កម្ពុជាខាតបង់ជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ ដោយសារការប្រែប្រួលអាកាសធាតុ
ខេត្តពោធិ៍សាត់៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថា តាមការសិក្សាកន្លងមក កម្ពុជាបានខាតបង់ជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ ដោយសារការប្រែប្រួលអាកាសធាតុ…។ ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន ក្នុងយុទ្ធនាការជាមួយប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ស្តីពីកម្មវិធីប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា នៅខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែមិថុនានេះ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា «កម្ពុជា ខាតបង់ជាច្រើនរយលានដុល្លារក្នុងមួយឆ្នាំ ពីខ្យល់កន្ត្រាក់ធ្វើឱ្យរំលំផ្ទះ ទឹកជំនន់ធ្វើឱ្យលិចលង់ដំណាំ ខូចខាតហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ សាលារៀន ហើយនឹងគ្រោះរាំងស្ងួត ធ្វើឱ្យបាត់បង់ផលដំណាំរបស់ប្រជាជលរដ្ឋជាច្រើន»។ ទោះយ៉ាងណា បើប្រៀបធៀបទៅនឹងប្រទេសដទៃខ្លះ គឺពិបាកជាងប្រទេសកម្ពុជាឆ្ងាយណាស់ ដូចជា៖ ប្រទេសហ្វីលីពីនជាដើម ប្រោះប្រទេសក្នុងតំបន់ប្រជុំកោះមួយនេះ ការប្រែប្រួលអាកាសធាតុញឹកញាប់ថ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើកិច្ចអភិវឌ្ឍប្រទេស។ លោក ជួប ប៉ារីស៍ បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងដឹងហើយថា ការប្រប្រែប្រួលអាកាសធាតុ នឹងមានរហូតមិនអាចថយក្រោយទេ ទឹកជំនន់ក៏មាន កាន់តែច្រើនទៅៗ ខ្យល់ព្យុះក៏មានច្រើនដែរ គ្រោះរាំងស្ងួតក៏មាន។ អ៊ីចឹង[..]យើងធ្វើយ៉ាងណាត្រូវបន្សាំ ដូចជាធ្វើផ្លូវឱ្យធំៗ ហើយធ្វើផ្ទះឱ្យធំៗ ដើម្បីការពារពីខ្យល់ព្យុះជាដើម។ ការប្រប្រួលអាកាសធាតុជារឿងពិភពលោក ហើយផលវិបាកនេះ ពីការកើតឡើងខ្យល់ព្យុះ ទឹកជំនន់ នឹងគ្រោះរាំងស្ងួតសំខាន់ណាស់៣នេះ។ ពិភពលោកកំពុងនាំគ្នាការពាហើយ ប៉ុន្តែមិនអាចថយមកវិញបានទេ ចឹង..! យើងទាំងអស់គ្នាត្រូវតែនាំគ្នាប្រុងប្រយ័ត្ន»។ សូមបញ្ជាក់ថា របាយការណ៍ម៉ាក្រូសេដ្ឋកិច្ចមានចំណងជើងថា “គំរូផលប៉ះពាល់នៃកំណើនសេដ្ឋកិច្ចកម្ពុជា” ដែលរៀបចំឡើងដោយក្រសួង ហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តភាព ជាមួយការគាំទ្របច្ចេកទេសពីយូអិនឌីភី(UNDP) បានឱ្យដឹងថា នៅឆ្នាំ២០៥០ ការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យប៉ះពាល់ដល់ផលិតភាពការងារ ព្រោះតែការហក់ឡើងខ្ពស់នៃសីតុណ្ហភាពដែលជាមូលហេតុចម្បងនាំឱ្យកម្មករអស់កម្លាំង និងបន្ថយសកម្មភាពក្នុងការងារ។ ការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យកើតមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះកាន់តែច្រើន ដែលនឹងកាត់បន្ថយនូវផលិតភាពធនធាន ជាពិសេស លើវិស័យកសិកម្ម និងជលផលហើយនឹងបង្កើនការខូចខាតដោយសារតែព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលប៉ះពាល់ដល់ផ្លូវថ្នល់ ប្រភពផ្គត់ផ្គង់ទឹក និងហេដ្ឋារចនាសម្ព័ន្ធដទៃផ្សេងទៀត៕ សម្រួលដោយ ទៀង បុណ្ណរី