កូរ៉េខាងត្បូងឃាត់ខ្លួនអ្នកដំណើរម្នាក់ បន្ទាប់ពីបានបើកទ្វារយន្តហោះពេលកំពុងហោះហើរ
ប៉ូលិសកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រទី២៦ ខែឧសភា បានឃាត់ខ្លួនបុរសម្នាក់ ដែលបើកទ្វារយន្តហោះ Asiana Airlines (020560.KS) នៅប៉ុន្មាននាទីមុនពេលចុះចតនៅទីក្រុង Daegu ដែលបង្កឱ្យអ្នកដំណើរភ័យស្លន់ស្លោជាខ្លាំង។ មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុង Daegu បានអះអាងថា អ្នកដំណើរ៩នាក់ ដែលជាក្មេងជំទង់ទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានបញ្ហាផ្លូវដង្ហើម។ អ្នកដំណើរអាយុ៤៤ឆ្នាំមិនស្គាល់អត្តសញ្ញាណ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា៖ «ខ្ញុំគិតថាយន្តហោះនឹងផ្ទុះ[..]វាមើលទៅដូចជាអ្នកដំណើរដួលសន្លប់នៅក្បែរទ្វារបើកចំហអ៊ីចឹង»។ ក្រសួងដឹកជញ្ជូនបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលីសបានចាប់ខ្លួនបុរសដែលបានបើកទ្វារនោះ ហើយអាជ្ញាធរកំពុងស៊ើបអង្កេតលើការរំលោភច្បាប់សុវត្ថិភាពអាកាសចរណ៍។ លើសពីនេះ មន្ត្រីក្រសួងដឹកជញ្ជូនបានប្រាប់រ៉យទ័រថា អាជ្ញាធរកំពុងពិនិត្យមើលថា តើក្រុមហ៊ុនអាកាសចរណ៍ Asiana បានអនុវត្តតាមពិធីសារ ដើម្បីគ្រប់គ្រងច្រកចេញក្នុងគ្រាអាសន្នដែរ ឬយ៉ាងណា? មន្ត្រីរូបនេះបានអះអាងថា វាអាចបើកច្រកចេញសង្គ្រោះបន្ទាន់ នៅពេលដែលយន្តហោះនៅជិតដី ដោយសារសម្ពាធខាងក្នុង និងខាងក្រៅកាប៊ីន គឺស្រដៀងគ្នា។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Asiana បាននិយាយថា យន្តហោះនេះនៅសល់រយៈពេលពីរទៅបីនាទី ដើម្បីធ្វើការចុះចត ខណៈពេលអ្នកដំណើរប្រុសដែលអង្គុយក្បែរច្រកចេញសង្គ្រោះបន្ទាន់ បានបើកគម្របមួយ ហើយទាញចេញ ដូច្នេះទ្វារបានបើកជាមួយនឹងយន្តហោះដែលមានចម្ងាយប្រហែល២០០ម៉ែត្រពីដី។ អ្នកនាំពាក្យរូបនេះ បាននិយាយថា អ្នកជិះលើយន្តហោះទាំងអស់ត្រូវបានអង្គុយដោយខ្សែក្រវាត់សុវត្ថិភាព ព្រោះយន្តហោះជិតនឹងចុះចត។ ក្រោយពេលកើតហេតុ ទ្វារសង្គ្រោះបន្ទាន់ចំហក្បែរស្លាបឆ្វេងរបស់យន្តហោះ។ លោក សន មីយ៉ុងវ៉ាន់ (Sohn Myong-hwan) សាស្ត្រាចារ្យនៅនាយកដ្ឋានថែទាំអាកាសចរណ៍នៃសាកលវិទ្យាល័យ Sehan របស់ប្រទេសកូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថា៖ «វាមានគ្រោះថ្នាក់ជាពិសេសក្នុងអំឡុងពេលចុះចត និងហោះឡើង ដូច្នេះបុគ្គលិកជើងហោះហើរណាម្នាក់គួរតែបញ្ឈប់អ្នកដំណើរនោះ» ។ ជាចុងក្រោយលោកបានបញ្ជាក់ថា៖«សម្រាប់ខ្ញុំ វាហាក់ដូចជាពិបាកសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាចគេចចេញពីការទទួលខុសត្រូវដ៏មានសក្តានុពលណាមួយនៅទីនេះ»៕ សម្រួលដោយ ទៀង បុណ្ណរី