ត្រឹម១សប្តាហ៍ដំបូងនៃខែមិថុនា ក.ប.ប. រកឃើញផលិតផលសាច់ខូចគុណភាពជិត៦តោន

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល១សប្តាហ៍ដើមខែមិថុនានេះ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) បានរកឃើញដកហូត និងដុតកម្ទេចចោលនូវផលិតផលសាច់បង្កកខូចគុណភាពមិនមានអនុលោមភាពចំនួន៥៩៤១គីឡូក្រាម…។ យោងតាមការឱ្យដឹងរបស់ក.ប.ប. កាលពីថ្ងៃទី៦ខែមិថុនា ឆ្នាំ២០២៣ ថា ដោយអនុវត្តតាមតួនាទី និងភារកិច្ចក្នុងនាមជាមន្ត្រីអធិការកិច្ចម្ហូបអាហារ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីនៃសាខា ក.ប.ប. ខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងទទួលបានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានប្រើយុទ្ធសាស្ត្រឃ្លាំមើល និងឃាត់ស្ទាក់មធ្យោបាយដឹកជញ្ជូននូវផលិតផលសាច់បង្កកមួយចំនួនបានរួមមាន៖ ស្លាបមាន់ចំនួន១៥០០គីឡូក្រាមប្រហិតសាច់មាន់សាច់គ្រឿងក្នុងជ្រូកត្រីសាបាក់ និងគ្រឿងសមុទ្រចំនួន ៤៤៤១គីឡូក្រាម ដែលនាំចូលមកក្នុងកម្ពុជា តាមច្រកនានា នៃខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យ ពោលគឺដឹកចេញឆ្លងដែនមកពីប្រទេសក្បែរខាងកម្ពុជា។  ប្រភពពីមន្ត្រីសមត្ថកិច្ចខាងលើបានឱ្យដឹងបន្តថា បន្ទាប់ពីត្រួតពិនិត្យ និងធ្វើតេស្តលើសំណាកគំរូសាច់បង្កកទាំងនោះ មន្ត្រីជំនាញពិនិត្យឃើញថា ផលិតផលទាំងនោះសុទ្ធតែពុំមានគុណភាពស្របតាមបទដ្ឋានបច្ចេកទេស ដោយសារការរក្សាទុកពុំត្រឹមត្រូវ មានក្លិនស្អុយ មានបាក់តេរី និងពុំមានឯកសារនាំចូលទំនិញ ជាពិសេសវិញ្ញាបនបត្រអនាម័យ និងភូត្តគាមអនាម័យនោះទេ ទើបមន្ត្រីជំនាញ ក.ប.ប. រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានធ្វើការដុតកម្ទេចចោលនូវផលិតផលសាច់បង្កកទាំងនោះ នៅតាមទីតាំងដែលបានកំណត់។ យ៉ាងណា មហាជនបនាសម្តែងការព្រួយបារម្ភផងដែរ ចំពោះក្រុមឈ្មួញដែលបាននាំចូលសាច់ និងទំនិញខូចគុណភាពពីប្រទេសជិតខាងកម្ពុជា យកមកលក់ចែកចាយជូនប្រជាពលរដ្ឋបង្កជាគ្រោះមហន្តរាយដល់សុខភាពសាធារណៈ និងបានស្នើឱ្យអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ពង្រឹង និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះជនទាំងនោះ កុំមានការលើកលែងឡើយ ព្រោះបើសមត្ថកិច្ចចាប់ឃាត់មិនបានទេ តើសុខភាពប្រជាជននឹងទៅជាយ៉ាងណា? ហើយចុះអ្នកដែលចាប់មិនបាន តើនឹងចែកចាយទៅខាងណាខ្លះ…? គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅមន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករខេត្ត ក៏ធ្លាប់ឃាត់ស្ទាក់ចាប់បានរថយន្តដឹកផលិតផលសាច់បង្កក ដែលមិនអនុលោមតាមបច្ចេកទេសក្នុងការរក្សាទុកបណ្តាលឱ្យខូចគុណភាពសរុបចំនួន១០៧៣គីឡូក្រាម និងបានដុតកម្ទេចចោលភ្លាមៗ នាថ្ងៃបន្ទាប់ផងដែរ។ ជាមួយគ្នានោះ សាខា ក.ប.ប. ខេត្តកែប កំពង់ស្ពឺ បន្ទាយមានជ័យ រតនគិរី និងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ដែលទទួលបានអាណិត្តផ្តល់ដោយច្បាប់ បន្តឃ្លាំមើលពិនិត្យទីផ្សារតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញហូបចុក ទំនិញវេចខ្ចប់ស្រេចគ្រប់ប្រភេទដែលដាក់លក់លើទីផ្សារផងដែរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង