UN៖ មីយ៉ាន់ម៉ា និងបង់ក្លាដែស ដែលរងគ្រោះដោយព្យុះស៊ីក្លូន ត្រូវការជំនួយ៣៧៥លានដុល្លារ
អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារទី២៣ ខែឧសភា បានបញ្ជាក់ថា ខ្លួនត្រូវការថវិកាចំនួន៣៧៥លានដុល្លារអាម៉េរិក ដើម្បីទទួលបានស្បៀងអាហារ ថ្នាំពេទ្យ និងជំនួយសង្គ្រោះផ្សេងទៀត ជួយដល់មនុស្សរាប់លាននាក់ដែលទទួលរងនូវផលប៉ះពាល់ដោយព្យុះស៊ីក្លូន បានបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស…។ តំបន់ភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា និងខេត្តនានាក្នុងប្រទេសបង់ក្លាដែស ដែលមានប្រជាជនមូស្លីម និងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាយ៉ាងច្រើន បានទទួលរងនូវការវាយប្រហាររបស់ព្យុះស៊ីក្លូន Mocha កាលពីថ្ងៃទី១៤ ខែឧសភា ត្រូវបានគេប៉ាន់ស្មានថា បានសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតមានទំហំធំធេងខ្លាំង។ សម្រាប់ប្រទេសមីយ៉ាន់ម៉ា អង្គការសហប្រជាជាតិ បានបង្ហាញថា ខ្លួនកំពុងអំពាវនាវសម្រាប់ថវិកាបន្ថែមចំនួន១២២លានដុល្លារអាម៉េរិក និងសម្រាប់មូលនិធិដែលមានស្រាប់ចំនួន២១១លានដុល្លារអាម៉េរិក ដើម្បីបញ្ជូនឆ្ពោះទៅរកការឆ្លើយតបនឹងព្យុះស៊ីក្លូន ខណៈដែល៤២លានដុល្លារអាម៉េរិក ដាច់ដោយឡែក គឺត្រូវការសម្រាប់ប្រទេសបង់ក្លាដែស។ លោក រ៉ាម៉ាណាថាន់ បាឡាគ្រីស្នាន់ Ramanathan Balakrishnan អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បាននិយាយថា៖ «ឥឡូវនេះ យើងកំពុងប្រកួតប្រជែងនឹងពេលវេលា ដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់ប្រជាជននៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ទាំងអស់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដោយទឹក។ លោកបន្ថែមថា ម្ចាស់ជំនួយចាំបាច់ត្រូវធ្វើសកម្មភាពភ្លាមៗ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។» ការអំពាវនាវនេះ ធ្វើឡើងនៅពេលដែលអង្គការមនុស្សធម៌ព្យាយាមចូលទៅកាន់តំបន់រងគ្រោះខ្លាំងបំផុត ដោយសារតែការខូចខាតដោយព្យុះ ហើយពួកគេរង់ចាំការអនុញ្ញាតពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ បុគ្គលិកជំនួយជាន់ខ្ពស់ម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានរ៉យទ័រថា អ្នកផ្គត់ផ្គង់ជំនួយកំពុងអង្គុយនៅក្នុងឃ្លាំងក្នុងរដ្ឋធានីយាំងហ្គោន ខណៈដែលពួកគេរង់ចាំការបោសសំអាតច្រើនជាងមួយសប្តាហ៍ បន្ទាប់ពីគ្រោះមហន្តរាយ។ ទន្ទឹមនឹងនោះ បុគ្គលិកជំនួយ បានលើកឡើងថា ប្រសិនបើយើងមានលទ្ធភាពប្រើប្រាស់ពេញលេញ និងគ្មានការរារាំង យើងនឹងអាចបញ្ជូនជំនួយពីឃ្លាំងរបស់យើងបាន និងផ្តល់ជំនួយក្នុងទំហំធំជាងនេះ។ អ្នកនាំពាក្យរបបយោធាមិនអាចទាក់ទងសុំការអធិប្បាយបានទេ។ មេដឹកនាំយោធា បានបញ្ជាក់ថា មនុស្ស១៤៥នាក់បានស្លាប់នៅក្នុងព្យុះនេះ ហើយជំនួយនោះ កំពុងត្រូវបានបញ្ជូនទៅតំបន់ដែលរងផលប៉ះពាល់។ អ្នករស់រានមានជីវិតម្នាក់នៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បាននិយាយតាមទូរសព្ទថា ភួយ និងមុង បាននឹងកំពុងត្រូវបានបញ្ជូនចូលទៅក្នុងភូមិរបស់លោកប្រហែល៤០០គ្រួសារ ដែលភាគច្រើនត្រូវបានបំផ្លាញចាប់តាំងពីថ្ងៃទី១៩ ខែឧសភា។ មូលនិធិនេះនឹងជួយដល់ប្រជាជនចំនួន១,៦លាននាក់ ដែលរងផលប៉ះពាល់នៅទូទាំងតំបន់ចំនួន៥ នៃប្រទេសមីយ៉ាន់ម៉ា ដូចជា៖ ឈីន, សាហ្គាំង, ម៉ាក់វ៉េ, កាឈីន និងរ៉ាឃីន ដែលមានសហគមន៍មូស្លីមរ៉ូហ៊ីងយ៉ា ដ៏ធំមួយ ដែលជាជនជាតិភាគតិច ត្រូវបានគេធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ាជាបន្តបន្ទាប់ បានបដិសេធមិនទទួលស្គាល់។ ចំណែកនៅឯប្រទេសបង់ក្លាដែសឯណោះវិញ ប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយដ៏ទំនើបបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះត្រូវបានខូចខាតយ៉ាងដំណំ នេះបើតាមលោកស្រី គ្វីន ឡឺវីស Gwyn Lewis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅទីក្រុង Dhaka បានឱ្យដឹង៕ សម្រួលដោយ ទៀង បុណ្ណរី