យោធាមីយ៉ាន់ម៉ានាំចូលសព្វាវុធអស់ប្រាក់ប្រមាណ១ពាន់លានដុល្លារ ចាប់តាំងពីរដ្ឋប្រហារ
យោធាមីយ៉ាន់ម៉ាបាននាំចូលអាវុធ និងសម្ភារៈផ្សេងទៀតក្នុងទំហំយ៉ាងហោចណាស់ ១ពាន់លានដុល្លារ ចាប់តាំងពីរបបនេះធ្វើរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) ក្នុងរបាយការណ៍ថ្មីមួយ ដែលអំពាវនាវចោទប្រកាន់រុស្ស៊ី និងចិនថាបានជួយដល់យុទ្ធនាការដ៏សាហាវរបស់របបយោធា ដើម្បីកម្ទេចក្រុមប្រឆាំងរបស់ខ្លួន។ ចាប់តាំងពីយោធាបានដណ្តើមអំណាច និងឃុំខ្លួនមេដឹកនាំលទ្ធិប្រជាធិបតេយ្យ អ្នកប្រឆាំងនឹងការគ្រប់គ្រងដោយយោធាមួយចំនួនបានកាន់អាវុធចូលរួមជាមួយក្រុមបះបោរ ហើយយោធាបានឆ្លើយតបដោយការវាយប្រហារតាមអាកាស និងការប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងនៅក្នុងតំបន់ស៊ីវិលផងដែរ។ ឧទ្ធម្ភាគចក្រ Mi-35 ផលិតដោយរុស្ស៊ី យន្តហោះចម្បាំង MiG-29 និងយន្តហោះធុនស្រាល Yak-130 និងយន្តហោះ K-8 របស់ចិន ត្រូវបានគេប្រើញឹកញាប់បំផុតដើម្បីធ្វើការវាយប្រហារតាមអាកាសទៅលើសាលារៀន មន្ទីរពេទ្យ និងតំបន់លំនៅដ្ឋានរបស់ជនស៊ីវិលជាដើម។ នេះបើតាមការលើកឡើងរបស់លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។ របាយការណ៍បានឱ្យដឹងថា នៅក្នុងការវាយប្រហារតែមួយលើគូប្រជែងរបស់យោធានៅតំបន់សាហ្គាង (Sagaing) កាលពីថ្ងៃទី ១១ ខែមេសា គ្រាប់បែកពីរគ្រាប់ដែលត្រូវបានទម្លាក់ពីយន្តហោះ Yak-130 និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦០នាក់ ដោយក្នុងនោះមានកុមារជិត៤០នាក់។ ជុំវិញបញ្ហានេះ យោធាមីយ៉ាន់ម៉ាអះអាងថា ខ្លួនបានកំណត់គោលដៅទៅលើក្រុមបះបោរ ហើយថាជនស៊ីវិលដែលត្រូវបានសម្លាប់ ប្រហែលជាអ្នកគាំទ្រក្រុមប្រឆាំង ដែលខ្លួនហៅថាជាក្រុមភេរវករ។ អ្នកជំនាញរបស់ UN បានប្រើប្រាស់ទិន្នន័យពាណិជ្ជកម្ម ដើម្បីលម្អិតអំពីការផ្ទេរអាវុធ និងទំនិញផ្សេងទៀត រួមទាំងវត្ថុធាតុដើមសម្រាប់ការផលិតអាវុធក្នុងស្រុកទៅឱ្យរបបយោធា ដែលមានតម្លៃ ៤០៦លានដុល្លារពីប្រទេសរុស្ស៊ី និង ២៦៧លានដុល្លារពីប្រទេសចិន រួមទាំងពីអង្គភាពគ្រប់គ្រងដោយរដ្ឋនៅក្នុងប្រទេសទាំងពីរ។ លើសពីនេះ អង្គភាពគ្រប់គ្រងដោយរដ្ឋក្នុងប្រទេសឥណ្ឌា ក៏ដូចជាក្រុមហ៊ុនក្នុងប្រទេសសិង្ហបុរី និងថៃក៏បានចូលរួមក្នុងការផ្ទេរមូលនិធិទៅយោធាផងដែរ។ បន្ថែមលើនោះ របាយការណ៍បានបន្តថា សម្ភារៈក្នុងតម្លៃជាង ២២៧លានដុល្លារបានមកពីក្រុមហ៊ុន Rosoboronexport ជាក្រុមហ៊ុននាំចេញអាវុធរបស់រដ្ឋរបស់ទីក្រុងម៉ូស្គូ ដែលបានផ្ទេរយន្តហោះចម្បាំង SU-30 គ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង MiG-29 និងប្រព័ន្ធបាញ់មីស៊ីលទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ក្រុមហ៊ុនរុស្ស៊ីផ្សេងទៀតបានផ្តល់ឧបករណ៍ និងគ្រឿងបន្លាស់ជាច្រើនសម្រាប់ប្រព័ន្ធអាវុធដែលផ្គត់ផ្គង់ដោយរុស្ស៊ី៕ សម្រួលដោយ ទៀង បុណ្ណរី