោះ ស៊ុន សុវណ្ណ ជាអតីតអធិការស្រុកសង្កែ បានកាយប្រឡាយព័ទ្ធយកដីជាកម្មសិទ្ធិនៅចំណុចបឹងតាភោក ក្នុងភូមិអូរទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ជាង ១ គ.ម ដោយមិនគោរពទៅតាមអនុសាសន៍ របស់រាជរដ្ឋាភិបាល ខណះពួកគាត់មួយចំនួនមិនហ៊ានធ្វើសកម្មភាពនោះទេ ក្រោយមានការហាមឃាត់នាពេលកន្លងទៅ។ ពួកគាត់នៅរង់ចាំ បើរាជរដ្ឋាភិបាល មានការអនុញ្ញាតិនិងកាត់ឆ្វៀលប្រគល់ឲ្យពួកគាត់ ទើបពួកគាត់ប្រកបរបរកសិកម្មឡើងវិញ។ ជុំវិញករណីខាងលើនេះ លោកអភិបាលស្រុកសង្កែបានទទួលស្គាល់ថាពិតជាមានមន្ត្រីរូបនេះ បានឲ្យអេស្ការចូលកាយ ពិតប្រាកដមែន ក្រោមលេសសុំកាយប្រឡាយយកទឹកដាក់ស្រែត្រឹមតែ ៥០០ ម៉ែត្រប៉ុណ្ណោះ ហើយក៏ឆ្លៀតឱកាសកាយរហូតជាង ១ គីឡូម៉ែត្រទើបបែកធ្លាយដល់ពលរដ្ឋរាយការណ៍តែម្តង។ លោកបន្តថា ក្រោយបានទទួលព័ត៌មាននេះ លោកបានឲ្យអាជ្ញាធរឃុំចុះហាមឃាត់និងបញ្ឈប់តាំងពីថ្ងៃកើតហេតុ ហើយលោកនឹងឲ្យមន្ត្រីជំនាញចុះពិនិត្យព្រោះតំបន់ ២-៣ ត្រូវបានហាមឃាត់ក្រោយពីថ្នាក់ជាតិមិនទាន់អនុញ្ញាតិឲ្យធ្វើការកាត់ឆ្វៀលនៅឡើយ។ ជាមួយគ្នានេះដែរ លោក ជួង សភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបានឆ្លើយតបជាមួយកម្ពុជាថ្មីថា ចំពោះដីលិចទឹក ក្នុងតំបន់ ២ និងតំបន់ ៣ ត្រូវតែហាមឃាត់ដាច់ខាតមិនឲ្យធ្វើសកម្មភាពឡើយ ក្រោយរាជរដ្ឋាភិបាលមិនទាន់បានកំណត់ឲ្យកាត់ឆ្វៀលជូនពលរដ្ឋណាដែលបានអាស្រ័យផលយូរឆ្នាំបន្តវេននៅឡើយ។ សម្រាប់បុគ្គលដែលទើបទន្ទ្រានត្រូវបានដកហូតជាសម្បត្តិរដ្ឋវិញ។ លោកបន្តថា ដោយឡែក លោក ស៊ុន សុវណ្ណ បានបំពានច្បាប់ក្រោមលេសបានសុំទៅខាងមន្ទីរធនធានទឹកខេត្តដើម្បីកាយប្រឡាយប្រវែង ៥០០ ម៉ែត្រ ដើម្បីបណ្តោះទឹកដាក់ស្រែតែបែរជាបន្តកាយព័ទ្ធដីស្រែរហូតដល់ជាង ១ គីឡូម៉ែត្រទើបបែកធ្លាយដល់អ្នកស្រុកនិងអ្នកសារព័ត៌មាន។ លោកសង្កត់ធ្ងន់ថា ដីស្ថិតក្នុងតំបន់ ២ និងតំបន់ ៣ ស្ថិតនៅក្នុងផ្លូវច្បាប់នៅឡើយមិនអាចមានបុគ្គលណាម្នាក់បន្តបំពាននោះទេ។ បើមិនពុំនោះលោកនឹងចាត់វិធានការតាមច្បាប់ទៅតុលាការ មិនមានការយោគយល់ឡើយ លើកលែងតែតំបន់ ១ គឺមានសិទ្ធស្របច្បាប់។ ផ្ទុយពីការលើកឡើងពីមន្ត្រីជំនាញនិងអាជ្ញាធរស្រុក លោក ស៊ុន សុវណ្ណ បានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទថា លោកមិនចង់និយាយច្រើនទេ លោកកាយតែលើដីតំបន់ ២ តែប៉ុណ្ណោះហើយដីគ្មានព្រៃផង។ លោកក៏បានសួរដេញដោលជាមួយកម្ពុជាថ្មីថា “តើប្រជាពលរដ្ឋមានឈ្មោះអីដែលបានរាយការណ៍ក្នុងករណីរបស់លោក?។ ក្រោយពីមានការបែកធ្លាយករណីនេះតាំងពីថ្ងៃទី ១៧ ខែមិថុនា ទាំងសហគមន៍ទាំងលោកមេឃុំប្រាប់កម្ពុជាថ្មីថា នឹងទៅបញ្ឈប់សកម្មភាពកាយជាបន្ទាន់ផងដែរ។ តែសកម្មភាពនៅតែបន្តដល់ថ្ងៃទី ១៩ ខែមិថុនានេះនៅឡើយរហូតដល់វេលាម៉ោងជាង ៤ ល្ងាចនៅថ្ងៃទី១៩ខែមិថុនានេះ ទើប ឈ្មោះ ចាន់ កមរ៉ា ម្ចាស់អេស្កាប្រាប់ថា “បាទខ្ញុំកំពុងរៀបចំឡើងឥឡូវហើយ តែខ្ញុំសុំលោកមេឃុំបង្ហើយបន្តិចសិន”។ ចម្លើយម្ចាស់អេស្កានេះធ្វើឡើង ខណះដែលកម្ពុជាថ្មីទូរស័ព្ទសួរបញ្ជាក់ជុំវិញករណីខាងលើដែលបានឆ្លើយដាក់បន្ទុកលើគ្នាទាំងរដិបរដុប។ ម្ចាស់អេស្កាបន្តថា “ខ្ញុំជាអ្នកកាយខ្លួនឯង ហើយពេលចុះកាយប្រជាពលរដ្ឋឃើញក៏ឲ្យខ្ញុំជួយកាយពួកគាត់ដែរ ទើបរឿងនេះបែកធ្លាយ”៕ សម្រួលដោយ ទៀង បុណ្ណរី