ឥណ្ឌា ចេញបញ្ជា! បើប៉ូលិសធាត់ មិនសម្រកទម្ងន់ នឹងត្រូវដក ឈប់ឲ្យធ្វើការ
មន្ត្រីនៅក្នុងរដ្ឋ Assam របស់ប្រទេសឥណ្ឌា បានប្រាប់ប៉ូលិសដែលមានទម្ងន់ធ្ងន់ជ្រុលថា រូបរាងកាយរបស់ពួកគេនឹងត្រូវពិនិត្យ ចាប់ពីពាក់កណ្តាលខែសីហាទៅ ហើយថា មន្រ្តីស្ថិតនៅក្នុងប្រភេទ “ធាត់” ត្រូវតែសម្រកទម្ងន់មុនខែវិច្ឆិកា បើមិនដូច្នេះទេ នឹងឈប់ឲ្យធ្វើការ។ លោក GP Singh ប្រមុខកងកម្លាំងប៉ូលិសរដ្ឋ Assam បាននិយាយថា “យើងមានគម្រោងទុកពេលបីខែ ដល់ប៉ូលិសរដ្ឋ Assam ទាំងអស់ មុនការធ្វើតេស្តចាប់ផ្តើម។ អ្នកទាំងអស់ដែលមានកម្រិតធាត់ក្នុងប្រភេទ BMI 30+ នឹងត្រូវទុកពេលឲ្យ៣ខែទៀត ដើម្បីសម្រកទម្ងន់”។ លោក Singh បង្ហាញថា ខ្លួនលោកផ្ទាល់ នឹងក្លាយជាមន្ត្រីដំបូងគេដែលឲ្យគេវាស់សន្ទស្សន៍ម៉ាសរាងកាយ ហើយថា មន្ត្រីរូបណាដែលមានជំងឺដូចជា ជំងឺលើសក្រពេញទីរ៉ូអ៊ីត នឹងត្រូវបានលើកលែងពីវិធានការនេះ។ គួរបញ្ជាក់ថា បញ្ជានេះធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋ Assam លោក Himanta Biswa Sarma បានចេញសេចក្តីថ្លែងការណ៍មួយនារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗថា មន្រ្តីប៉ូលិសប្រមាណ៣០០នាក់ដែលផឹកស្រារាល់ថ្ងៃ និងមានរាងកាយមិនសមរម្យ នឹងត្រូវបានស្នើសុំឲ្យចូលនិវត្តន៍មុនអាយុ ក្នុងយុទ្ធនាការមួយដែលលោកហៅថា “កាប់ឈើងាប់ចេញពីកងកម្លាំងប៉ូលិស”។ យោងតាមរបាយការណ៍របស់កាសែត Times of India, ប៉ូលិសជាច្រើននាក់នៅក្នុងរដ្ឋ Assam ត្រូវបានដកបញ្ឈរជើង បន្ទាប់ពីឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងពួកគេស្រវឹងស្រា នៅពេលបំពេញកាតព្វកិច្ច៕ សម្រួលដោយ ទៀង បុណ្ណរី