សមត្ថកិច្ចក្រុងប៉ោយប៉ែត បញ្ចូនខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីកា.ប់ប្ល.ន់ម៉ូតូទៅស្នងការខេត្ត
ខេត្តបន្ទាយមានជ័យ៖ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជូនជនសង្ស័យ៤នាក់ ដែលធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ និងលួចកាច់សោករម៉ូតូទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន៤នាក់រួមមាន៖ ១.ឈ្មោះ រីណា ច័ន្ទហ្វី ភេទប្រុស អាយុ១៥ឆ្នាំ , ២.ឈ្មោះ រើក ធី ភេទប្រុស អាយុ១៥ឆ្នាំ , ៣.ឈ្មោះ វុធ សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ,៤.ឈ្មោះ សាំង ស៊ីឡូ ភេទប្រុស អាយុ១៨ឆ្នាំ ដែលអ្នកទាំង៤ រស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកបន្តថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចបុរីសុខស្រេង ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានករណីជនសង្ស័យ១ក្រុម មានគ្នា៤នាក់ប្រដាប់ដោយកាំបិត និងពូថៅ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះយកម៉ូតូ១គ្រឿង ម៉ាក់ហុងដាឌ្រីម ពាក់ស្លាកលេខ បន្ទាយមានជ័យ១X.៣១៤៥ តែយកមិនបាន ក៏ជិះម៉ូតូគេចខ្លួនបាត់ហើយក្រុមនេះ ក៏ជាមុខសញ្ញាកាច់សោ-កម៉ូតូ១គ្រឿង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងសិរីសោភ័ណ ផងដែរ។ លោកបានបន្ថែមទៀតថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនគរបាលក្រុងបានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាឃាត់ខ្លួនបាន៤នាក់ ដែលឃាត់បានកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងចំណោមនោះ មាន៣នាក់ខាងកាប់យកម៉ូតូ និងម្នាក់ទៀតជំនាញខាងលួចកាច់សោ-កម៉ូតូ…៕ សម្រួលដោយ ទៀង បុណ្ណរី