នគរបាលបានចុះបង្រ្កាបទីតាំងលួចផ្ដល់សេវាអាជីវកម្មផ្លូវភេទមួយកន្លែង ឃាត់ខ្លួនមនុស្ស៣នាក់នៅខេត្ដកំពង់ស្ពឺ
ខេត្ដកំពង់ស្ពឺ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរ បានចុះបង្រ្កាបទីតាំងលួចផ្ដល់សេវាផ្លូវភេទ យីហោឈ្មោះ មាន់ស្រែបន្លែធម្មជាតិ ស្ថិតនៅភូមិបឹងស្ដុក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនមនុស្ស៣នាក់ និងសង្គ្រោះបាននារី១៨នាក់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០នាទីរសៀល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដឹកនាំដោយលោកស្រី វរសេនីយ៍ឯក មួន មល្លិកា នាយការិយាល័យ សហការជាមួយអាជ្ញាធរមូលដ្ឋានបានឆ្មក់ចូលទៅក្នុងទីតាំងខារ៉ាអូខេឈ្មោះថា មាន់ស្រែបន្លែធម្មជាតិ ជាក់ស្តែងនៅទីតាំងខាងលើនេះ មានបន្ទប់ផ្ដល់ឱ្យភ្ញៀវអាចរួមភេទបានដែលក្នុងនោះមានបន្ទប់ចំនួន០២ ដែលត្រូវបានកំណត់ថា ជាកន្លែងបានអនុញ្ញាតនឹងប្រព្រឹត្ដិកន្លងមក ។ តាមរបាយការណ៍ដដែលបន្តថា មនុស្ស០៣នាក់រកឃើញថា ពាក់ព័ន្ធក្នុងការអនុញ្ញាតផ្តល់ទីតាំងឱ្យមាននារីបម្រើសេវាផ្លូវភេទដល់ភ្ញៀវ ទី១. ឈ្មោះ យូ អាត់ ភេទប្រុស អាយុ៤៨ឆ្នាំ(ថៅកែ), ២.ឈ្មោះ ឈឹម សុធាវី ភេទស្រី អាយុ៥២ឆ្នាំ (ថៅកែ),៣. ឈ្មោះ លី ខ្ញុំ ភេទស្រី អាយុ៣០ឆ្នាំ (ជាមេការគ្រប់គ្រងនារី) ក្នុងនោះសមត្ថកិច្ចបានសង្រ្គោះនារី១៨នាក់ ដែលតាមចម្លេីយបឋមថា ពួកគេជាជនរងគ្រោះដោយថៅកែ បញ្ចុះបញ្ចូលឱ្យទទួលភ្ញៀវពេលបានលុយចែកគ្នា។ សូមបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចបានកំពុងដំណើរការសាកសួរ និងកសាងសំណុំរឿងនេះដើម្បីចំណាត់ការតាមនីតិវិធីច្បាប់ផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី