មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ផ្ទុះអាវុធជាង១០គ្រាប់ ដោយសារទំនាស់ពាក្យសម្តីជាមួយឪពុកមា
មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ខេត្តសៀមរាបម្នាក់ដកអាវុធបាញ់ចូលក្នុងផ្ទះជាង១០គ្រាប់ បន្ទាប់ពីផឹកស្រាស្រវឹង ហើយមានទំនាស់ពាក្យសម្តីជាមួយឪពុកមា។ យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថមូលដ្ឋាន បានឲ្យដឹងថា កាលពីវេលាម៉ោង១៩និង៥៨នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីផ្ទុះអាវុធកាំភ្លើងAk ៤៧ ប្រហែលជាង១០គ្រាប់នៅចំណុចស្ថិតភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ដែលបង្កឡើងដោយឈ្មោះ លួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប៉ូលីសអន្តរាគមន៍ស្នងការខេត្តសៀមរាប រស់នៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ របាយការណ៍បន្តថា នៅមុនពេលកើតហេតុជនបង្កបានផឹកស៊ីស្រវឹង ហើយក៏មានទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំ ភូមិកើតហេតុខាងលើ។ ក្រោយទាស់ពាក្យសំដី ឈ្មោះ លួន សុផាត បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមកក៏ឃើញត្រលប់មកវិញមានទាំងស្ពាយកាំភ្លើងវែងប្រភេទ អាកា៤៧ មកជាមួយផង។ បន្ទាប់ពីមកដល់ ជនបង្កបានយកកាំភ្លើងបាញគំរាមឪពុកមាជាច្រើនគ្រាប់។ បន្ទាប់ពីធ្វើសកម្មភាព ជនសង្សយ័ត្រូវបានខាងស្នងការខេត្តសៀមរាបឃាត់ខ្លួនយកទៅសួរនាំ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី