រុស្ស៊ីបញ្ចេញយន្តហោះចម្បាំង Su-27 ព្រមានយន្តហោះអាម៉េរិក ដែលបំពានព្រំដែន

រុស្ស៊ីបានបញ្ជាក់ថា ខ្លួនបានបញ្ចេញយន្តហោះចម្បាំង Su-27 ដើម្បីការពារការរំលោភព្រំដែនរដ្ឋដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់កងទ័ពអាកាសសហរដ្ឋអាម៉េរិកចំនួន២គ្រឿង ដែលហោះហើរលើសមុទ្របាល់ទិក។  ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី២៣ ខែឧសភាថា យោធាបានរារាំងរាល់ការរំលោភព្រំដែនដោយយន្តហោះអាម៉េរិក ហើយការហោះហើររបស់យន្តហោះចម្បាំងរុស្ស៊ីត្រូវបានអនុវត្តយ៉ាងតឹងរឹងតាមច្បាប់អន្តរជាតិសម្រាប់ការប្រើប្រាស់ដែនអាកាស។ ក្រសួងការពារជាតិបានបន្តថា បន្ទាប់ពីបានបណ្តេញយន្តហោះយោធាបរទេស (យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B របស់កងទ័ពអាកាសអាម៉េរិកចំនួន ២ គ្រឿង) ចេញពីព្រំដែនរដ្ឋរុស្ស៊ី យន្តហោះចម្បាំងរុស្ស៊ីបានត្រឡប់ទៅមូលដ្ឋានទ័ពរបស់ខ្លួនវិញ។   ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder បានបញ្ជាក់កាលពីថ្ងៃអង្គារថា យន្តហោះអាម៉េរិកត្រូវបានស្ទាក់ចាប់ដោយរុស្ស៊ី ដោយយន្តហោះទម្លាក់គ្រាប់បែក B-1 បានចូលរួមក្នុងសមយុទ្ធដែលបានគ្រោងទុកនៅអឺរ៉ុប ហើយអន្តរកម្មរបស់យន្តហោះចម្បាំងរុស្ស៊ីជាមួយយន្តហោះអាម៉េរិក គឺមានសុវត្ថិភាព និងវិជ្ជាជីវៈ។ លោកបានបញ្ជាក់ម្អិតថា៖ «យើងមានយន្តហោះទម្លាក់គ្រាប់បែក B-1 ចំនួន២គ្រឿង ដែលជាផ្នែកមួយនៃក្រុមបំផ្ទុះគ្រាប់បែក ដែលយើងហោះហើរជាទៀងទាត់នៅជុំវិញពិភពលោកនៅក្នុងប្រទេសផ្សេងៗ។ នេះជាសមយុទ្ធដែលបានគ្រោងទុកយូរមកហើយនៅអឺរ៉ុប ហើយការយល់ដឹងរបស់ខ្ញុំគឺថាវាជាអន្តរកម្មប្រកបដោយសុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈជាមួយយន្តហោះរុស្ស៊ី។ ដូច្នេះ​គ្មាន​អ្វី​សំខាន់​ក្នុង​ការ​រាយការណ៍​បន្ថែមទៀត​នោះ​ទេ»។  ការស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែករបស់រុស្សីនៅពេលនេះ គឺជាការស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែកអាម៉េរិកចុងក្រោយគេបង្អស់ក្នុងអន្តរកម្មផ្លូវអាកាសដែលពាក់ព័ន្ធនឹងយន្តហោះយោធារុស្ស៊ី អាម៉េរិក និងអង្គការណាតូ ចំពេលមានភាពតានតឹងក្នុងទំនាក់ទំនងបន្ទាប់ពីការលុកលុយពេញលេញរបស់ទីក្រុងម៉ូស្គូទៅលើអ៊ុយក្រែនកាលពីឆ្នាំមុន។ កាលពីខែមីនា យន្តហោះគ្មានមនុស្សបើកឈ្លបការណ៍របស់សហរដ្ឋអាម៉េរិក បានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ បន្ទាប់ពីវាត្រូវបានស្ទាក់ចាប់ដោយយន្តហោះរុស្ស៊ីនៅក្នុងដែនអាកាសអន្តរជាតិ។ ចំណែក នៅចុងខែមេសា យន្តហោះចម្បាំងមកពីចក្រភពអង់គ្លេស បានព្យាយាមបណ្តេញយន្តហោះយោធារុស្ស៊ី ដែលកំពុងប្រតិបត្តិការភាគខាងជើងនៃប្រទេសស្កុតឡែន។ មួយសប្តាហ៍មុននេះ យន្តហោះចម្បាំងរបស់អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ដែលប្រតិបត្តិការជាផ្នែកមួយនៃការការពារដែនអាកាសរបស់អង្គការណាតូនៅអឺរ៉ុបភាគឦសាន បានស្ទាក់ចាប់យន្តហោះឈ្លបយកការណ៍រុស្ស៊ីចំនួនបីនៅក្នុងដែនអាកាសអន្តរជាតិលើសមុទ្របាល់ទិក។ យន្តហោះចម្បាំងរុស្ស៊ី Su-27 ចំនួន២គ្រឿង និងយន្តហោះ Ilyushin IL-20 មួយគ្រឿងបានហោះហើរដោយមិនបញ្ជូនសញ្ញានៅក្នុងដែនអាកាសអន្តរជាតិ នេះកងកម្លាំងអាកាសអាល្លឺម៉ង់បានបង្ហាញនៅពេលនោះ។  កាលពីដើមខែនេះ រុស្ស៊ីបានអះអាងថា យន្តហោះពីរគ្រឿង ដែលជារបស់ប្រទេសអាល្លឺម៉ង់មួយគ្រឿង និងបារាំងមួយគ្រឿង ត្រូវបានស្ទាក់ចាប់ បន្ទាប់ពីប៉ុនប៉ងរំលោភលើដែនអាកាសរបស់ខ្លួន ហើយនៅពាក់កណ្តាលខែមេសា យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានហោះទៅអមយន្តហោះកងទ័ពជើងទឹកអាល្លឺម៉ង់ នៅលើសមុទ្របាល់ទិក៕    សម្រួលដោយ  ទៀង  បុណ្ណរី

 

 

អត្ថបទដែលជាប់ទាក់ទង