ម្ចាស់​​មេដាយ​៥​គ្រឿង វ៉ិត ចន្ថា ប្តេជ្ញា​ការពារ​មេដាយ​មាស​លើ​ទឹក​ដី​របស់ខ្លួន

កីឡាការិនី​អត្តពលកម្ម​ឆ្នើម​របស់​កម្ពុជា វ៉ិត ចន្ថា នឹង​ប្រកួត​៣​វិញ្ញាសា​​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣​ នៅ​ប្រទេស​កម្ពុជា។សម្រាប់​ការ​ត្រៀម​ខ្លួន​ប្រកួត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ វ៉ិត ចន្ថា បាន​ប្រាប់​ថា អ្នក​ស្រី​បាន​ត្រៀម​​ប្រកួត​៣​វិញ្ញាសា​គឺ​​​លោត​ចម្ងាយ រត់​ចម្ងាយ​២០០​ម៉ែត្រ និង​៤០០​ម៉ែត្រ។ ​វិញ្ញាសា​ទាំង​៣​នេះ​​ អ្នក​ស្រី​សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី​១១ ​ឆ្នាំ​២០២២ និង​រំពឹង​ទទួល​បាន​លទ្ធផល​ជូន​ជាតិ​ទៀត។  អ្នកស្រី​បាន​ហ្វឹក​ហាត់​​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ប៉ុន្តែ​​កាល​ពី​ពេល​ថ្មី​ៗ​​នេះ​ជាកន្លែង​រៀបចំ​ការ​ប្រកួតកីឡា​ស៊ីហ្គេម ដូច្នេះ​ការ​ហ្វឹក​ហាត់​ក៏​មិន​សូវ​ដិត​ដល់​​ប៉ុន្មាន​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា​ ឥឡូវ​នេះអ្នក​ស្រី​បាន​​ទៅ​ហ្វឹក​ហាត់​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ វ៉ិត ចន្ថា បាន​ប្រាប់​សារព័ត៌មាន​កម្ពុជា​ថ្មី​ថា ៖«ឥឡូវ​នេះ​ ជិត​ដល់​ពេល​​​ប្រកួត​អត់​សូវ​បាន​ហ្វឹក​ហាត់​ដល់​​ដែរ ដោយសារ​​កន្លែង​ហ្វឹក​ហាត់​​នៅ​អូឡាំពិក​រៀបចំ​ការ​ប្រកួត​កន្លង​មក។ បើ​ហាត់​នៅ​អូឡាំពិក​ ពេល​ខ្លះ​បាន​ពេល​ព្រឹក តែ​អត់​ពេល​ល្ងាច តែ​សម្រាប់​កំណត់​ត្រាថិរវេលា​លើ​វិញ្ញាសា​អត់​អី​ទេ។ ថិរវេលា​​វិញ្ញាសាខ្លះ​ ខ្ញុំ​​បាន​បំបែក​​កំណត់​ត្រា​ចាស់​​ដែរ (ធ្វើ​បាន​ល្អ​ជាង​កំណត់​ត្រា​ចាស់)។   ខ្ញុំ​គិត​ថា ល្អ​ប្រសើរ​ជាង​មុន»។ តាម​រយៈ​ការ​ធ្វើ​បាន​ល្អ​​ជាង​​កំណត់​ត្រា​ចាស់​លើ​វិញ្ញាសា​​ខ្លះ អ្នក​ស្រី វ៉ិត ចន្ថា​ បាន​ដាក់​ចិត្ត​កាយ និង​ប្តេជ្ញា​​ការពារ​មេដាយ​មាស​របស់​ខ្លួន​​ឲ្យ​បាន​ជោគជ័យ និង​ស្វែង​រក​មេដាយ​មាស​ឲ្យ​ខាង​តែ​បាន​ដើម្បី​ជូន​ជាតិ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម។  រហូត​ដល់​ពេល​នេះ​ កីឡាការិនី​ឆ្នើម វ៉ិត ចន្ថា បាន​ឈ្នះ​មេដាយ​​៥​គ្រឿង​​ពី​កីឡា​ជន​ពិការ​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ធ្លាប់​បាន​ចូល​រួម​ប្រកួត​​​កន្លង​មក។ ​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី៨ ឆ្នាំ​២០១៥ នៅ​ប្រទេស​សិង្ហបុរី វ៉ិត ចន្ថា មិន​ទទួល​បាន​មេដាយ​ទេ ប៉ុន្តែ​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​៩ ឆ្នាំ​២០១៧ នៅ​ប្រទេសម៉ាឡេស៊ី អ្នក​ស្រី​បាន​ឈ្នះ​មេដាយ​២​គ្រឿង​គឺ​ប្រាក់១​​លើ​វិញ្ញាសា​លោត​ចម្ងាយ និង​សំរឹទ្ធ១​លើ​វិញ្ញាសា​រត់​ចម្ងាយ​៤០០​ម៉ែត្រ។  សម្រាប់​​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូណេស៊ី កីឡាការិនី​​ពិការ​ឆ្នើម​រូប​នេះ​រឹត​តែ​ធ្វើ​បាន​ល្អ​ដោយ​បាន​ឈ្នះ​មេដា​យ​៣​គ្រឿង​លើ​វិញ្ញាសា​ទាំង​៣​ដែល​ខ្លួន​ប្រកួត។ មេដាយ​មាស​ទី១​​លើ​វិញ្ញាសា​លោត​ចម្ងាយ មេដាយ​មាស​ទី​២​​លើ​វិញ្ញាសា​រត់​ចម្ងាយ​៤០០​ម៉ែត្រ និង​​ប្រាក់​១​​​លើ​វិញ្ញាសា​​រត់​ចម្ងាយ​២០០​ម៉ែត្រ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង