តុលាការរឹបអូសរថយន្តអភិបាលរងខេត្តបន្ទាយមានជ័យ រឿងជំពាក់បំណុល

យោង​តាម​ដីកា​សម្រេច​រឹបអូស​ជា​បណ្ដោះអាសន្ន​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើការ​រឹបអូស​ជា​បណ្ដោះអាសន្ន​នូវ​រថយន្ត​ម៉ាក Rang Rover ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១១ ពាក់​ស្លាក​លេខ ភ្នំពេញ 2v-6161 ដែល​ជា​កម្មសិទ្ធិ​របស់​កូនបំណុល នៃ​ការ​អនុវត្ត​ឈ្មោះ គឹង វណ្ណៈ។  ក្នុង​កំណត់ហេតុ​ស្ដីពី​ការ​អនុវត្ត​ដីកា​សម្រេច​រឹបអូស​ជា​បណ្ដោះអាសន្ន​នេះ ធ្វើឡើង​កាលពី​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០២៣ វេលា​ម៉ោង ១៦ និង ០០ នាទី​រសៀល ដោយ​លោក ឡោ សហឺ អាជ្ញាសាលា នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មាន​លោក ហ៊ាង ចាន់ដារ៉ា ជា​អ្នកធ្វើ​កំណត់ហេតុ និង​សហការ​ជាមួយ​លោក​អនុសេនីយ៍ឯក អឿន សេងអាន នាយសេនាធិការ​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ និង​លោក​អនុសេនីយ៍​ទោ អ៊ូ ផានិត ជំនួយការ​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ។  ការ​រឹបអូស​ជា​បណ្ដោះអាសន្ន​នេះ ស្ថិតនៅ​ផ្លូវ​លេខ ៥៩៨ ភូមិ​ទំបន់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​អ្នក​កាន់កាប់ និង​ប្រើប្រាស់​រថយន្ត​ឈ្មោះ អេង សុភាព ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ដែល​ជា​កូនចៅ​របស់​លោក គឹង វណ្ណៈ ខណៈ​ការ​ចុះ​រឹបអូស​ជា​បណ្ដោះអាសន្ន​នេះ​ពុំបាន​ជួប​កូន​បំពុល នៃ​ការ​អនុវត្ត​ឈ្មោះ គឹង វណ្ណៈ ឡើយ បន្ទាប់ពី​ការ​អាន​ដីកា សម្ដេច ខាងលើ​ឲ្យ​អ្នក​ដែល​ចូលរួម​ស្តាប់ ឃើញ​ថា ឈ្មោះ អេង សុភាព ពុំបាន​តវ៉ា​ចំពោះ​ការ​អនុវត្ត​នេះ​ឡើយ ហើយ​បាន​ឯកភាព និង​សហការ​ជាមួយ​អាជ្ញាសាលា នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ។  អាជ្ញាសាលា នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​ឈ្មោះ អេង សុភាព ធ្វើការ​ប្រមូល និង​រុះរើ​សម្ភារៈ​ទាំងអស់​ចេញពី​ក្នុង​រថយន្ត​ដែល​ជា​កម្មវត្ថុ នៃ​ការ​អនុវត្ត និង​ប្រគល់​សោ​រថយន្ត រួម​ទាំង​រថយន្ត មក​អាជ្ញាសាលា នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​រឹបអូស​ជា​បណ្ដោះអាសន្ន​តាម​នីតិវិធី​ជា​ធរមាន។  គួរ​បញ្ជាក់​ផង​ដែរ​ថា សេចក្ដី​សម្រេច​អនុវត្ត​តាម​ខ្លឹមសារ នៃ​ដីកា​សម្រេច​រឹបអូស​ជា​បណ្ដោះអាសន្ន លេខ ១៦៨ ក​.​ដ​.​រ ចុះ​ថ្ងៃ​ទី ១២ ខែ​មេសា ឆ្នាំ ២០២៣ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សម្រេច​ធ្វើការ​រឹបអូស​ជា​បណ្ដោះអាសន្ន​នូវ​រថយន្ត​ម៉ាក Rang Rover ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១១ ពាក់​ស្លាក​លេខ ភ្នំពេញ 2v-6161 ជា​កម្មសិទ្ធិ​របស់​កូនបំណុល នៃ​ការ​អនុវត្ត​ឈ្មោះ គឹង វណ្ណៈ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង