ប្រទេសអ្នកមាននៅអឺរ៉ុបចំនួន៥ កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់

ភ្លៀងធ្លាក់ខុសពីធម្មតានៅក្នុងតំបន់ដែលធ្លាប់តែជួបគ្រោះរាំងស្ងួត នៅភាគខាងជើងប្រទេសអ៊ីតាលី បានធ្វើឲ្យទឹកទន្លេឡើងខ្លាំង បង្កជាគ្រោះទឹកជំនន់ ដោយសម្លាប់មនុស្សចំនួន៨នាក់, បង្ខំឲ្យមានការជម្លៀសប្រជាជនរាប់ម៉ឺននាក់ និងជំរុញឲ្យអាជ្ញាធរព្រមានថា ប្រទេសអ៊ីតាលី ចាំបាច់ត្រូវធ្វើផែនការជាតិដើម្បីទប់ស្កាត់ទឹកជំនន់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។  ស្របពេលជាមួយគ្នានោះ បុគ្គលិកសង្គ្រោះបន្ទាន់ ត្រូវបានដាក់ពង្រាយ ដើម្បីឆ្លើយតបទៅនឹងលំហូរភក់ ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែង។  ព្យុះភ្លៀងរយៈពេលច្រើនថ្ងៃ បានវាយប្រហារពាសពេញតំបន់ដ៏ធំនៃភាគខាងជើងប្រទេសអ៊ីតាលី និងតំបន់បាល់កង់។ ក្រៅពីអ៊ីតាលី, បំណាក់ដីនិងការជម្លៀស ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងប្រទេសអ្នកមានចំនួន៤ទៀត ដូចជា ក្រូអាស៊ី បូស្នៀ ស្លូវេនី និងអូទ្រីស។ កាលពីល្ងាចថ្ងៃពុធ អាជ្ញាធរនៅខេត្ត Ravenna ភាគខាងជើងប្រទេសអ៊ីតាលី បានបញ្ជាឲ្យជម្លៀសប្រជាជនប្រហែល១៤០០០នាក់ ចេញពីផ្ទះរបស់ពួកគេ ដែលនេះជាវិធានការប្រុងប្រយ័ត្នជាមុន ដោយសារតែការភ័យខ្លាចថា ទឹកទន្លេចំនួនបី អាចឡើងខ្លាំង។  ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជនស៊ីវិលអ៊ីតាលីលោក Nello Musumeci បានអំពាវនាវឲ្យមានផែនការវិស្វកម្មធារាសាស្ត្រទូទាំងប្រទេសថ្មីមួយ ដើម្បីសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការកើនឡើងគ្រោះទឹកជំនន់ និងការរអិលបាក់ដី។  នៅក្នុងសន្និសីទសារព័ត៌មាន លោកបានកត់សម្គាល់ថា ជាមធ្យមមានភ្លៀងធ្លាក់ ២០០មិល្លីម៉ែត្រ ក្នុងរយៈពេល៣៦ម៉ោង ខណៈតំបន់ខ្លះមាន៥០០មិល្លីម៉ែត្រក្នុងអំឡុងពេលនោះ។ចំណែកនៅទីក្រុង Castel Bolognese ឯណោះវិញ អភិបាលក្រុងនិយាយថា មិនមានអគ្គិសនីប្រើប្រាស់ឡើយ ហើយគ្រួសារជាច្រើន កំពុងដាច់ស្បៀងនៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់។  ទោះយ៉ាងណា លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni ដែលកំពុងធ្វើដំណើរទៅកិច្ចប្រជុំ G7 នៅប្រទេសជប៉ុន បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងតាមដានស្ថានការណ៍ និង រៀបចំផ្តល់ជំនួយសង្គ្រោះបន្ទាន់ ទៅកាន់តំបន់ដែលរងគ្រោះ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង