អ្នកជំនាញអចលនទ្រព្យ​យល់ឃើញ​​​យ៉ាងណា​ ក្រោយសម្តេចតេជោ ឱ្យម្ចាស់បុរីបញ្ឈប់​ការរឹបអូស​យកផ្ទះពលរដ្ឋ?

អ្នកជំនាញអចលនទ្រព្យល្បីៗនៅកម្ពុជា បានលើកឡើងថា បញ្ហារវាងម្ចាស់បុរីរឹបអូសផ្ទះអ្នកទិញ ដែលអស់លទ្ធភាព​បង់បន្ត កើតមានឡើងតាំងពីយូរមកហើយ ប៉ុន្តែទើបតែមួយរយៈចុងក្រោយនេះ មានការផ្ទុះខ្លាំង រហូតដំណឹងនេះ​ជ្រាបដល់សម្តេចតេជោ ហ៊ុន សែន។  ក្រោយទទួលបានដំណឹងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការអន្តរាគមន៍ ដោយអំពាវនាវ​ដល់ម្ចាស់បុរី បញ្ឈប់ការរឹបអូសផ្ទះអតិថិជនប្រសិនបើជាការពិត ហើយសម្រួលគ្នាទៅតាមលទ្ធភាព​ដែលអាច​ទទួលយកបាន ប៉ុន្តែអ្នកទិញ ត្រូវតែមានទំនួលខុសត្រូវផងដែរ។  លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត គាំទ្រវិធានការរបស់សម្តេចតេជោ កុំឱ្យម្ចាស់​បុរីរឹបអូសផ្ទះពលរដ្ឋ ជាអតិថិជន ដែលបង់ប្រាក់រំលស់មិនទាន់ពេល។ ប៉ុន្តែលោកឧកញ៉ា គូសបញ្ជាក់ថា ពលរដ្ឋខ្លួនឯង ក៏គួរតែមានទំនួលខុសត្រូវផងដែរ ព្រោះថា បើសិនជាមិនបង់សោះ ក៏មិនអាចទៅរួចនោះទេ ត្រូវបង់ក្នុងកម្រិតណាមួយ ដែលអាចធ្វើទៅបាន។ ទាក់ទិននឹងបញ្ហានេះ លោកឧកញ៉ា គឹម ហ៊ាង ស្នើឱ្យមានការចរចាគ្នារវាងម្ចាស់បុរី និងធនាគារ ព្រោះម្ចាស់​បុរីខ្ចីលុយធនាគារ ដើម្បីសង់ផ្ទះលក់ ហើយយកលុយពីអ្នកទិញទៅបង់ធនាគារវិញ, ប្រការនេះ ប្រសិនបើ​ចំណូលពីអ្នកទិញធ្លាក់ចុះ ដូចនេះលទ្ធភាពដែលម្ចាស់បុរីបង់ទៅធនាគារ ក៏មាន​បញ្ហាដូចគ្នា។ លោកបន្តដូច្នេះថា« បើសិនជាម្ចាស់បុរីយោគយល់ដល់អ្នកទិញ វាក៏ជាពេលវេលាដែលធនាគារយោគយល់ដល់ម្ចាស់បុរីដូចគ្នា នេះទើបជាយន្តការឈ្នះឈ្នះទាំងអស់គ្នា»។ លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល(GRA) បានលើកឡើងថា ការអន្តរាគមន៍របស់​សម្តេចតេជោ ក្នុងកាលៈទេសៈនេះ គឺជារឿងប្រសើរបំផុត ចំពោះពលរដ្ឋដែលពុំមានលទ្ធភាពបង់ជូនបុរីទាន់ពេលវេលា។ លើសពីនេះទៀត លោកឧកញ៉ា បានថ្លែងកោតសរសើរទៅលើការផ្តល់គំនិតដ៏ឆ្លាតវៃរបស់សម្តេចតេជោ ឱ្យមានការរៀប​ចំឥណទាន និងកម្ចីបង់ប្រចាំខែឡើងវិញ។ បន្ថែមលើនេះ បើតាមលោកឧកញ៉ា សំ សុខនឿន បញ្ហាដែលខុសឆ្គង​មួយទៀតនោះ គឺធនាគារមួយចំនួន នៅពេលដែលអតិថិជនទិញផ្ទះ ក្នុងតម្លៃមួយដែលបានសិក្សា​លទ្ធភាពចុះកិច្ចសន្យា​កម្ចីជាមួយធនាគាររួចហើយ បែរជាធនាគារឆ្លៀតដំឡើងការប្រាក់បន្ថែម ដោយលើកហេតុផលស្ថាន​ភាពសេដ្ឋកិច្ចមិន​ល្អទៅកាន់អតិថិជន ខណៈដែលអ្នកទិញកំពុងជួបបញ្ហាហិរញ្ញវត្ថុប្រចាំខែ។ លោកឧកញ៉ា សង្កត់ធ្ងន់ថា ធនាគារ ឬម្ចាស់បុរី មិនគួរធ្វើបែបនេះទៅលើអតិថិជនខ្លួននោះទេ ព្រោះអាចខាតបង់ទាំងអស់គ្នា។  ចំណែកលោក ច្រឹក សុខនីម ប្រធានក្រុមហ៊ុន Century 21 Mekong ដែលមានជំនាញច្បាស់​ក្នុងវិស័យអចល​នទ្រព្យ បានប្រាប់កម្ពុជាថ្មីដែរថា ជាការពិតណាស់ ម្ចាស់បុរីក៏រងសម្ពាធពីធនាគារ ប៉ុន្តែទោះយ៉ាងណា ត្រូវរកចំណុច​កណ្តាលរួមមួយ រវាងឬសគល់នៃបញ្ហា។ ក្នុងន័យនេះ ម្ចាស់បុរីគួរពន្យារពេលទៅអ្នកទិញខ្លះ ឯធនាគារ ក៏គួរសម្របសម្រួល​ទៅម្ចាស់បុរីដែរ នៅពេលដែលមានការយឺតយ៉ាវ ពោលគឺត្រូវសហការរួមគ្នាដោះស្រាយបញ្ហា។  លើសពីនេះទៀត លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា ជាយន្តការដែលអាចដោះស្រាយបញ្ហាដ៏ល្អបំផុតនោះ គឺរាជរដ្ឋាភិបាល គួរបោះទុនវិនិយោគមួយចំនួនទៅលើធនាគារពាណិជ្ជ ដោយផ្តល់នូវចម្ចីបន្ថែមដល់ម្ចាស់បុរី និងបន្ធូរ​បន្ថយទៅលើអត្រាការប្រាក់សម្រាប់វិស័យសំណង់ និងអចលនទ្រព្យ នោះនឹងជួយឱ្យវិស័យនេះ ទទួលបាននូវ​ភាពរឹង​មាំមានកំណើននៃការទិញលក់កើនឡើង។  ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់តាំងក្រុមការងារពាក់ព័ន្ធមានដូចជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការស្រាវជ្រាវរកទិន្នន័យចំនួនអ្នកទិញ​ដែលកំពុងជួប​បញ្ហាជាមួយម្ចាស់បុរីឱ្យ​បានច្បាស់​លាស់ ដើម្បីដោះស្រាយបញ្ហានេះ ឱ្យបានទាន់ពេលវេលា៕   សម្រយលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង