ថត​ជាប់ហ្វូង​ទន្សោង​​ចុះ​ស្វែង​រក​ចំណី ខណៈ​កសិករ​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ

សត្វទន្សោងគោព្រៃបានបង្ហាញខ្លួនជាច្រើនក្បាលនៅលើទឹកដីខេត្តបាត់ដំបង ហាក់គ្មានការភ្ញាក់ផ្អើលពីក្រុមមនុស្សឡើយ ខណះសត្វដ៏កម្រមួយនេះពីមុនមិនដែលបានបង្ហាញខ្លួននោះទេ គឺនៅសម្ងំរស់នៅតែលើភ្នំឬជើងភ្នំប៉ុណ្ណោះ ដែលក្រុមមនុស្សមិនដែលឃើញរូបរាងនោះឡើយ។  ប្រជាពលរដ្ឋនៅតាមដំបន់បានសន្និដ្ឋានតៗគ្នាថា សត្វដ៏កម្រមួយនេះប្រហែលជាមិនមាននៅលើទឹកដីខេត្តបាត់ដំបងឡើយ។ ផ្ទុយពីការសន្និដ្ឋាន នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ​មួយដែលត្រូវបានប្រជាកសិករថត​ជាប់​ហ្វូង​សត្វ​ទន្សោង​មួយហ្វូងពីលើត្រាក់ទ័រ ដែលកំពុងភ្ជួរដីចម្ការគឺ​បាន​បង្ហាញ​ពី​សកម្មភាព​ហ្វូង​សត្វ​ទន្សោង​ទាំងនេះ​ កំពុង​បណ្ដើរគ្នា​ស្វែងរក​ចំណីអាហារ​ឬ​ទឹក នៅ​ក្បែរ​ចំការ​អ្នក​ភូមិ ដែល​អ្នក​បើក​ត្រាក់ទ័រ​ភ្ជួរដីចំការ​ម្នាក់ជាអ្នកថតជាប់ហ្វូង​ថនិកសត្វ​ដ៏​កម្រ​ទាំងនេះ​។ បើ​តាមការសង្កេតលើ​សកម្មភាពរបស់​ហ្វូង​ទ​ន្សោ​ងមួយហ្វូងនេះ ពួក​គេហាក់មិន​ខ្លាចញញើត​និង​ក្រុមមនុស្ស​ទេ​ ខណះ​ដែលអ្នក​បើក​ត្រាក់​ទ័រ​​បាន​ព្យាយាម​បើក​ទៅ​កៀក​ហ្វូងរបស់វាហាក់​គ្មាន​ការ​ភ្ញាក់ផ្អើល ហើយ​បណ្ដើរគ្នា​ស៊ី​ចំណីជាធម្មតានៅខាង​មុខ​ត្រាក់ទ័រ​។  លោក សេង ហៃ ជាម្ចាស់ចម្ការនិងជាអ្នកបានប្រទះឃើញហ្វូងសត្វទន្សោងដំបូងគេដែលបានដើរឆ្លងកាត់ចម្ការ របស់ខ្លួនបាន​និយាយប្រាប់មន្ត្រី​សង្កាត់​​រដ្ឋបាលព្រៃឈើស្រុកគាស់ក្រឡថា លោក​តែង​ប្រទះ​ឃើញ​ហ្វូង​សត្វ​ទន្សោង​ទាំងនេះ​ជា​ញឹក​ញាប់​​នៅ​តំបន់​នោះ ដែល​ហ្វូង​ខ្លះ​មាន​ចន្លោះ​ពី១៥ ទៅ​២០​ក្បាល​ឯណោះ​។ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ លោក​បានប្រទះ​ឃើញ​សត្វ​ទន្សោង​មួយ​ហ្វូងដែលមាន​ចំនួន​១២​ក្បាល នៅ​ចំណុច​ អូរ​ទ្រូង​អណ្ដើក​ ស្ថិតក្នុង ភូមិអូរទ្រូងអ អណ្ដើក ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ​ ខេត្តបាត់ដំបង ដែល​វា​ចុះ​ពីលើ​ភ្នំ​ទ្រូង​អណ្ដើក មក​រកស៊ី​ចំណី ឬ​ រក​ទឹក​ផឹកនៅតាម ចម្ការ​​ប្រជាពលរដ្ឋ​នៅក្បែរ​ៗ​តំបន់​ភ្នំ​នោះ​។  ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក កត បូ​រ៉ា​ន បាន​ប្រាប់ឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃ​ទី ២៣ ខែឧសភានេះថា វា​មិន​ចម្លែក​អីទេចំពោះ ការ​ប្រទះ​ឃើញ​ហ្វូង​សត្វ​ទន្សោងមួយហ្វូងខាងលើនេះ។ កន្លង​ទៅលោក​ធ្លាប់​បាន​ទ​ទូល​ព័​ត៌​មាន​ពី​ការ​ប្រទះ​ឃើញ​ហ្វូង​សត្វ​កម្រ​ទាំង​នេះ​ពី​ប្រជាពលរដ្ឋ​ច្រើន​រាប់​មិន​អស់​ទេ ថែម​ទាំង​ក្រុមការងារ​របស់​លោកថត​ជាប់​ក្នុង​កាមេរ៉ា ដែលបានបំពាក់​នៅ​តាម​តំបន់​ព្រៃ ឬ​តំបន់​ភ្នំ​នានាទៀត​ផង​ ដែលបានថត​ជាប់​ពពួកសត្វ​កម្រ​ជា​ច្រើន​ប្រភេទ​ដូច​ជា ÷ សត្វ​ដំរី សត្វខ្ទីង សត្វ ខ្លា ទន្សោង ប្រើស ក្ដាន់ ខ្លាឃ្មុំ និងសត្វប្រភេទផ្សេងៗទៀតផង។  លោក​បន្ត​ថា នៅ​ក្នុងតំបន់ភ្នំលើទឹកដីស្រុក​សំឡូត អាចប៉ាន់ប្រមាណហ្វូង​សត្វ​គ្រប់​ប្រភេទទាំង​សត្វ​តូចទាំង​សត្វ​ធំដ៏កម្រកំពុងរស់នៅច្រើន​ណាស់ដូចជានៅ​តំបន់​ជួរ​ភ្នំ​សំ​កុស ដែល​ជា​ជម្រក​ហ្វូង​សត្វ​ដ៏​កម្រ​ទាំងនោះ​ ដែលក្រុមការងារ​របស់​លោកត្រូវការពារ និង​ចុះ​ផ្សព្វផ្សាយ​អប់រំដល់​ប្រជាពលរដ្ឋឲ្យ ជួយ​ការពារ ថែរក្សា​ហ្វូង​សត្វព្រៃ​ដ៏​កម្រ​ទាំងនោះ កុំ​ឲ្យ​មានការ​បរបាញ់ ឬដាក់​អន្ទាក់ ឬ​ប្រើ​វិធី​ផ្សេង​ដើម្បីសម្លាប់សត្វ​ទាំងនោះ។  ឮនៅ​ថ្ងៃ​ទី ២៩ឧសភា ខាង​មុខ​នេះ មន្ទីរ​បរិស្ថានដែលមានការ​ចូលរួមពីថ្នាក់ដឹកនាំក្រសួង​ផង នឹង​មាន​រៀបចំ​ប្រារ​ព្វ​កម្មវិធី​ក្រោម​ប្រធានបទ”យុទ្ធនាការ អន្ទាក់​សសូន្យ” ដែលមាន​ន័យ​ថា:នៅក្នុងតំ បន់​ អភិរក្ស គ្មាន​ការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃឡើយ។ ពិធីនេះធ្វើឡើងក្រោយពីមានការ ភ្ញាក់ផ្អើលមួយបានកើតឡើងជាលើកដំបូង ខណះសត្វដ៏កម្រមួយនេះបានបង្ហាញខ្លួនយ៉ាច្រើនដែលមិនធ្លាប់មាន បើទោះបីលោកប្រធានមន្ទីរអះអាងថា ធ្លាប់បានថតជាប់ដោយកាមេរ៉ា​ដែលបានបំពាក់ក៏ដោយចុះ។  លោកក៏បានកោតសរសើរដល់ប្រជាកសិករដែលរស់នៅក្បែរតំបន់នោះ បានចូលរួមការពារបានល្អប្រសើទើបធ្វើឲ្យហ្វូងសត្វដ៏កម្រមួយនេះចេញដើររកចំណីដោយគ្មានការភ័យខ្លាច ពីការយ៉ាយីពីក្រុមមនុស្ស៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង