អ្នកស្រុកសៀមប៉ាង ធ្វើដំណើរ១០ទៅ២០គីឡូ ដើម្បីរកផ្សិតនៅក្នុងព្រៃ

អ្នកភូមិរស់នៅទីជនបទផ្អើលនាំគ្នាជិះគោយន្តទៅរកផ្សិត នៅពេលមានភ្លៀងធ្លាក់ដំបូងជោគជាំដី ទើបដុះនៅតាមព្រៃរបោះ ឬព្រៃស្រោង និងទីវាលជីមានជីជាតិ ឆ្កឹះរុករកកកាយយកមកលក់បានប្រាក់ចំណូលបន្ថែមប្រចាំគ្រួសារ។   លោក ណយ ខុង មេឃុំព្រែកមាស ស្រុកសៀមប៉ាង បានបញ្ជាក់ថា ប្រជាកសិករភាគច្រើននៅរដូវនេះពួកគាត់ទៅរកផ្សិត បន្លែបង្ការធម្មជាតិទៅតាមព្រៃឆ្ងាយៗ ឬតាមតំបន់ព្រុំដែន ស្ថិតនៅឆ្ងាយពីភូមិ និងកន្លែងរស់នៅប្រមាណពី ១០ទៅ​២០គីឡូម៉ែត្រក៏មានដែរ។   លោកបន្តថា នៅរដូវភ្លៀងធ្លាក់ជោគជាំដំបូងមានផ្សិតផក់ ហៅថាផ្សិតបាយ ឬផ្សិតស្បែក ដុះមុនគេ ហើយរំលងបានមួយខែក្រោយមក ទើបមានពពួកផ្សិតក្ងោក និងផ្សិតអន្សោងដុះមកបន្តបន្ទាប់ទៀត។ ចំណែកប្រជាកសិករបាននាំគ្នាទៅរកយកមកបរិភោគ និងលក់ក្នុងមួយរដូវអាចរកប្រាក់ចំណូលបានពីផលអនុផលព្រៃឈើនេះចាប់ពី៥០ម៉ឺនទៅ១​លានរៀលផងដែរក្នុងមួយគ្រួសារ ។  ប្អូនស្រី វ៉ាត់ ពិ អ្នករកផ្សិតផក់រស់នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ចាក់ថា ដោយសារតែមួយរដូវមានម្តងផ្សិតផក់បាយ ផ្សិតផក់ស្បែកនេះ ងាយស្រូលលក់ ក្នុងតម្លៃមួយគីឡូក្រាមលក់បាន១៥.០០០ ទៅ២០.០០០រៀល។ លោកស្រី ញឹម ភីលី រស់នៅភូមិកាំងដីស អ្នកលក់ផ្សិតនេះបានបញ្ជាក់ថា ផ្សិតផក់បាយ, ផ្សិតផក់ស្បែកនេះលក់ចេញវិញមានតម្លៃ២៥.០០០ ទៅ៣០.០០០រៀល ក្នុងមួយគីឡូក្រាម ហើយអ្នកបរិភោគច្រើនទិញយកទៅស្ងោរជាមួយសាច់មាន់-ឆ្អឹងជំនីជ្រូក-ឬស្លប្រហើរម្សៅជាដើម ។ កញ្ញា រី កង្រី រស់នៅឃុំកោះសំពាយ ស្រុកសៀមបូក បានបញ្ជាក់ថា ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋដែលធ្លាប់បរិភោគមិនអាចមើលរំលងទេ ឱ្យតែដល់រដូវមានផ្សិត គឺត្រូវតែទិញយកទៅធ្វើម្ហូបដូចជាស្ងោរជាដើម ដើម្បីបានស្គាល់រស់ជាតិក្នុងមួយឆ្នាំមានម្តង។   លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានណែនាំថា អ្នកបរិភោគផ្សិតធម្មជាតិគ្រប់ប្រភេទត្រូវធ្វើអនាម័យ និងចំអិនឲ្យបានឆ្អិនល្អ ហើយបើមិនស្គាល់ប្រភពច្បាស់លាស់ទេសូមកុំបរិភោគ ដើម្បីយើងលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែទាំសុខភាព។  សូមបញ្ជាក់ថា ផ្សិតធម្មជាតិមានច្រើនប្រភេទដូចជាផ្សិតផក់បាយ, ផ្សិតផក់ស្បែក ផ្សិតអន្សោង-ផ្សិតក្ងោក-ផ្សិតរងារ  -និងផ្សិតកញ្ចូរ ជាដើម ដែលដុះទៅតាមរដូវក្នុងព្រៃភ្នំធម្មជាតិ ដែលមានដើមឈើធំខ្ពស់ៗជាដើម៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង