ប្រធានមន្ទីរឧស្សាហកម្មថា ការប្រមូលផលអំបិលកំពត-កែប ទទួលបានជាង ៧ម៉ឺនតោន

ចុងរដូវនៃការប្រមូលផលអំបិលកំពត-កែប ទទួលបានទិន្នផលប្រមាណជាង ៧ម៉ឺនតោន ដោយអំបិលនៅ​ក្នុងស្តុក​នៅសល់ជាង ២ម៉ឺនតោន ខណៈដែលទិន្នន័យនៃការចែកចាយនៅទូទាំងប្រទេស បាននិងកំពុងស្រង់ស្ថិតិបន្ថែម, ទោះយ៉ាងណាមានការប៉ាន់ស្មានថាបានចែកចាយអស់ជាង ៥ម៉ឺនតោន។ នេះជាការបញ្ជាក់របស់លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត។  ថ្លែងប្រាប់កម្ពុជាថ្មី លោក សុខ គឹមជឿន បានសន្និដ្ឋានថា គិតមកដល់ពេលនេះ ការប្រមូលផលបានជាង ៧ម៉ឺនតោន​ហើយ នៅសេសសល់មួយចំនួនទៀត ដោយប្រជាកសិករកំពុងប្រញាប់ប្រមូលប្រណាំងនឹងអាកាសធាតុ។ បើតាម​លោក គឹមជឿន ការផ្គត់ផ្គង់អំបិលនៅឆ្នាំ ២០២៣នេះ អាចនឹងគ្រប់គ្រាន់ ឬសល់ថែមទៀតផង ខណៈកម្ពុជា មានតម្រូវ​ការអំបិលប្រមាណ ១០ម៉ឺនតោន ក្នុងមួយឆ្នាំ។  លោកបន្តដូច្នេះថា «ឥឡូវមិនទាន់ចប់រដូវផលិត១០០ភាគរយទេ អាចបន្តនៅមើលអាកាសធាតុបន្តិច ប៉ុន្តែកន្លែងខ្លះ​ក៏កំពុង​​បញ្ចូលទឹកដើម្បីដាក់ផលិតបន្តទៀត, យើងអាចនិយាយបានថាការផ្គត់ផ្គង់គ្រប់គ្រាន់មិនបាច់នាំចូលមកទៀតទេ ហើយអំបិលនាំចូលកន្លងមក ក៏នៅសល់ប្រហែល ១ម៉ឺនតោនក្នុងស្តុកដែរ»។   ដូចគ្នានេះដែរ លោក ប៊ុន ណារិន ប្រធានសមាគមផលិតទំនិញសម្គាល់ភូមិសាស្រ្តអំបិលកំពត-កែប បានឱ្យដឹងថា នៅពេលនេះ បានផុតរដូវការធ្វើប្រហុកផ្អកហើយ ដូច្នេះតម្រូវការអំបិលក៏មានការថមថយប​ន្តិច ដោយលោកជឿជាក់ថា អំបិលអាចនឹងផ្គត់ផ្គង់គ្រប់តម្រូវការនៅឆ្នាំនេះ។  ប្រធានសមាគមរូបនេះ បានឱ្យដឹងទៀតថា នៅក្នុងរដូវប្រមូលផលនេះ អំបិលធម្មតា មានតម្លៃចន្លោះពី ២៥ ០០០ ទៅ ៣ម៉ឺនរៀល ក្នុងមួយបាវ(៥០គីឡូ)។ ដោយឡែកសម្រាប់អំបិល GI មានតម្លៃចន្លោះពី ៤ម៉ឺន ទៅ ៥ម៉ឺនរៀល ក្នុងមួយ​បាវ។ លោក ប៊ុន ណារិន បញ្ជាក់ថា ស្របពេលដែលទីផ្សារអំបិលមានស្ថានភាពល្អប្រសើរ ពលរដ្ឋដែលធ្លាប់​បោះបង់​មុខរបរនេះ ក៏ចាប់ផ្តើមងាកមកចាប់អាជីពនេះវិញជាបណ្តើរៗផងដែរ។  បើតាមលោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជា មានផ្ទៃដីផលិតអំបិលនៅខេត្តកំពតប្រមាណជិត ៣ ៦០០ ហិចតា ខេត្តកែបមានប្រហែល ១ពាន់ហិចតា និងខេត្តកោះកុងជាង ១០ហិចតា ដោយ​ក្នុងនោះមានអ្នកផលិតចំនួនជាង ១៧០ក្រុម៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង