ប្រទះឃើញក្រឡជាច្រើនក្នុងបាតសមុទ្រមានអាយុកាលរាប់រយឆ្នាំ

សមុច្ច័យ​កុលាលភាជន៍​ដែល កង​កម្លាំង​នៃ​ទី​បញ្ជាការ​ជួរ​មុខ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ដែលទើបរកឃើញ ហើយ​ស្រង់​យក​​ពី​សំ​ពៅ​ជំនួញ​ ​លិច​ក្នុង​​ភូមិសាស្ត្រ​ចន្លោះ​កោះ​តាគៀវ និង​កោះ​ឫស្សី នាពេលថ្មីៗនេះ បើតាម​ការ​សិក្សា​ប្រៀប​ធៀប​គេ​អាច​សន្មត​ថា ​សំពៅ​ដឹក​ទំនិញ​ជំនួញ​​នេះ ប្រហែល​ស្ថិត​នៅ​ចន្លោះ​​ ស.វ.​១៥ ស.វ.១៧ នៃ​គ.ស. ឬ​អាច​និយាយ​បាន​ថា ​ស្ថិត​នៅ​រវាង ៣០០ឆ្នាំ ទៅ ៥០០ឆ្នាំ មុន​ពេល​បច្ចុប្បន្ន។  នៅ​ថ្ងៃទី១ ខែ​មិថុនា ឆ្នាំ២០២៣ ម្សិល​មិញ​នេះ​ លោក អ៊ុក សុខា អគ្គនាយ​ នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ក្រសួង វប្បធម៌​ និង​វិចិត្រសិល្បៈ បាន​ដឹក​នាំ​ក្រុម​ការងារ​នៃ អគ្គនាយក​បេតិកភណ្ឌ សហការ​ជា​មួយ លោក​ឧត្តមនាវាទោ លី ហួត មេ​​បញ្ជាការ​សន្តិសុខលម្ហ​សមុទ្រ មន្ត្រី​ជាន់​ខ្ពស់​នៃ​ទី​បញ្ជាការ​ជួរ​មុខ​អគ្គលេខាធិការដ្ឋាន ​នៃ​គណៈកម្មការ ជាតិ​សន្តិសុខ​លំហ​សមុទ្រ ចុះពិនិត្យ​ និង​វាយតម្លៃពី​សមុច្ច័យ​កុលាលភាជន៍ ជា​​ច្រើន​ប្រភេទ ​ដូច​ជា​ពាង​ត្រចៀក​បួន, ក្រឡ​ត្រចៀក​បួន, ខួច, ក្អម, ចាន, ឆ្នាំង, ជើងក្រាន រួម​ទាំង​វត្ថុ​​ផ្សេង​ៗ​ជា​ច្រើន​​ទៀត​។  ហើយបច្ចុប្បន្ននេះ ត្រូវបានកង​កម្លាំង​នៃ​ទី​បញ្ជាការ​ជួរ​មុខ​អគ្គលេខាធិការដ្ឋាន​ ដែលបានរកឃើញ​​​​ និង​យក​មក​រក្សា​ទុក​នៅ​ទី​បញ្ជាការ​ជួរ​មុខ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ​នៅ​សាលា​ហ្វឹកហ្វឺន​កង​ទ័ព​ជើង​ទឹក​ក្នុង​ខេត្ត​ព្រះសីហនុ។ ​ យ៉ាងណាមិញ ​ក្នុង​នោះ​កុលាលភាជន៍​ភាគ​ច្រើន ត្រូវ​បាន​សន្និដ្ឋាន​ថា ពួក​វា​ត្រូវ​បាន​ដុត​ក្នុង​កម្ដៅ​ខ្ពស់ ​និង​មាន​ផ្ទៃ​រលោង ផលិត​​នៅ​ក្នុង​តំបន់ ដូច​ជា ឡ​មេណាំណយ និង​ឡ​ស្រីសជនាល័យ ក្នុង​ខេត្ត​សិង្ហបុរី និង​សុខោទ័យ ក្នុង​ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះ ។ដោយ​ឡែក​ចំពោះ ភាជន៍​ផលិត​បែប​ប្រពៃណី ​គេ​បាន​ឱ្យ​ដឹង​ថា គឺ​ផលិត​នៅ​តាម​ភូមិ​ក្បែរ​ក្រុង​អយុធ្យា។  ​ស្រប​ពេល​ជា​មួយ​គ្នា​នោះ លោក​ អ៊ុក សុខា បាន​ស្នើសុំ លោក ឧត្តមនាវាទោ លី ហួត ជួយ​សហការ​ការ​ការពារ​តំបន់​សំពៅ​លិច​ដោយ​បោះ ផ្ទាំង​សញ្ញា​សម្គាល់​តំបន់​អភិរក្ស​បេតិកភណ្ឌ​ក្រោមទឹក​ក្នុង​ភូមិសាស្ត្រ​សំពៅ​លិច និង​បាន​សុំ​ប្រគល់​វត្ថុ​ដែល​បាន​រក​ឃើញ​ជូន​ក្រសួង វប្បធម៌​ និង​វិចិត្រសិល្បៈ​រក្សា​ទុក​ជា​សម្បត្តិ ជាតិ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង