សាច់ខ្យងចំពុះទា ឬគ្រំចំពុះទា កែច្នៃទទួលបានការគាំទ្រយ៉ាងខ្លាំង និងបង្កើនចំណូលបន្ថែមជូនពលរដ្ឋក្នុងមូលដ្ឋាន
កោះកុង៖ ប្រជាសហគមន៍ពាមក្រសោប នៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានពង្រីកខ្លួនពីអ្នកចិញ្ចឹមខ្យងចំពុះទា ឬគ្រំចំពុះទា ទៅជាអ្នកកែច្នៃសម្រាប់នាំចេញទៅលក់លើទីផ្សារ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រមទាំងបានផ្តល់ឱកាសការងារជូនប្រជាសហគមន៍ក្នុងមូលដ្ឋាន ឱ្យទទួលបានប្រាក់ចំណូលបន្ថែម។ លោក វង្ស តារា ជាប្រធានសហគមន៍ពាមក្រសោប និងជាអ្នកចិញ្ចឹមខ្យងចំពុះទា ដែលគិតមកត្រឹមឆ្នាំ២០២៣នេះ គឺមានរយៈពេល២៧ឆ្នាំមកហើយ។ លោក តារា បានរៀបរាប់ថា សាច់គ្រំចំពុះទា គេអាចយកទៅច្នៃធ្វើជាម្ហូបបានច្រើនយ៉ាងដូចជា ស្ងោរស៊ុប ស្លរម្ជូរគ្រឿង ដាក់ជាមួយភីហ្សា ញាំ ឆាក្ដៅជាដើម។ លោក វង្ស តារា បានថ្លែងថា លោកចាប់ផ្ដើមចិញ្ចឹមគ្រំចំពុះទាជាលក្ខណៈគ្រួសារមានរយៈពេល ២៧ឆ្នាំហើយ ដោយថ្មីៗនេះលោកចាប់ផ្ដើមបើកជាសហគ្រាសផលិត និងកែច្នៃសាច់គ្រំចំពុះទាឱ្យមានលក្ខណៈស្ដង់ដារ សម្រាប់ចែកចាយលើទីផ្សារ និងអាចនាំចេញទៅក្រៅប្រទេសបាន។លោក តារា បានរៀបរាបថា ក្នុងដំណើរការកែច្នៃសាច់គ្រំ ដើម្បីនាំចេញសិប្បកម្មរបស់លោកមានលក់ទាំងមូល លក់បកសំបកមួយចំហៀង និងលក់សាច់សុទ្ធ។ គ្រំចំពុះទាត្រូវចំណាយពេលចិញ្ចឹម១០ ទៅ១២ខែ ទើបអាចប្រមូលផលយកមកលក់នៅលើទីផ្សារបាន។ លោក វង្ស តារា បានឱ្យដឹងថា៖ «បច្ចុប្បន្ននេះទៅផ្សារមានភាពប្រសើរឡើង ដោយសារបានមន្ត្រីនៃក្រសួងបរិស្ថាន ព្រមទាំងអ្នកពាក់ព័ន្ធបានរកទីផ្សារ និងជួយផ្សព្វផ្សាយរហូតធ្វើឱ្យអ្នកភ្នំពេញ និងអ្នកនៅតាមបណ្តាលខេត្តនានាបានស្គាល់គ្រំចំពុះទា សព្វថ្ងៃនេះ មានភ្ញៀវជាម្ចាស់ម៉ាត់ ផ្សារទំនើប និងម្ចាស់ភោជនីយដ្ឋានផ្សេងនៅរាជធានីភ្នំពេញ កម្មង់សម្រាប់ចែកចាយបន្ត»។ លោកបានបញ្ជាក់ថា នៅក្នុង១ថ្ងៃ សិប្បកម្មរបស់លោកអាចយកគ្រំទាំងសំបកចាប់ពី២០០ ទៅ៣០០គីឡូក្រាម ដើម្បីស្ងោរសម្រាប់បកយកសាច់ បញ្ជូនទៅកាន់ផ្សារទំនើប។ ដោយគ្រំទាំងសំបក១០គីឡូក្រាម យើងអាចកែច្នៃបានសាច់គ្រំ១គីឡូក្រាម។ ខណៈតម្លៃគ្រំទាំងសំបក ក្នុង១គីឡូក្រាម មានតម្លៃចន្លោះ ៣០០០រៀល ហើយកែច្នៃរួចលោកអាចលក់បាន១គីឡូក្រាម តម្លៃ ៤ម៉ឺនរៀល។ សហគ្រិនវ័យ ៥៧ឆ្នាំ បានបញ្ជាក់ថា ក្នុងការលក់ទាំងមូល គឺនៅពេលប្រមូលគ្រំពីក្នុងទឹក ត្រូវយកមកលាងដុស កាត់ព្រុយឱ្យស្អាតកុំឱ្យជាប់ខ្យងច្រើនដែលលាយឡំមកជាមួយ។ ក្នុងការយកទៅលក់ទៀតសោតតម្រូវតាមទីផ្សារ។ ការលក់ពុះសំបកមួយចំហៀងវិញ ការលក់បែបនេះតម្រូវលាងទឹកឱ្យស្អាតរួចចាប់ផ្ដើមពុះសំបកមួយចំហៀងចេញ ហើយរៀបចំវេចខ្ចប់ទៅតាមតម្រូវការទីផ្សារ មានដូចជា កន្លះគីឡូក្រាម និង១គីឡូក្រាម ដើម្បីងាយស្រួលដាក់កេសបញ្ជូនមកឱ្យអតិថិជន។ ការចិញ្ចឹមសាច់គ្រំចំពុះទានេះ លោក វង្ស តារា ក៏បានលើកពីកត្តាប្រឈមខ្លះដែរ គឺពេលចិញ្ចឹមបានមិនសូវមានទីផ្សារ។ មួយវិញទៀតកត្តាធម្មជាតិ នៅពេលដែលមានទឹកជំនន់ជន់មកម្ដងៗ បាននាំយកទឹកសាបមកជាហេតុធ្វើឱ្យគ្រំចំពុះទាងាប់ព្រោះមិនអាចរស់ក្នុងសាបបាន។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងបរិស្ថាន បានថ្លែងថា សម្រាប់សហគមន៍ពាមក្រសោប មានប្រជាជន១៥០គ្រួសារ បានប្រកបរបបចិញ្ចឹមខ្យងចំពុះទា លើផ្ទៃទឹកប្រមាណ៦០ហិកតា។ ដោយក្នុង១ឆ្នាំ អាចប្រមូលផលបានចន្លោះ ២,០០០ ទៅ ៣,០០០តោន។ ក្រៅពីការចិញ្ចឹមបច្ចុប្បន្ននេះ ប្រជាសហគមន៍ពាមក្រសោប បានពង្រីកខ្លួនបង្កើតជាសិប្បកម្មកែច្នៃខ្យងចំពុះទានេះ សម្រាប់ចែកចាយនៅលើទីផ្សារ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកនិយមបរិភោគ។ លោក នេត្រ ភក្ត្រា ក៏បានជំរុញឱ្យសិប្បកម្មកែច្នៃខ្យងចំពុះទា ឬគ្រំចំពុះទានេះ ត្រូវអនុវត្តឱ្យតាមស្តងដារអនាម័យ ដើម្បីធ្វើយ៉ាងណាឱ្យផលិផលកែច្នៃនេះទទួលបានការគាំទ្រពីសំណាក់អតិថិជន។ ព្រមជាមួយគ្នានេះដែរលោកក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានផ្តល់នូវការគាំទ្រដល់ប្រជាសហគមន៍ពាមក្រសោម។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា កិច្ចគាំពារ និងការអភិរក្សព្រៃកោងកាង ដែលជាប្រភពធនធានធម្មជាតិនេះ ក៏វាជាមូលដ្ឋាននៃការពង្រីក ក៏ដូចជាធានានូវនិរន្តភាពនៃប្រភពធនធានផ្សេងៗសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ទទួលបានផលប្រយោជន៍បានជាដើម។ គួរបញ្ជាក់ថា សិប្បកម្មសាច់គ្រំ ចំពុះទារបស់ វង្ស តារា ទទួលកញ្ចប់វិនិយោគមកពី UNIDO ដើម្បីគាំទ្រដំណើរការផលិតកម្ម ដើម្បីឈានទៅប្រកួតប្រជែង និងឆ្លើយតបបានតាមស្តង់ដាទីផ្សារនាំចេញ៕ សម្រួលដោយ ទៀង បុណ្ណរី