ខឹងប្ដីមានស្រីមិនគិតប្រពន្ធកូន ទាញកាំភ្លើងបាញ់សម្លាប់ខ្លួនឯងទាំងព្រឹក

ភ្នំពេញ៖ ដោយសារ​តែ​កើត​ភ្លើង​ប្រច័ណ្ឌ​ប្ដី​មាន​ស្រីមិន​គិតគូរ​ប្រពន្ធ​កូន ស្ត្រី​ម្នាក់បាន​ទាញ​កាំភ្លើង​របស់​ប្ដី​បាញ់​ក្បាល​ខ្លួនឯង​មួយ​គ្រាប់បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៦:៣០នាទី​ព្រឹក ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ ២០២៣ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ១១ ផ្លូវ​បេតុង ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។  ស្ត្រីរងគ្រោះ​ឈ្មោះ ឡុង ចាន់នី ភេទ​ស្រី អាយុ ៤០ ឆ្នាំ មុខរបរ​មេផ្ទះ។ ចំណែក​ប្ដី​ជនរងគ្រោះ​ឈ្មោះ យ៉ែម ប៊ុនធឿន អាយុ ៤៦ ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ នៅ​ក្រសួងមហាផ្ទៃ។  ប្រភព​​ពី​កូនស្រី​ជនរងគ្រោះបានឱ្យដឹងថា កាលពី​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ២០២៣ ម្ដាយ​​បាន​មកពី​ពិធី​បុណ្យ​ជាមួយ​នឹង​ឪពុក​របស់​ខ្លួន។ បន្ទាប់មកម្ដាយ​បាន​និយាយផ្តែផ្តាំ​ថា ឱ្យ​នាង​ជួយ​មើលថែ​ប្អូនៗផង ប៉ុន្តែ​នាង​មិន​ចាប់អារម្មណ៍ ក៏​នាំគ្នា​ឡើង​សម្រាក​រៀងៗ​ខ្លួន​អស់​ទៅ។ លុះ​ដល់​ព្រឹក​ឡើងនៅ​ម៉ោង​កើតហេតុ ស្រាប់តែ​ឮ​សំឡេង​ដូច​រន្ទះបាញ់ ហើយ​ឪពុក​របស់​នាង បាន​ស្រែក​ថា «ម៉ាក់​បាញ់​ខ្លួនឯង​ស្លាប់​បាត់​ហើយ​កូន»។ ក្នុង​នោះ នាង​ឃើញ​ឪពុក​យក​កាំភ្លើង​ដក​គ្រាប់​ចេញ។  ប្រភព​ដដែល​បាន​បន្ត​ថា នេះមិនមែនជាលើកទី១ដែលស្ត្រីរូបនេះព្យាយាមសម្លាប់ខ្លួនឯងនោះទេ កន្លងមក​ជនរងគ្រោះ​តែងតែ​ប៉ុនប៉ង​សម្លាប់​ខ្លួនឯង​ជាច្រើន​ដង តែ​មិនបាន​សម្រេច ដោយ​ប្ដី​ឃើញ​ទាន់ ជួនកាល​អ្នក​ជួល​បន្ទប់​ជួល​ជួយ​ទាន់​(​ពេលរកចង.កសម្លាប់​ខ្លួន)។ ចំពោះ​មូលហេតុ​វិញ គឺដោយសារ​តែ​ប្រពន្ធ​ប្រច័ណ្ឌ​ប្ដី​មាន​ស្រី។ ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋានបាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ហ៊ុមព័ទ្ធ​ធ្វើ​កោសល្យវិច័យ​ជាក់ស្ដែង៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង