ពលរដ្ឋប្រមាណ៥០នាក់ នាំគ្នាតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត សុំឱ្យអាជ្ញាធរជួយដោះស្រាយលើករណីឆបោក
ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រមាណ៥០នាក់ កាលពីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានទៅប្រមូលផ្គុំនៅមុខសាលាក្រុងប៉ោយប៉ែត និងអធិការដ្ឋាននគរបាលក្រុង សុំឱ្យអាជ្ញាធរជួយអន្តរាគមន៍លើករណីម្ចាស់ហាងលក់មាសពេជ្រយីហោ ថុងរស្មី ហៅ មនោរម្យ បានវេចលុយបិទទ្វារហាងរត់បាត់…។ ប្រភពពីប្រជាពលរដ្ឋចូលរួមក្នុងការប្រមូលផ្តុំនោះ បានឱ្យដឹងថា ពួកគាត់មានគ្នាប្រមាណជិត៥០នាក់តំណាងឱ្យប្រជាពលរដ្ឋជិត១០០នាក់ បានចាញ់បោកម្ចាស់ហាងលក់មាសពេជ្រនោះដោយយកលុយមកឱ្យចងការ ព្រមទាំងខ្លះទៀតយកលុយមកផ្ញើសម្រាប់ប្តូរពីលុយបាតមកជាលុយដុល្លារ និងមានមាសមួយចំនួនទៀត។ តែអ្វីដែលពួកគាត់ទទួលបានពេលនេះ ម្ចាស់ហាងមាសពេជ្រយីហោ ថុងរស្មី ហៅមនោរម្យ ស្ថិតនៅភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានម្ចាស់ ឈ្មោះ ថុង រស្មី អាយុ៤០ឆ្នាំ(ជាប្ដី) និងឈ្មោះ ហេង មួយឡេង អាយុ៣៩ឆ្នាំ(ប្រពន្ធ) បានបិទទ្វារហាងរត់បាត់អស់រយៈពេលជិត១ខែមកហើយ មិនឃើញចេញមុខមកដោះស្រាយទ្បើយ។ ទន្ទឹមនឹងនោះ លោកវសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានគូសបញ្ជាក់ឱ្យដឹងថា រហូតដល់ពេលនេះមន្ត្រីនគរបាលជំនាញបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលចាញ់បោក ម្ចាស់ហាងលក់មាសពេជ្រយីហោ ថុងរស្មី ហៅ មនោរម្យ មានប្រមាណជាង៥០នាក់ ក្នុងនោះរួមមាន៖ អ្នករស់នៅក្រុងប៉ោយប៉ែត និងតាមបណ្តាស្រុក-ក្រុង និងខេត្ត។ លោកបន្តថាចំពោះពាក្យបណ្តឹងទាំងនោះត្រូវបានបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសុំដិការបង្គាប់ពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីស្រាវជ្រាវ និងនាំខ្លួនម្ចាស់ហាងខាងលើមកដោះស្រាយបំណុលហើយអនុវត្តតាមច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី