អាជ្ញាធរនិងមន្ត្រីជំនាញជលផលខេត្តស្ទឹងត្រែង ប្រលែងត្រីមេពូជ ត្រីគល់រាំងនិងត្រីប្រាធំ ចូលក្នុងអន្លុងអភិរក្សនៅឃុំកោះព្រះ ក្នុងស្រុកសៀមបូក

ខេត្តស្ទឹងត្រែងៈ នៅថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៣ មន្ត្រីជំនាញជលផលខេត្តស្ទឹងត្រែង និងអាជ្ញាធរដែនដីស្រុកសៀមបូក ព្រមទាំងមន្ត្រីគម្រោងអច្ឆរិយភាព រួមគ្នារៀបចំនាំយកត្រីមេពូជ ចំនួន២ប្រភេទ មានត្រីគល់រាំង និងត្រីប្រាធំ ប្រលែងទៅក្នុងអន្លុងអភិរក្សនៅឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងពោលគឺដើម្បី បានបន្តពូជ ដល់សម្បូរបែបឡើងវិញនៅពេលអនាគតខាងមុខ។  ក្នុងពិធីលែងត្រីមេពូជនេះដែរ មានការសហការពីមន្ត្រីគម្រោងអច្ឆរិយភាព និងរដ្ឋបាលជលផលថ្នាក់ជាតិ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោកទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង ដោយនាំគ្នាលើកឡើងថាៈ សកម្មភាពលែងត្រីមេពូជ គឺបាន បង្ហាញដល់ប្រជាពលរដ្ឋយើងជាពិសេសប្រជាអ្នកនេសាទឱ្យពួកគាត់បង្កើនការការពារនិងនាំគ្នាចូលរួមអភិរក្សធនធានមច្ឆជាតិ ដែលយើងមានស្រាប់ នៅក្នុងរដូវបិទនេសាទនេះ ។   គ្រានោះដែរ លោក ស្រី សំវិចិត្ត  ប្រធានខណ្ឌជលផលស្ទឹងត្រែង បានឲ្យដឹងថាៈការងារអភិរក្សធនធានមច្ឆជាតិនៅតំបន់នេះ ខណ្ឌជលផលបានរៀបចំឱ្យ មានឆ្មាំនិងប្រជាសហគមន៍នេសាទប្រចាំការនៅទីស្នាក់ការ នៅភូមិសាស្ត្រនេះ ឱ្យធ្វើប្រតិបត្តិការ បង្ក្រាប់បទល្មើស ដើម្បីយើងការពារសត្វផ្សោតផង ត្រីមេពីពូជផង។  លោកប្រធានខណ្ឌរដ្ឋបាលជលផលខេត្តបានបញ្ជាក់ថាៈ ខាងលើនេះជាតំបន់លែងត្រីមេពូជ ហើយក៏ជាតំបន់ផ្សោតរស់នៅដែរ  ដូចនេះប្រជាអ្នកនេសាទត្រូវចៀសវាង កុំធ្វើនេសាទនៅតំបន់ហាមឃាតនេះ  ព្រោះធនធានធម្មជាតិដែលយើងអភិរក្សនេះជាផលប្រយោជន៍រួមទាំងអស់គ្នា ប្រការនេះសុំប្រជាអ្នកនេសាទ ត្រូវគោរពច្បាប់ជលផល និងអនុវត្តវិធានការ ការពារសម្បត្តិធនធានរបស់ខ្លួននៅតំបន់នេះ។  រីឯលោកស្រី ជា សីលា អ្នកគ្រប់គ្រងនិងសម្រាបសម្រួលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានយល់ថាៈ កិច្ចសហការលែងត្រីមេពូជ ជាត្រីប្រភេទជិតផុតពូជ  ដូចជាត្រីគល់រាំង និងត្រីប្រាធំនេះជាដើម  ។លោកស្រីបានបញ្ជាក់ថាៈ ត្រីដែលបានលែងទាំងនេះ យើងបានភ្ជាប់ឧបករណ៍តាមដាន ដាក់លើខ្លួនត្រីទៅជាមួយ  ងាយស្រួលតាមដាន មើលការបំលាស់ទី  និងការវិវត្តន៍របស់វា  ថាតើទទួលបានការជួយថែរក្សា និងតពូជពង់  ពងកូន ទៅតំបន់ណាខ្លះ  និងឱ្យប្រជាអ្នកនេសាទជួយអភិរក្ស ដោយយកចិត្តទុកដាក់បំផុត។  គួរបញ្ចាក់ដែលថាៈ ត្រីមេពូជ  គល់រាំងនិងត្រីប្រាធំ បានលែងខាងលើនោះ មានចំនួន១០០ក្បាល់  ដើម្បីបង្ហាញពីការអភិរក្ស ពពួកត្រីជិតផុតពូជ   ព្រោះត្រីគល់រាំង ជាអត្តសញ្ញាណជាតិ តំណាងឱ្យធនធានជលផល នៃព្រះរាជាណាចក្រកម្ពុជាយើង   អនាគតកុំឱ្យផុតពូជ។   (ដោយសហការី tnm ស្ទឹងត្រែង)  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង