ឃាត់ខ្លួនស្ត្រីអ្នកជំនួញម្នាក់ ករណីចេញសែកស្អុយជាង ៣០ ម៉ឺនដុល្លារ

ស្ត្រី​អ្នកជំនួញ​ម្នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ឃាត់ខ្លួន​ទៅ​តាម​បណ្ដឹង​របស់​ជនរងគ្រោះ ពាក់ព័ន្ធ​នឹង​ករណី​ចេញ​សែក​ស្អុយ ជាង ៣០ ម៉ឺន​ដុល្លារ។  ហេតុការណ៍​ឃាត់ខ្លួន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០២៣ ក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ។  សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ញាណ សំបូរ ភេទ​ស្រី អាយុ ៣៦ ឆ្នាំ មុខរបរ​រកស៊ី បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប។ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន កាលពី​ថ្ងៃ​ទី ០២ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ត្រង់​ចំណុច​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប។  សមត្ថកិច្ច​បាន​បញ្ជាក់​ថា អំឡុង​ឆ្នាំ ២០២២ ជនសង្ស័យ​ឈ្មោះ ញាណ សំបូរ បាន​ទំនាក់ទំនង​យក​ភេសជ្ជៈ​ជាច្រើន​ពី​ក្រុមហ៊ុន​របស់​ជនរងគ្រោះ ឈ្មោះ ថោង គយ​ហេង ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ទៅ​លក់​បន្ត សរុប​ជា​ទឹកប្រាក់ ស្មើ​នឹង​ចំនួន ៥ ម៉ឺន​ដុល្លារ (ប្រាំ​ម៉ឺន​ដុល្លារ)។ បន្ទាប់មក ជនសង្ស័យ​ឈ្មោះ ញាណ សំបូរ បាន​ចេញ​មូលប្បទានប័ត្រ ០១ សន្លឹក លេខ​:៦៥៧៨០៤ របស់​ធនាគារ​ស្ថាបនា មាន​ទឹកប្រាក់ ៥ ម៉ឺន​ដុល្លារ (ប្រាំ​ម៉ឺន​ដុល្លារ) ដោយ​កំណត់​កាលបរិច្ឆេទ ថ្ងៃ​ទី ២ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ឲ្យ​ឈ្មោះ សេង សុគីម ត្រូវ​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ ទៅ​បើក​យក​ប្រាក់​វិញ​គ្រប់​ចំនួន។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់ ជនរងគ្រោះ បាន​យក​មូលប្បទានប័ត្រ​ខាងលើ​ទៅ​បើកប្រាក់ តែ​ត្រូវ​បាន​បុគ្គលិក​ធនាគារ ចេញ​លិខិត​បញ្ជាក់​ថា មូលប្បទានប័ត្រ​ខាង​លើ​នេះ គ្មាន​សាច់ប្រាក់​នោះ​ទេ ហើយ​ជនសង្ស័យ​ឈ្មោះ ញាណ សំបូរ ចេះ​តែ​ព្យាយាម​គេចវេះ​រហូត​មក​ដល់​ពេលនេះ។  តាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ ញាណ សំបូរ បាន​ឆ្លើយ​សារភាព​ថា គាត់​ពិតជា​បាន​ចេញ​មូលប្បទានប័ត្រ​ខាងលើ​នេះ​ទៅ​ជនរងគ្រោះ ដែល​មាន​ទឹក​ប្រាប់​ចំនួន ៥ ម៉ឺន (ប្រាំ​ម៉ឺន​ដុល្លារ) ពិត​ប្រាកដ​មែន។ ប្រាក់​ខាងលើ​នេះ គាត់​បង្វិល​ពី​ជនរងគ្រោះ​មក​ទិញ​ដី ដោយ​កំណត់​កាលបរិច្ឆេទ ថ្ងៃ​ទី ០២ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ឲ្យ​ជនរងគ្រោះ ទៅ​បើក​យក​ប្រាក់​វិញ​គ្រប់​ចំនួន។ តែ​ដល់​ថ្ងៃ​កំណត់ គាត់​មិន​មាន​ប្រាក់​ដាក់​បញ្ចូល​ក្នុង​មូលប្បទានប័ត្រ​ខាងលើ​នេះ​ឲ្យ​ជនរងគ្រោះ​នោះ​ទេ ហើយ​រហូត​មក​ដល់​ពេលនេះ គាត់​ក៏​មិន​ទាន់​មាន​ប្រាក់​សម្រាប់​ទូទាត់​ឲ្យ​ជនរងគ្រោះ​វិញ​នោះ​ដែរ។  បើ​តាម​ប្រភព ករណី«មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» នេះ មាន​ក្រដាស​សែក​ចំនួន ៤ សន្លឹក ទឹកប្រាក់​ជាង ៣០ ម៉ឺន​ដុល្លារ ប៉ុន្តែ​សែក​មិន​មាន​លុយ​ទាំងអស់។  បច្ចុប្បន្ន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង