នៅសុខៗស្រាប់តែប្រឡាយទឹកក្រោមស្ពានរីយ៉ាល់តូ ប្រែពណ៌បៃតងយ៉ាងអាថ៌កំបាំង
កាលពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ នាយកដ្ឋានពន្លត់អគ្គីភ័យអ៊ីតាលីបានឲ្យដឹងថា អាជ្ញាធរកំពុងស្វែងរកមូលហេតុបណ្ដាលឲ្យប្រឡាយទឹកសំខាន់ក្រោមស្ពានរីយ៉ាល់តូប្រែទៅជាពណ៌បៃតងចម្លែក ។ ដូច្នេះភ្នាក់ងារការពារបរិស្ថានក្នុងតំបន់ បានយកគំរូនៃទឹកដែលប្រែពណ៌ដើម្បីស្រាវជ្រាវរកសារធាតុបង្ក ទន្ទឹមនោះទីភ្នាក់ងារសារព័ត៌មាន Ansa បានរាយការណ៍ថា អភិបាលទីក្រុង Venice ធ្វើការកោះហៅកិច្ចប្រជុំកងកម្លាំងប៉ូលិសបន្ទាន់មួយ ដើម្បីស្វែងយល់ពីអ្វីដែលបានកើតឡើង និងសិក្សាពីវិធានការណ៍ទប់ទល់ផងដែរ ។ ហេតុការណ៍ខាងលើធ្វើឲ្យគេនឹកឃើញដល់ពេលក្រុមសកម្មជនធ្វើឲ្យទឹកនៅទីក្រុង Rome ចេញពណ៌ខ្មៅដោយប្រើធ្យូងធ្វើពីបន្លែ ដើម្បីប្រឆាំងនឹងការប្រើប្រាស់ផូស៊ីលឥន្ធនៈ ។ ចំណែកលើកនេះវិញមិនទាន់មាននរណាចេញមុខទទួលខុសត្រូវនៅឡើយទេ ទើបគេធ្វើការពិសោធន៍ជាមួយគំរូទឹកបៃតងដើម្បីដឹងមូលហេតុពិតប្រាកដ ៕ សម្រួលដោយ ទៀង បុណ្ណរី