ពលរដ្ឋស្នើឱ្យអាជ្ញាធរចុះពិនិត្យទីតាំងបង្ហូរទឹកកខ្វក់ ខណៈមន្ត្រីសាលាក្រុងប្រើឱ្យប្រជាពលរដ្ឋស៊ើបរកឈ្មោះ និងដាក់ពាក្យបណ្តឹងមកអាជ្ញាធរ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ២០៦ កែវផ្លូវ១០៣ ក្រុងព្រះសីហនុ បានសម្តែងការហួសចិត្តនឹងមន្ត្រីសាលាក្រុងម្នាក់ឈ្មោះ លោក លឹម ភត្រី សមាជិកក្រុមប្រឹក្សាក្រុងព្រះសីហនុ ដែលបានដេញឱ្យប្រជាពលរដ្ឋដែលរងនូវផលលំបាកពីការបង្ហូរទឹកកខ្វក់ ទៅរកមុខអ្នកធ្វើសកម្មភាពនោះដោយខ្លួនឯង និងបង្គាប់ឱ្យដាក់ពាក្យប្តឹងមកអាជ្ញាធរ ដើម្បីទៅសម្របសម្រួល…។  បន្ទាប់ពីមានការចុះផ្សាយរិះគន់លើករណីបង្ហូរទឹកកខ្វក់នៅមូលដ្ឋានខាងលើ និងមានការជជែកយ៉ាងផុលផុស តាមបណ្តាគ្រុបការងារនៃសាលាក្រុងព្រះសីហនុ លោក លឹម ភត្រី សមាជិកក្រុមប្រឹក្សាក្រុងព្រះសីហនុ បានរិះគន់អ្នកសារព័ត៌មានដែលបានចុះផ្សាយថា គួរតែបង្ហាញអត្តសញ្ញាណប្រជាពលរដ្ឋដែលរាយការណ៍នោះជាសាធារណៈ ប្រសិនបើប្រជាពលរដ្ឋរូបនោះ ឃើញច្បាស់ពីស្ថានភាពនូវទីតាំងនោះពិតប្រាកដ ហើយគួរតែមកដាក់ពាក្យប្តឹងទៅអាជ្ញាធរឱ្យជួយដោះស្រាយ។ ម្យ៉ាងមិនគួរថតបង្ហោះជាសាធារណៈដែលធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នគ្រប់គ្រងនៅមូលដ្ឋាននោះឡើយ។  ប្រជាពលរដ្ឋម្នាក់សុំមិនបង្ហាញអត្តសញ្ញាណ បានថ្លែងប្រាប់ ថា ក្នុងនាមជាមន្ត្រីសាធារណៈ មានភារកិច្ចបម្រើរាស្ត្រមិនគួរដេញរាស្ត្រឱ្យធ្វើកិច្ចការអាជ្ញាធរអ៊ីចឹងទេ ធម្មតា ដោយសារតែគ្នាខ្លាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនហ្នឹងហើយ ទើបបានរាយការណ៍ជូនមន្ត្រីសាលាក្រុងឱ្យចុះមកពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ឡើងវិញ មិនគួរណាលោកមន្ត្រីប្រើសម្តីបែបនេះមកលើប្រជាពលរដ្ឋ ហើយខឹងនឹងអ្នកកាសែតដែលបានចុះផ្សាយនោះឡើយ។ ព្រោះការចុះផ្សាយនោះ គ្រាន់តែជាការជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធប៉ុណ្ណោះ ហើយក៏មិនបានវាយប្រហារអាជ្ញាធរមូលដ្ឋានដែរ ប៉ុន្តែបើលោក លឹម ភត្រី ចេញមុខឆ្លើយតបបែបនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីចំណុចខ្សោយរបស់ខ្លួន ដែលគ្មានសមត្ថភាពដោះស្រាយការងារនេះទេ ព្រោះបើគ្រាន់តេរឿងតូចប៉ុណ្ណឹង លោកមន្ត្រីបែរជាពង្រីកឱ្យធំផ្អើលគេផ្អើលឯងប៉ះពាល់ដល់មន្ត្រីថ្នាក់លើបែបនេះ គឺមិនសមជាមន្ត្រីបម្រើរាស្ត្រនោះឡើយ ហើយថ្នាក់លើក៏មិនសប្បាយចិត្តជាមួយលោកដែរ។  ដោយឡែក ជុំវិញបញ្ហានេះ លោក បុរី វង្សានិត ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុដែលយល់ច្បាស់ពីការងារ បានឆ្លើយបំភ្លឺជូនប្រជាពលរដ្ឋថា ពាក់ព័ន្ធករណីការបង្ហូរទឹកកខ្វក់តាមផ្លូវសាធារណៈនេះ លោកនឹងបញ្ជូនក្រុមការងារចុះពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន ទើបលោកចាត់វិធានការដោះស្រាយតាមក្រោយ ព្រោះពេលនេះ លោកនៅពុំទាន់ដឹងព័ត៌មាននោះច្បាស់នៅឡើយទេ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង