សូមប្រុងប្រយ័ត្ន! ចាប់ពីស្អែកតំបន់មាត់សមុទ្រកម្ពុជា នឹងមានភ្លៀងរលកធំៗដោយទទួលឥទ្ធិពលពីប្រទេសជិតខាង

រាជធានី​ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី២៣ ឧសភានេះថា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់តិចទៅបង្គួរ ព្រមទាំងលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ពេញមួយសប្ដាហ៍បន្តទៀត ជាពិសេសតំបន់មាត់សមុទ្រអាចមានភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់…។  ក្រសួង​បានអះអាងថា៖« ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីតំបន់នៃជ្រលងសម្ពាធទាបពីភាគខាងលើ ថៃ ឡាវ និង វៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម» ស្ថានភាព​បែប​នេះ ​នឹង​ធ្វើ​ឱ្យ​ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់នៅលើផ្ទៃប្រទេស ដោយក្នុងនោះតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី ២៥ ទៅ ២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២ ទៅ ៣៤អង្សាសេ អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ហើយលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់។  រីឯ​តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥ទៅ ២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៤ ទៅ ៣៦អង្សាសេ។ ដោយឡែក តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី ២៤ ទៅ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៣ ទៅ ៣៥ អង្សាសេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទាំងពីរអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង