វត្ថុបុរាណដែលទើបរកឃើញថ្មីៗ នឹងត្រូវរៀបចំតាំងបង្ហាញក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍១០ថ្ងៃ
ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេលចំនួន១០ថ្ងៃ ដោយដាក់តាំងបង្ហាញនូវវត្ថុបុរាណជាច្រើន ដើម្បីសាធារណជនបានទស្សនា និងស្វែងយល់។ ទាំងភ្ញៀវទេសចរជាតិ និងអន្ដរជាតិ អាចចូលទស្សនាបានដោយសេរី មិនគិតថ្លៃនោះទេ។ ពិព័រណ៍នេះ នឹងរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និងទើបរកឃើញពីកំណាយស្រាវជ្រាវនៅតំបន់រមណីយដ្ឋានអង្គរ រួមទាំង កុលាលភាជន៍ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណតំបន់ភ្នំគូលែន។ នេះបើតាមការបង្ហោះនៅលើហ្វេសប៊ុករបស់ក្រសសួងវប្បធម៌ និងវិចិត្រសិល្ប: នាថ្ងៃទី១៨ ខែឧសភា នេះ។ សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍ខាងលើនេះ ចែកជា៣ប្រភេទ ក្នុងនោះ វត្ថុដែលធ្វើពីដីឥដ្ឋមាន លោហៈធាតុ សំរឹទ្ធ ស្ពាន់ ដែកសំណរ សមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ មានសុទិដ្ឋិនិយមថា ពិព័រណ៍ខាងលើនេះ នឹងផ្តល់ព័ត៌មានថ្មីៗស្ដីពីវឌ្ឍនភាព និងភាពរីកចម្រើនក្នុងវិស័យស្រាវជ្រាវ និងកំណាយតាមបែបបុរាណវិទ្យា ក្នុងតំបន់ការពារបេតិកភណ្ឌរមណីយដ្ឋានអង្គរ។ បន្ថែមលើនេះ សាធារណជន អាចស្វែងយល់បន្ថែមពីការងារថែទាំ និងជួសជុលវត្ថុបុរាណ ក្រោយពេលបញ្ចប់ការងារស្រាវជ្រាវពីការដ្ឋានកំណាយផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី