ឯកឧត្ដម គង់ សោភ័ណ្ឌ កើតខ្យល់វិលមុខផ្ញើលកម្មវិធី ហើយត្រូវគ្រូពេទ្យដឹកទៅសង្គ្រោះនិងពិនិត្យសុខភាព!
កណ្ដាល៖ អភិបាលខេត្តកណ្ដាលឯកឧត្ដម គង់ សោភ័ណ្ឌ ត្រូវបានក្រុមគ្រូពេទ្យដឹកទៅសង្គ្រោះ និងពិនិត្យសុខភាព..!។ បន្ទាប់ពីរូបលោក ចូលរួមក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់សមិទ្ធិផលនានា ក្នុងស្រុកខ្សាច់កណ្ដាល នៅព្រឹកទី១៦.០៦.២០២៣។ នេះបើយោងតាម ការបញ្ជាក់ពីលោកមេឃុំព្រែកតាមាក់ ក៏ដូចជាអ្នកនាំពាក្យសាលាខេត្តកណ្ដាល ថ្លែងប្រាប់នៅព្រឹកទី១៦.០៦.២០២៣។ លោក ឆាយ សេន មេឃុំព្រែកតាមាក់ បានថ្លែងថាៈ ឯកឧត្ដម គង់ សោភ័ណ្ឌ ពិតជាកើតខ្យល់វិលមុខប្រាកដមែន ប៉ុន្តែពុំមានអ្វីជាធ្ងន់ធ្ងរនោះឡើយ..!។ បើតាមលោក ឆាយ សេន នៅពេលខ្សល់នោះ ឯកឧត្ដម គង់ សោភ័ណ្ឌ មានអាការៈ ធេងធោងវិលមុខរកដួល..!។ ហើយក៏ត្រូវគេចាប់ជាប់ មិនឱ្យដួលទាន់! ភ្លាមៗនោះឯកឧត្ដម គង់ សោភ័ណ្ឌ ត្រូវបានគ្រូពេទ្យ ដឹកទៅសង្គ្រោះនិងពិនិត្យសុខភាព។ ជាមួយគ្នានោះលោក ស៊ី ជីវុត្ថា អ្នកនាំពាក្យសាលា ខេត្តកណ្ដាល ក៏បានលើកឡើងដែរថាៈឯកឧត្ដម គង់ សោភ័ណ្ឌ ពិតជាមានអាការៈមិនស្រួលខ្លួនប្រាកដមែន។ ប៉ុន្តែលោក ស៊ី ជីវុត្ថា ពុំបានប្រាប់អំពីរោគសញ្ញាជំងឺ របស់ឯកឧត្ដម គង់ សោភ័ណ្ឌ នោះឡើយ…!។ សូមជម្រាបថាៈ នៅព្រឹកទី១៦.០៦.២០២៣ មានពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ មណ្ឌលសុខភាព ផ្លូវបេតុង ផ្លូវចាក់កៅស៊ូ បង្គោលអគ្គិសនី ប្រព័ន្ធរំដោះទឹក និងសមិទ្ធិផលនានា ក្នុងឃុំព្រែកតាមាក់ និងឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តកណ្ដាល។ ក្នុងនោះក៏មានការចូលរួមពីគណៈប្រតិភូ.ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មន្ត្រីពាក់ព័ន្ធរួមនិងពលរដ្ឋយ៉ាងច្រើនកុះករ។ ប៉ុន្តែខណៈកម្មវិធីដំណើរការជិតចប់ស្រាប់តែឯកឧត្ដម គង់ សោភ័ណ្ឌ កើតខ្យល់វិលមុខបង្កការភ្ញាក់ផ្អើលនៅកន្លែង..!។ ទន្ទឹមនិងនោះ មន្ត្រីរាជការជាច្រើន ក៏បានព្រួយបារម្ភពីសុខភាពរបស់ឯកឧត្ដម គង់ សោភ័ណ្ឌ ផងដែរ។ ដោយថាៈឯកឧត្ដមអភិបាលខេត្ត គិតរឿងការងារពេក រហូតភ្លេចតាមដានសុខភាពខ្លួនឯង៕ សម្រួលដោយ ទៀង បុណ្ណរី