ទេសចរបរទេសជាង១លាន៧សែននាក់មកកម្សាន្តនៅកម្ពុជា ក្នុងនោះភ្ញៀវថៃមកច្រើនជាងគេអំឡុង៤ខែដំបូងឆ្នាំ២០២៣

ភ្ញៀវទេសចរបរទេសប្រមាណ​ជាង១លាន៧សែននាក់ បានធ្វើដំណើរមកកម្ពុជានៅរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៣នេះ។ ចំនួននេះកើនឡើង៦១៣ភាគរយ បើធៀបនឹងទេសចរបរទេសដែលកម្ពុជាទទួលបាន កាលពី៤ខែ ឆ្នាំ២០២២។ នេះបើតាមស្ថិតិទេសចរណ៍ប្រចាំខែមេសារបស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី១៤មិថុនា ឆ្នាំ២០២៣។​  បើតាមរបាយការណ៍ កាលពីត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរបរទេសសរុបជាង១ ២៩០ ០០០នាក់ ខណៈនៅខែមេសាដែលជារដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិ ទទួលបានទេសចរបរទេស ជាង៤សែន៣ម៉ឺននាក់។ ចំនួនកាលពីខែមេសា មានការធ្លាក់ចុះតិចតួច បើធៀបនឹងខែមីនាចុងត្រីមាសទី១ ដែលកាលនោះមាន​ទេសចរជាង ៤សែន៥ម៉ឺននាក់ បានចូលមកដល់។ ទោះយ៉ាងណាសរុបនៅ៤ខែចុងក្រោយ ទេសចរសរុបដែលទទួលបានទាំងជាង​១លាន៧សែន មានកំណើនខ្លាំងដល់ទៅ៦១៣ភាគរយធៀបមនឹង៤រយៈពេលដូចគ្នា ឆ្នាំ២០២២។​ ភាគច្រើននៃទេសចរទាំងនេះ បានធ្វើដំណើរចូលមកកម្ពុជាតាមច្រកជើងគោក និងជើងទឹកសរុបមានចំនួនជាង១លាន៨ម៉ឺននាក់ ក្នុងនោះតាមច្រកព្រំដែនគោកមានជាង១លាន៦ម៉ឺននាក់ និងតាមផ្លូវទឹកមានមានជាង២ម៉ឺន២ពាន់នាក់។ ក្រៅពីនេះ ទេសចរតាមជើងយន្តហោះ មានជាង៦សែន៣ម៉ឺននាក់ ដែលអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញទទួលបានអ្នកមកដល់ច្រើនជាងគេល់ទៅ២៦,៤ភាគរយនៃចំនួនទេសចរសរុប។  គួរជម្រាបថា ទេសចរជនជាតិថៃ នៅតែឈរលើកំពូលតារាង ក្នុងចំណោមភ្ញៀវអន្តរជាតិដែលមកលេងនៅកម្ពុជាច្រើនជាងគេដដែល បន្ទាប់មកគឺវៀតណាម និងចិន។ ក្នុងនោះភ្ញៀវថៃមានជាង ៥៧ម៉ឺននាក់ វៀតណាមជិត២៩ម៉ឺននាក់ និងជនជាតិចិនជាង ១៨ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ ក្រសួងដដែលនេះ ធ្លាប់បានដាក់គោលដៅថានឹងស្រូបទាញទេសចរណ៍ឱ្យបានដល់៤លាននាក់នៅឆ្នាំ២០២៣នេះ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង