សូមប្រុងប្រយ័ត្ន! កម្ពុជានៅតែបន្តធ្លាក់ភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពេញមួយសប្តាហ៍

រាជធានី​ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះថា ចាប់ពីស្អែកកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យមដោយផ្នែកខ្លះអាចច្រើនព្រមទាំងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ពេញមួយសប្ដាហ៍បន្តទៀត ដោយសារតែទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីក្នុងកម្រិតពីខ្សោយទៅមធ្យម។  ក្រសួង​បានអះអាងថា៖ « មួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និង ខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម»។ ស្ថានភាព​បែប​នេះ ​នឹង​ធ្វើ​ឱ្យ​ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់នៅលើផ្ទៃប្រទេស ដោយក្នុងនោះនៅ​តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៦ ទៅ ២៨អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៦ទៅ ៣៨អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។  រីឯតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី ២៤ ទៅ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៥ ទៅ ៣៧អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងបង្គួរដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​ មានសីតុណ្ហភាពអប្បបរមាពី ២៥ទៅ ២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៣ ទៅ ៣៥អង្សាសេ ដែលអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅមធ្យម។ បន្តពីថ្ងៃទី២០-២៣ ខែឧសភា បរិមាណភ្លៀងអាចកើនក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕  សម្រួលដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង