បាញ់ ៦០ គ្រាប់ សាកអាវុធថ្មី ផ្អើលអ្នកស្រុក សមត្ថកិច្ចស្រាវជ្រាវចាប់បាន ៣ នាក់

សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនមនុស្សចំនួន ៣ នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធ ៦០ គ្រាប់ ផ្អើលអ្នកស្រុក នៅ​វាលស្រែ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ខណៈក្រុមជនសង្ស័យឆ្លើយថា «ជាការសាកអាវុធដែលទើបទិញថ្មី។  លោក​វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការ​រង​ទទួល​បន្ទុក បាន​ឲ្យ​ដឹង​ថា តាម​បទបញ្ជា​ពី​លោក​ស្នងការ​ខេត្ត កាលពី​ថ្ងៃ​ទី ១១ ខែ​ឧសភា ឆ្នាំ ២០២៣ លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​ស្នងការ ចុះ​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​បាណន់ និង​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ចំនួន ០១ ករណី ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​អាវុធ​ចំណុច​ខាងលើ ចំនួន ០៣ នាក់ និង​ដកហូត​បាន​អាវុធ​ខ្លី ០២ ដើម, គ្រាប់​មួយ​ចំនួន និង​រថយន្ត​ជា​មធ្យោបាយ​ផង​ដែរ។ ក្រោយ​ធ្វើ​សកម្មភាព​បាញ់​បោះ​រួច ជនសង្ស័យ បាន​ជិះ​រថយន្ត​ចាកចេញ​ពី​ទីកន្លែង​នោះ​ទៅ​បាត់ ដោយ​បន្សល់ទុក​ការ​ងឿងឆ្ងល់​ចំពោះ​មហាជន​នៅ​ទីនោះ ហើយ​សមត្ថកិច្ច​នគរបាល​ស្រុក​បាណន់ ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ តែម្ដង រហូត​កំណត់​បាន​មុខសញ្ញា។  ករណី​ខាងលើ​បើ​តាម​សម្ដី​លោក​វរសេនីយ៍ទោ សំ វីរះ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ១០ ខែ​ឧសភា ឆ្នាំ ២០២៣ ជនសង្ស័យ​បាន​ប្រើប្រាស់​អាវុធ​ចំនួន ០៤ ដើម បាញ់​អស់ ៦០ គ្រាប់ នៅ​ទីតាំង​ខាងលើ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល។ បន្ថែម​នោះ ការ​បាញ់​នេះ​ជា​ការ​សាក​អាវុធ​ថ្មី​របស់​ជនសង្ស័យ​ដែល​ទើប​ទិញ​បាន។ ចំពោះ​មូលហេតុ​ដែល​គេ​ទិញ​អាវុធ​មក​ប្រើប្រាស់​ដោយ​ខុសច្បាប់​បែបនេះ គឺ​គេ​មាន​បំណង​យក​មក​ការពារ​ខ្លួន​ប៉ុណ្ណោះ។  លោក​បន្ត​ថា ជនសង្ស័យ​ចំនួន ០៣ នាក់ ដែល​បាន​ឃាត់ខ្លួន​នា​ពេលនេះ​រួមមាន ៖ ១-ឈ្មោះ ធុល សីហា ភេទ​ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ ២-ឈ្មោះ ទៀង ច័ន្ទឌីណា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​ចុង​ទំនប់ សង្កាត់​ក្តុល​ដួន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ ៣-ឈ្មោះ ស៊ីង កុកឃាង ភេទ​ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​បវេល ឃុំ​បវេល ស្រុក​បវេល ខេត្ត​បាត់ដំបង។ ចំណែក​ឯ​វត្ថុតាង​ដកហូត​បាន​រួមមាន ៖ អាវុធ​ខ្លី​ម៉ាក RETAY ពណ៌​ខ្មៅ ចំនួន ០២ ដើម បង់ និង​គ្រាប់​មួយ​ចំនួន​ផង។ រថយន្ត​ម៉ាក PRUIS ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១០ ស្លាក​លេខ ភ្នំពេញ  2BU-7671 មួយ​គ្រឿង។  លោក ឈឿង គឹមសុង បញ្ជាក់​ថា ករណី​នេះ នៅ​ពេលនេះ​មាន​បក្ខពួក​ជនសង្ស័យ​ផ្សេង​ទៀត រួម​ទាំង​អាវុធ​ខ្លី​ផង សមត្ថកិច្ច​ក៏​កំណត់​មុខសញ្ញា​បាន​ហើយ​ដែរ កំពុង​តាម​ប្រមាញ់​យក​មក​ផ្ដន្ទាទោស តាម​ផ្លូវ​ច្បាប់៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង